ខេត្តសៀមរាប ៖ នៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៥នេះ មានផ្ទះការរិះគន់យ៉ាងចាស់ដៃ ក្រោយបែកធ្លាយវីដេអូ ប្រជាពលរដ្ឋថតបាន ករណីបុរសជនបរទេសម្នាក់ឈរនោមដាក់ដប ហើយជះទៅលើស្មៅនៅមុខប្រាសាទអង្គរវត្តដ៍ល្បីល្បាញ ដែលជានិមិត្តរូបដួងព្រលឹងជាតិខ្មែរ ស្ថិតក្នុងភូមិក្រវ៉ាន់ សង្កាត់នគរធំ ក្រុងសៀមរាប ខេត្តសៀមរាប។
បុរសដែលនោមដាក់ដបនោះ ត្រូវបានប្រជាពលរដ្ឋប្រាប់ឲ្យដឹងថា ជាជនជាតិកូរ៉េខាងត្បូង មិនស្គាល់ឈ្មោះ មានមុខរបរជាមគ្គុទ្ទេសក៍និយាយភាសាកូរ៉េ និងបកប្រែនាំភ្ញៀវទេសចរណ៍ជនជាតិកូរ៉េដោយខ្លួនឯង និងគ្រាន់តែជួលមគ្គុទ្ទេសក៍ជនជាតិខ្មែរយើងដើរអមហើយមិនឲ្យនិយាយអ្វីអំពីប្រាសាទ វប្បធម៌ និងអរិយធម៌ខ្មែរទាំងអស់។
ប្រជាពលរដ្ឋបន្តថា បុរសជនជាតិកូរ៉េនេះសង្ស័យកុននោមខ្លាំងទើបទុកភ្ញៀវចោល ហើយដើរទៅជ្រុងខាងជើងខ្លោងទ្វារស្ដេច បែរមុខទៅខាងលិចឈាងខាងជើងរួច ធ្វើសកម្មភាពនោមដាក់ដបនិងចាក់ជះទៅលើស្មៅ នៅមុខមហាជន ភ្ញៀវជាតិ និងអន្តរជាតិដែលកំពុងអញ្ជើញធ្វើដំណើរចេញចូលទស្សនា ដោយភាពស្ញប់ស្ញែងប្រាសាទដូនតា ដូងព្រលឹង អត្តសញ្ញាណជនជាតិខ្មែរ យ៉ាងដូច្នេះ។
ប្រជាពលរដ្ឋបានបញ្ជាក់ថា ជារៀងរាល់ថ្ងៃគេតែងតែឃើញមានបុរស-ស្ត្រីជនជាតិកូរ៉េខាងត្បូង និងជនជាតិដ៍ទៃទៀត ជាច្រើននាក់ បានដឹកនាំភ្ញៀវជនជាតិរបស់ខ្លួនទស្សនាប្រាសាទ ដោយធ្វើការបកស្រាយ អំពីប្រវត្តិសាស្ត្រ វប្បធម៌ អរិយធម៌ ស្ថាបត្យកម្ម តម្លៃនិមិត្តរូប ប្រាសាទដូនតា ដូងព្រលឹងខ្មែរ ដោយខ្លួនឯង មិនឲ្យមគ្គុទ្ទេសក៍ជនជាតិខ្មែរធ្វើការបកស្រាយនោះទេ ហើយគេមិនដឹងថា ពួកគាត់បានបរិយាយអំពីអ្វី ឆ្លុះបញ្ចាំងអំពីតថភាពរបស់កម្ពុជាដែរឬទេ? ហើយសកម្មភាពទាំងនេះអាចនឹងធ្វើឲ្យបាត់បង់សមត្ថភាព អត្តិភាពការងាររបស់ប្រជាពលរដ្ឋកម្ពុជាដែរឬទេ? តើប្រជាពលរដ្ឋកម្ពុជាទទួលបានអ្វីខ្លះ? បើសូម្បីតែចូលហាងក៍ជាហាងកូរ៉េ ហូបបាយហាងកូរ៉េ ដែរនោះ?
មហាជនបានធ្វើការគោរពស្នើសុំ អាជ្ញាធរពាក់ព័ន្ធ ថ្នាក់ដឹកនាំមន្ទីរខេត្ត ឯកឧត្តមអភិបាលខេត្ត និងជាពិសេសសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា មេត្តាចាត់វិធានការលើបុរសខាងលើនេះ និងលុបបំបាត់មគ្គុទ្ទេសក៍ដែលជាជនជាតិបរទេស ដើម្បីបង្កើនការងារដល់មគ្គុទ្ទេសក៍ជាតិ និងប្រជាជនកម្ពុជាផង។
រហូតមកដល់ម៉ោងផ្សាយនេះ ទីភ្នាក់ងារសារព័ត៌មាន គូលែនដេលី នៅមិនទាន់ទទួលបានព័ត៌មាន អំពីចំណាត់ការ របស់សមត្ថកិច្ចពាក់ព័ន្ធទៅលើជនបរទេសដែលនោមខាងលើនេះបាននៅឡើយទេ៕KD