ខេត្តសៀមរាប ៖ ដោយមានការយកចិត្តទុកដាក់ជាប្រចាំពីសំណាក់លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្តសៀមរាប ចំពោះប្រជាពលរដ្ឋក្នុងខេត្តសៀមរាប ទាំងមូល អំពីបញ្ហាសន្តិសុខ សុវត្តិភាព និងមានកិច្ចសម្របសម្រួលនីតិវិធីពីឯកឧត្តម មាស ច័ន្ទពិសិដ្ឋ ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តសៀមរាប នៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៥ នៅវេលាម៉ោង១១ និង០០នាទី សមត្ថកិច្ចទទួលបានសេចក្ដីរាយការណ៍មកថា មានករណី អំពើលួច (លួចម៉ូតូ) កើតហេតុនៅចំណុចទំនប់បឹងផ្ដៅ ស្ថិតក្នុងភូមិច្រេស ឃុំកណ្ដែក ស្រុកប្រាសាទបាគង ខេត្តសៀមរាប ។
ប្រភពពីសមត្ថកិច្ចបានឲ្យដឹងដែរថា បន្ទាប់ពីទទួលបានព័ត៍មានករណីខាងលើ លោកឧត្តមសេនីយ៍ទោ ស្នងការ នគរបាលខេត្តសៀមរាប បានដាក់បទបញ្ជាដ៏ម៉ឺងម៉ាត់ ចាត់មន្រ្តីក្រោមឱវាទ ឱ្យចុះធ្វើការស្រាវជ្រាវភ្លាមៗ រហូតឃាត់ខ្លួនជនល្មើសចំនួន២នាក់ ជាមុខសញ្ញាប្រព្រឹត្តបទល្មើសយ៉ាងសកម្ម ក្នុងខេត្តសៀមរាប។
សមត្ថកិច្ចបន្តថា ជនសង្ស័យទាំង ២នាក់ មានឈ្មោះ រឿម គង់ ភេទប្រុស អាយុ៤៥ឆ្នាំ មានទីលំនៅបច្ចុប្បន្ន ភូមិភ្នំក្រោម សង្កាត់សៀមរាប ក្រុងសៀមរាប ខេត្តសៀមរាប និង ឈ្មោះ ពុត កុសន ភេទប្រុស អាយុ៣២ឆ្នាំ មានទីលំនៅបច្ចុប្បន្ន ភូមិតានីធម្មជាតិ សង្កាត់រុនតាឯក ក្រុងរុនតាឯកតេជោសែន ខេត្តសៀមរាប ។
សមត្ថកិច្ចបន្ថែមថា កាលពីថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ ២០២៥ វេលាម៉ោង ៨ និង០០នាទីព្រឹក ជនរងគ្រោះឈ្មោះ រ៉េត រី ភេទ ប្រុស អាយុ៤៧ឆ្នាំ រស់នៅភូមិឃុនមោឃ ឃុំកណ្ដែក ស្រុកប្រាសាទបាគង បានជិះម៉ូតូចំនួន០១គ្រឿងម៉ាកសង់ សេរីឆ្នាំ២០២១ ពណ៏ខ្មៅ ពាក់ផ្លាកលេខសៀមរាប ១Ak-៦៦៣៣ លេខតួលេខម៉ាស៊ីន ៥៩២៣២២១ ទៅមើលលបដាក់ត្រី នៅចំណុចកើតហេតុ ពេលទៅដល់ជនរងគ្រោះបានទុកម៉ូតូក្បែរទំនប់ទឹក ហើយបានដកកូនសោដាក់ក្នុងហោប៉ៅ បន្ទាប់មកទៅមើលលបដែលដាក់ត្រី លុះដល់វេលាម៉ោង១១ និង០០នាទីថ្ងៃត្រង់ ជនរងគ្រោះបានរាយការណ៍ជូនសមត្ថកិច្ចថា មានករណី អំពើលួច ។
