ខេត្តសៀមរាប ៖ នៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៥ អង្គភាពនគរបាលទេចរណ៍ប្រចាំខេត្តសៀមរាប សហការជាមួយមន្ទីរទេសចរណ៍ខេត្ត បានកោះអញ្ជើញអ្នកបកប្រែភាសាបន្ត ពីមគ្គុទេ្ទសក៏ទេសចរណ៍សម្រាប់ទេសចរកូរ៉េ មកធ្វើការអប់រំណែនាំ ធ្វេីកិច្ចសន្យា និងលិខិតសុំទោសជាសាធារណៈ លើករណីដែលគាត់បានបន្ទោបង់ (នោមដាក់ដប) នៅបរិវេណផ្លូវចូលខាងលិចឈៀងខាងជើងនៃប្រាសាទអង្គរវត្ត ដែលបានបែកធ្លាយវីដេអូ កាលពីថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៥កន្លងទៅ និងបាន រងនូវការរិះគន់យ៉ាងចាស់ដៃ ពីសំណាក់ប្រជាជនកម្ពុជានោះហើយ។
សមត្ថកិច្ចប្រាប់ថា បុរសជនជាតិកូរ៉េ ដែលបានធ្វើទង្វើមិនគប្បី(នោមដាក់ដប) នោះមានឈ្មោះ ហ្វាង ប៊ុកដុង (HWANG BOGDONG) កាន់លិខិតឆ្លងដែនលេខ M៧៦៨R៧៧៦៥ អាយុ ៦១ឆ្នាំ មានមុខរបរជាអ្នកបកប្រែបន្តភាសាកូរ៉េ នៅខេត្តសៀមរាប ស្នាក់នៅក្រុងសៀមរាប ខេត្តសៀមរាប។
សមត្ថកិច្ចបន្តថា មូលហេតុបុរសជនជាតិកូរ៉េខាងលើ ប្រព្រឹត្តទង្វើមិនគប្បីបែបនេះព្រោះគាត់មានជំងឺខ្សោយតម្រងនោមរ៊ាំរ៉ៃ មិនអាចគ្រប់គ្រងការបន្ទោបង់ របស់គាត់បានទាន់ពេលវេលា។
សមត្ថកិច្ចបានបញ្ជាក់ថា បុរសខាងលើ បានមកធ្វើកិច្ចសន្យា ហើយក៍បានយល់ព្រមចេញវីដេអូសុំទោសថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ និងប្រជាជនកម្ពុជា ដេីម្បីកុំឱ្យមានការប៉ះពាល់ដល់កិត្តិយស សេចក្តីថ្លៃថ្នូនៃប្រាង្គប្រាសាទ ភ្ញៀវទេសចរ ប្រជាជនកម្ពុជា និងថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ផងដែរ មិនតែប៉ុណ្ណោះគាត់បានស្ម័គ្រចិត្តប្រគល់អាជ្ញាប័ណ្ណមកឲ្យខាងមន្ទីរទេសចរណ៍ ដើម្បីរក្សាទុកបណ្តោះអាសន្ន ហើយពេលព្យាបាលបានធូស្រាលពីជំងឺគាត់នឹងស្នេីសុំការសម្រេចជាថ្មីពីស្ថាប័នជំនាញ៕KD