ខេត្តសៀមរាប ៖ សមត្ថកិច្ចបានបញ្ជាក់ប្រាប់មក ទីភ្នាក់ងារសារព័ត៌មានគូលែនដេលីថា កាលពី វេលាម៉ោង ១៩ និង០០នាទី ថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៥ នៅលើផ្លូវក្រាលកៅស៊ូ (ផ្លូវម៉ាឡេ) ត្រង់ចំណុចចន្លោះគីឡូម៉ែត្រលេខ៤-៥ ស្ថិតក្នុងភូមិត្រពាំងប្រិយ៍ ឃុំពពេល ស្រុកសូទ្រនិគម ខេត្តសៀមរាប មានរថយន្ត០១គ្រឿង ម៉ាក Toyota Highlander ពណ៌មិនដឹង ផ្លាកលេខ មើលមិនឃើញក្បាលឃើញតែលេខនៅសល់ ៨៤៣៣ អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ បើកបរក្នុងទិសដៅពីកើតទៅលិចដល់កន្លែងកើតហេតុបានបុកដេីមឈេី រួចបណ្ដាលឱ្យឆេះរថយន្តនៅកន្លែងកេីតហេតុ។
សមត្ថកិច្ចបន្តថា គ្រោះថ្នាក់ចរាចរណ៍ខាងលើ សង្ស័យថាបានបង្ករឡើងដោយខ្លួនឯង (រថយន្តបុកដេីមឈេី) និង មិនមានបង្កគ្រោះថ្នាក់ដល់មនុស្សទេ ប៉ុន្តែរថយន្តខាងលើ ត្រូវបានរងការខូចខាតទាំងស្រុង។
សមត្ថកិច្ចបញ្ជាក់ថា មូលហេតុដែលបណ្ដាលឲ្យកើតមាននូវគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះគឺ
រថយន្តបេីកបរល្បឿនលឿនខ្វះការប្រុងប្រយ័ត្ន៕KD