ក្រោយពីទទួលបានព័ត៌មាន កម្លាំងផែនការងារនគរបាលព្រហ្មទណ្ឌ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកប្រាសាទបាគង ចុះធ្វើការស្រាវជ្រាវរហូតដល់វេលាម៉ោង ១៣ និង០០នាទី ថ្ងៃខែឆ្នាំដដែល ទើបឃាត់ខ្លួនជនល្មើសទាំង០២នាក់បាន និងនាំខ្លួនយកមកសួរនាំ។
យោងតាមចម្លើយជនល្មើសទាំង០២នាក់ខាងលើ បានឆ្លើយសារភាពថា ពួកខ្លួនទាំង០២នាក់ ពិតជាបានធ្វើសកម្មភាពលួចម៉ូតូ របស់ជនរងគ្រោះខាងលើពិតប្រាកដមែន។ ហើយបានឆ្លើយសារភាពបន្ថែមទៀតថា ពួកខ្លួនបានធ្វើសកម្មភាពលួចច្រើនលើកក្នុងក្រុងសៀមរាប និងតាមបណ្ដាស្រុកផ្សេងទៀត ដោយប្រើប្រាស់រូបភាពជាអ្នកសារព័ត៌មាន ឬមន្រ្តីអង្គការ ជិះរកមើលម៉ូតូណាដែលទុកប្រហែស ពុំមានចាក់សោសុវត្ថិភាព ពួកខ្លួនធ្វើសកម្មភាព លួច នៅពេលដែលប្រជាពលរដ្ឋឃើញ ពួកខ្លួនបានយកកាត់សម្គាល់ខ្លួន មកបង្ហាញ និងអះអាងថា ជាអ្នកសារព័ត៌មាន ឬមន្រ្តីអង្កការ មានឱកាសនាំគ្នាជិះម៉ូតូគេចខ្លួនតែម្ដង ។ ក្នុងប្រតិបត្តិការនេះ សមត្ថកិច្ចដកហូតបានវត្ថុតាងពីជនសង្ស័យមាន ១-ម៉ូតូចំនួន២គ្រឿង ម៉ូតូទី១ ម៉ាក់សង់ សេរីឆ្នាំ២០២១ ពណ័ខ្មៅ ផ្លាកលេខសៀមរាប ១AK-៦៦៣៣ ( របស់ជនរងគ្រោះ ) និងម៉ូតូទី២ ម៉ាកសង់ សេរីឆ្នាំ ២០១៥ ឡើងតែម ២០១៦ ផ្លាកលេខសៀមរាប ១B-៦៨៥៣ លេខតួលេខម៉ាស៊ីន (ត្រូវបានឈូសលុបរបស់ជនល្មើសជិះសម្រាប់ធ្វើសកម្មភាព ) ។
២-កូនសោរ ចំនួន៣ , ដង្កាប់ចំនួន៤ ,ម៉ាលេតចំនួន១ ,ខ្សែលួសមួយចំនួន (ឧបករណ៍សម្រាប់ប្រព្រឹត្តបទល្មើស ) ។
សមត្ថកិច្ចបញ្ជាក់ថា បច្ចុប្បន្នជនល្មើសទាំង០២នាក់ខាងលើ ត្រូវបានតុលាការសម្រេចឃុំខ្លួនរួចហើយ ពាក់ព័ន្ធនឹងករណីចំនួន០២ ៖ ទី១ករណី អំពើលួច (លួចម៉ូតូ) និងទី២ករណី ប្រើប្រាស់ឯកសារក្លែង។
លោកឧត្តមសេនីយ៍ទោ ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានធ្វើការអំពាវនាវ ដល់បងប្អូនក្នុងខេត្តសៀមរាបទាំងអស់ សូមបង្កើនការប្រុងប្រយ័ត្ន កុំធ្វេសប្រហែលទុកម៉ូតូចោលនៅតាមទីវាល ដោយពុំបានចាក់សោសុវត្ថិភាព និងជាពិសេសកុំចាញ់បោកមុខសញ្ញា ដែលក្លែងខ្លួនជាអ្នកសារព័ត៍មាន ឬមន្រ្តីអង្កការដូចករណីខាងលើ៕KD