កំពង់ចាម៖ សមត្ថកិច្ចកងរាជអាវុធហត្ថ បានបញ្ជូនខ្លួន លោក សោម សំសក្ត័ ដែលជាជនសង្ស័យ ទៅកាន់សាលាដំបូងខេត្តកំពង់ចាមហើយ កាលពីព្រឹកថ្ងៃទី ២៧ ខែតុលា ឆ្នាំ២០២២។
ប្រភពបានឱ្យដឹងថា ក្នុងទីបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ចាម មានបុរសម្នាក់ក្នុងសំលៀកបំពាក់ខោរពណ៍ខៀវ និងអាវពណ៍ទឹកប៊ុិច ដែលគេស្គាល់ច្បាស់ថាជា លោក សោម សំសក្ដិ មានកម្លាំងកងរាជអាវុធហត្ថ ចាប់ក្រៀកឆ្វេងស្តាំបណ្តើរជនជាប់ចោទបញ្ចូលទៅក្នុង រថយន្តសារ៉ែន ហើយបើកឆ្ពោះទៅកាន់តុលាការ។
ប្រភពបន្តថា ការនាំខ្លួននេះគឺស្ថិតក្នុងដំណាក់កាលនៃអយ្យការ នៅឡើយ។
គេនៅមិនទាន់ដឹងថា ជនសង្ស័យ នឹងមានវាសនា រួចផុតពីការឃុំខ្លួនឬយ៉ាងណានោះទេ?
ប្រភពបញ្ជាក់ថា រហូតមកដល់ពេលនេះ គេនៅពុំទាន់អាចទទួលព័ត៌មានលម្អិតរឿងនេះ អំពីអ្នកនាំពាក្យសាលាដំបូងខេត្តកំពង់ចាមបាននៅឡើយទេ។
ចំណែកមហាជនដែលកំពុងតាមដានរឿងដ៏កក្រើកមួយនេះ ក៏កំពុងរងចាំមើលផងដែរ ថាតើសំណុំរឿងព្រហ្មទណ្ឌមួយនេះ ជនសង្ស័យគាត់នឹងទទួលលទ្ធផលបែបណា?
សូមរំលឹកថា លោក សោម សំសក្តិ គឺជា នាយកទីចាត់ការហិរញ្ញវត្ថុសាលាខេត្តសៀមរាប ត្រូវកម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ចាម សហការជាមួយកម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចាប់ខ្លួនកាលពីវេលាម៉ោង ១១និង ៣០នាទី ថ្ងៃទី២៦ ខែតុលាឆ្នាំ ២០២២ នៅទីក្រុងភ្នំពេញ តាមអំណាចនៃដីការបង្គាប់ឱ្យនាំខ្លួន របស់ ចៅក្រមស៊ើបសួរ សួស ឡា នៃសាលាដំបូងខេត្តកំពង់ចាម លេខ ៧៦៣ ពស ចុះថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២២ និងមានដីការបញ្ជូន ផ្ញើជួនលោកមេបញ្ជាការកងរាជហត្ថខេត្តកំពង់ចាម របស់ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តកំពង់ចាម លោក វង្ស ប៊ុនវិសុទ្ធ លេខ២២៩៧ អយក ចុះថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២២។
ដីការបញ្ជាក់ថា សម្រេចឱ្យចាប់នាំខ្លួន គ្រាដែលជនត្រូវចោទរូបនេះ មិនបានចូលខ្លួនតាមដីការបង្គាប់ឱ្យចូលខ្លួនឡើយ និងដោយមានពិរុទ្ធភាព លើជនត្រូវចោទរូបនេះ ពីបទ ជេរប្រមាថជាសាធារណៈ ហិង្សាដោយចេតនា និងប៉ុនបងមនុស្សឃាត ដែលប្រព្រឹត្តនៅត្រង់ចំណុចភោជនីយដ្ឋាននាគមាស ស្ថិតក្នុងភូមិមណ្ឌល២ សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប កាលពីថ្ងៃទី ១៤ ខែមិថុនា ឆ្នាំ ២០២២ តាមបណ្ដឹងរបស់ លោកស្រី ផាត់សុជឿន៕នាគស