Wednesday, March 12, 2025

សមត្ថកិច្ចឃាត់ខ្លួនបុរសម្នាក់ ខណៈព្យាយាមរត់គេ បន្ទាប់ពីបាញ់សម្លាប់អ្នកភូមិជាមួយគ្នា(វីដេអូ)

ខេត្តសៀមរាប ៖ កម្លាំងអធិការដ្ឋាននគរបាលស្រុកស្វាយលើ សហការជាមួយកម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ និងកម្លាំងអាវុធហត្ថ បានចាប់ឃាត់ខ្លួនបុរសម្នាក់ឈ្មោះ លឹម វ៉ាន់ អាយុ ៣៧ឆ្នាំ រស់នៅភូមិថ្មជ្រួញ ឃុំខ្នងភ្នំ ស្រុកស្វាយលើ ខេត្តសៀមរាប នៅវេលាម៉ោង ០៧ និង ០០នាទី ថ្ងៃទី០៥ ខែមីនាឆ្នាំ២០២៥។ ប្រភពបានបញ្ជាក់ឲ្យដឹងថា ការឃាត់ខ្លួនបរុសខាងលើនេះ ធ្វើឡើងខណះពេលបុរសជាប់សង្ស័យរូបនេះព្យាយាមចុះពីលើភ្នំរត់គេចខ្លួន នៅចំណុចដូនអិន ភូមិគោលថ្មី ឃុំពពេល ស្រុកសូទ្រនិគម ខេត្តសៀមរាប បន្ទាប់ពីបានយកកាំភ្លើងកែច្នៃ បាញ់ទៅលើជនរងគ្រោះម្នាក់បណ្ដាលឲ្យស្លាប់បាត់បង់ជីវិត នៅត្រង់ចំណុចផ្ទះរបស់ឈ្មោះ សួន ចន្ទ ស្ថិតនៅភូមិថ្មជ្រួញ ឃុំខ្នងភ្នំ ស្រុកស្វាយលើ ខេត្តសៀមរាប កាលពីវេលាម៉ោង ២១ និង០៥នាទី ថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២៥ ។

ប្រភពបន្តថា នេះជាបទល្មើសឧក្រិដ្ឋ ក្នុងករណី ឃាតកម្ម បាញ់សម្លាប់ដោយប្រើអាវុធកែច្នៃ (កាំភ្លើងឆ្នុក) កើតហេតុនៅថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២៥ វេលាម៉ោង ២១ និង០៥នាទី នៅចំណុចផ្ទះរបស់ឈ្មោះ សួន ចន្ទ ស្ថិតនៅភូមិថ្មជ្រួញ ឃុំខ្នងភ្នំ ស្រុកស្វាយលើ ខេត្តសៀមរាប បង្កឡើងដោយឈ្មោះ លឹម វ៉ាន់ ភេទប្រុស អាយុ ៣៧ឆ្នាំ រស់នៅភូមិថ្មជ្រួញ ឃុំខ្នងភ្នំ ស្រុកស្វាយលើ ខេត្តសៀមរាប ដោយមានជនរងគ្រោះឈ្មោះ ឌុក ឌឿម ភេទប្រុស អាយុ ៥០ឆ្នាំ រស់នៅភូមិអន្លង់ធំ ឃុំខ្នងភ្នំ ស្រុកស្វាយលើខេត្តសៀមរាប ស្លាប់បាត់បង់ជីវិត។

ប្រភពបានរៀបរាប់សាវតារឿងឲ្យដឹងថា កាលពីវេលាម៉ោង ២០ និង៣០នាទី ថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២៥ ឈ្មោះ លឹម វ៉ាន់ បានផឹកស្រារាំលេងជាមួយឈ្មោះ ភឿន ផិត ភេទប្រុស អាយុ ៥២ឆ្នាំ ដោយឈ្មោះ លឹម វ៉ាន់ បានយកដៃវាយត្រូវចំពងស្វាស(ពងក្ត) របស់ឈ្មោះ ភឿន ផិត មួយទំហឹង ធ្វើឱ្យឈ្មោះ ភឿន ផិត ឈឺ ហើយមានកំហឹងក៏បានយកកៅអីជ័រដែលនៅក្បែរដៃ វាយទៅលើឈ្មោះ លឹម វ៉ាន់ វិញ បណ្តាលឱ្យបែកក្បាល បន្ទាប់មកឈ្មោះ លឹម វ៉ាន់ បានដើរចេញទៅបាត់ លុះដល់វេលាម៉ោង២១ និង០៥នាទីថ្ងៃដដែរឈ្មោះ ឌុក ឌឿម (ជនរងគ្រោះ) បាននាំគ្នាផឹកនៅផ្ទះរបស់ឈ្មោះសួន ចន្ទ ក្នុងភូមិថ្មជ្រួញ ឃុំខ្នងភ្នំ ស្រុកស្វាយលើ ខេត្តសៀមរាប ស្រាប់តែឈ្មោះ លឹម វ៉ាន់ មិនដឹងថាដើមកពីណាហើយបានធ្វើសកម្មភាពប្រើកាំភ្លើងឆ្នុក លបបាញ់ឈ្មោះ ឌុក ឌឿម ចំនួន ០១គ្រាប់ ត្រូវចំក្រោមស្លាបប្រចៀវខាងឆ្វេង ធ្លុះទៅដើមដោះខាងឆ្វេង ហើយឈ្មោះ លឹម វ៉ាន់ បានកាន់អាវុធខាងលើ រត់គេចខ្លួនទៅទិសខាងជើងឈៀងខាងលិចបាត់ទៅ  ចំណែកឈ្មោះ ឌុក ឌឿម ត្រូវបានបញ្ជូនទៅសង្គ្រោះភ្លាមៗនៅមណ្ឌលសុខភាពអន្លង់ធំ ប៉ុន្តែឈ្មោះ ឌុក ឌឿម បានស្លាប់បាត់បង់ជីវិតទៅហើយ៕KD

 

ព័ត៌មានពេញនិយម