ខេត្តសៀមរាប ៖ ដោយអនុវត្តតាមបទបញ្ជាដ៏ម៉ឹងម៉ាត់របស់លោកឧត្តមសេនីយ៍ទោហ៊ួតសុធីស្នងការនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប កម្លាំងអធិការដ្ឋាននគរបាលស្រុកស្វាយលើ អនុវត្តតាមវេនប្រចាំការនិងប្រចាំបញ្ជា ដើម្បីរង់ចាំទទួលបទបញ្ជា ក៏ដូចជាទទួលពាក្យបណ្ដឹងសេចក្តីរាយការណ៍ ពីប្រជាពលរដ្ឋជាប្រចាំជាក់ស្ដែង នៅថ្ងៃទី០៦ ខែមិនា ឆ្នាំ២០២៥ វេលាម៉ោង ៥ និង ១៥នាទីព្រឹក
លោកវរសេនីយ៍ទោ យឹប យ៉ុងឈាង អធិការនគរបាលស្រុកស្វាយលើ បានទទួលសេចក្តីរាយការណ៍តាមទូរសព្ទ ពីប្រជាពលរដ្ឋរស់នៅឃុំស្រយ៉ង់ ស្រុកគូលែន ខេត្តព្រះវិហារ ថាមានករណី ក្មេងទំនើងមួយក្រុម មានគ្នា ០៦នាក់ ម៉ូតូចំនួន ០២ គ្រឿង បានធ្វើសកម្មភាព កាប់ទៅលើ ជនរងគ្រោះឈ្មោះ សាក់ ប៊ុនលី ភេទប្រុស អាយុ៣៧ឆ្នាំ មុខរបរកសិករ រស់នៅភូមិឃុំកើតហេតុខាងលើ កាប់និងកាំបិតបណ្ដាលឲ្យរបួសធ្ងន់ធ្ងរ និងយកទូរសព្ទរបស់ជនរងគ្រោះទៅជាមួយផង ដោយបើកម៉ូតូគេចខ្លួនទិសដៅ ចូលមកស្រុកស្វាយលើភ្លាមនោះ លោកវរសេនីយ៍ទោ យឹប យ៉ុងឈាង អធិការនគរបាលស្រុក បានបញ្ជាកម្លាំងអធិការដ្ឋាន និងប៉ុស្តិ៍រដ្ឋបាលស្វាយលើ ប៉ុស្តិ៍រដ្ឋបាលបឹងមាលា ធ្វើការដាក់បារ៉ាស់ដើម្បីស្ទាក់ឃាត់មុខសញ្ញាសង្ស័យខាងលើ។
នៅចំណុចមុខអធិការដ្ឋានស្រុកស្វាយលើ នៅពេលក្រុមជនសង្ស័យជិះមកដល់ ហើយឃើញសមត្ថកិច្ចដាក់បារ៉ាស់បែបនេះ ក៏ជិះត្រឡប់ក្រោយគេចខ្លួន។ មិនបង្អង់យូរកម្លាំងក៏បានដេញតាមប្រផាប់ចាប់ប្រភីង រហូតដល់ឃាត់ខ្លួនបានជនសង្ស័យ ០៦ នាក់។
ជនសង្ស័យទាំង០៦នាក់នោះមាន ទី១.ឈ្មោះ គឹម ពុទ្ធិរាសី ភេទប្រុស អាយុ១៦ឆ្នាំ មុខរបរកម្មករ រស់នៅភូមិវត្តរំដួល ឃុំចំការសំរោង ស្រុកសង្កែ ខេត្តបាត់បង ទី២.ឈ្មោះ ប្រាក់ សុវណ្ណបញ្ញា ភេទប្រុស អាយុ១៧ ឆ្នាំ មុខរបរកម្មករ រស់នៅភូមិព្រែកមហាទេព ឃុំស្វាយប៉ោ ស្រុកបាត់ដំបង ខេត្តបាត់ដំបង ទី៣.ឈ្មោះ ដា រ៉ានុត ហៅផាំង ភេទប្រុស អាយុ១៤ឆ្នាំ មុខរបរកម្មករ រស់នៅភូមិអញ្ចាញ សង្កាត់អូរចារ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ទី៤.ឈ្មោះ សិដ្ឋ រ៉ាស៊ីន ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរកម្មករ រស់នៅភូមិរំចេក០៣ សង្កាត់រតនៈ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ទី៥.ឈ្មោះ នាត់ ធានសឹង ភេទប្រុស អាយុ១៦ឆ្នាំ មុខរបរកម្មករ រស់នៅភូមិអូរចា សង្កាត់អូរចា ក្រុងបាត់ដំបង ខេត្តបាត់ដំបង និង ទី៦.ឈ្មោះ ថុនា រដ្ឋា ភេទស្រី អាយុ១៦ឆ្នាំ មុខរបរ កសិករ រស់នៅភូមិបាណន់ ឃុំកន្ទឺ២ ស្រុកបាណន់ ខេត្តបាត់ដំបង ដោយដកហូតវត្ថុតាងបានរួមមាន ម៉ូតូ ម៉ាកហុងដាឌ្រីមសេរីឆ្នាំ២០២៤ ពណ៌ខ្មៅ ផ្លាកលេខៈបាត់ដំបង 1AU-3332 លេខតួ/លេខម៉ាស៊ីន 0113936 ម៉ូតូម៉ាកហុងដាឌ្រីម សេរីឆ្នាំ២០២៥ ពណ៌ខ្មៅ ផ្លាកលេខ(ពន្ទ) ជាម៉ូតូបង់រំលោះ លេខតួ/លេម៉ាស៊ីន 0277939 ទូរសព្ទចំនួន០៦គ្រឿងមាន: ម៉ាក I PHONE 12PROMAX ចំនួន០៣គ្រឿង, ម៉ាកI PHONE 6S ចំនួន០១គ្រឿង ពណ៌ស ,ម៉ាក realme ពណ៌ទឹកសមុទ្រ ចំនួន០១គ្រឿង , និងម៉ាក OPPO A5 ពណ៌ខ្មៅ ចំនួន០១គ្រឿង។
ក្រោយពេលធ្វើការសាកសួរសួរជន សង្ស័យទាំង ០៦នាក់ ខាងលើបានឆ្លើយសារភាពថា ពួកខ្លួនពិតជាបានធ្វើសកម្មភាព ករណីខាងលើនេះ ពិតប្រាកដមែន ។
ជនសង្ស័យ និងវត្ថុត្រូវបាននគរបាលជំនាញ នៃអធិដ្ឋាននគរបាលស្រុកស្វាយលើ ក៍បានប្រគល់ឱ្យជូនសមត្ថកិច្ច នគរបាលស្រុកគូលេន នៃខេត្តព្រះវិហារ ដើម្បីបន្តនីតិវិធីតាមផ្លូវច្បាប់ផងដែរ៕KD