Thursday, February 20, 2025

ជនជាតិឥណ្ឌូនេស៊ីម្នាក់ ស្លាប់ នៅក្នុងមន្ទីរពេទ្យបង្អែក

ខេត្តសៀមរាប ៖ ជនជាតិឥណ្ឌូនេស៊ីម្នាក់មានឈ្មោះ INDRA YONDA SYAHPUTRA   ភេទប្រុស អាយុ ៣០ឆ្នាំ ជនជាតិ ឥណ្ឌូនេស៊ី មុខរបរ បុគ្គលិកភោជនីយដ្ឋានមួយកន្លែង  កាន់លិខិតឆ្លងដែនលេខE៧៣៣២៦២១ ស្នាក់នៅបណ្ដោះអាសន្ន ក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យ បានស្លាប់បាត់បង់ជីវិត នៅក្នុងមន្ទីរពេទ្យបង្អែកខេត្តសៀមរាប  ស្ថិតនៅភូមិមណ្ឌល១ សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប វេលាម៉ោង ១៤ និង ៥០នាទី ថ្ងៃទី ១៤ ខែ កុម្ភៈ ឆ្នាំ២០២៥ ។

ប្រភពបានឲ្យដឹងថា យោងតាមការបំភ្លឺពីឈ្មោះ NOVELIA RAMADIAN SARI ភេទស្រី ជនជាតិឥណ្ឌូនេស៊ី កាន់លិខិតឆ្លងដែនលេខ E៧៣៣២៦២០ ស្នាក់នៅបច្ចុប្បន្នក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យ ត្រូវជាប្អូនស្រីបង្កើតរបស់សពបានឲ្យដឹងថា នាងបានចូលមកប្រទេសកម្ពុជានៅខែសីហា ឆ្នាំ២០២៤ បានចូលទៅធ្វើការនៅក្នុងភោជនីដ្ឋានមួយកន្លែងយីហោ សប្បាយ ស្ថិតនៅក្នុងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ និងស្នាក់នៅក្នុងភោជនីយដ្ឋាននោះតែម្តង។ ចំណែកបងប្រុសរបស់នាង(សព)គាត់បានមកធ្វើការមុននាងតែមិនដឹងថាគាត់ធ្វើការនៅកន្លែងណានោះទេ ស្នាក់នៅផ្សេងគ្នា។ រហូតដល់វេលាម៉ោង៨ និង ០០នាទីថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៥ មិត្តភក្តិបងប្រុសនាងម្នាក់ពុំស្គាល់ឈ្មោះ បានទូរស័ព្ទមកប្រាប់នាងថា បងរបស់នាងឈឺធ្ងន់ និងកំពុងសម្រាកព្យាបាលនៅគ្លីនិកឯកជនមួយកន្លែងពុំស្គាល់ឈ្មោះស្ថិតនៅក្នុងក្រុងប៉ោយប៉ែត។ ពេលនោះនាងក៏បានទៅមើលថែគាត់(សព) ដោយអាការៈគាត់មានសភាពធ្ងន់ធ្ងរ នៅវេលាម៉ោងប្រហែល២០ និង ៣០នាទីថ្ងៃខែឆ្នាំដដែល ខាងគ្រូពេទ្យក៏បានបញ្ជូនគាត់តាមរថយន្តសង្គ្រោះបន្ទាន់មកព្យាបាលបន្តនៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប ហើយនាងក៏បានទូរស័ព្ទប្រាប់ឪពុកម្តាយនាងឲ្យបានដឹងផងដែរ បន្ទាប់មកថ្ងៃទី២ ខែកុម្ភៈ ២០២៥ ពួកគាត់ក៏បានធ្វើដំណើរចូលមកប្រទេសកម្ពុជាដើម្បីមើលថែបងប្រុស ជាក់ស្ដែងដល់ថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៥ ដោយអាការៈគាត់មានសភាពកាន់តែធ្ងន់ធ្ងរទៅៗ គាត់ក៏បានស្លាប់បាត់ទៅ។
ប្រភពដដែលបន្តថា យោងតាមការបំភ្លឺសាក្សី ការពិនិត្យសាកសព  តាមការបញ្ជាក់របស់គ្រូពេទ្យកោសលវិច័យ ខេត្តសៀមរាប បានសន្និដ្ឋានថា បុរសឥណ្ឌូណេស៊ីខាងលើ ស្លាប់ដោយសារ រលាកស្រោមខួរក្បាល។
ប្រភពបញ្ជាក់ថា សពបុរសខាងលើត្រូវបាន ជំនាញយកទៅរក្សាទុកបណ្ដោះអាសន្ននៅវត្តទឹកថ្លា រាជធានីភ្នំពេញដើម្បីគ្រប់គ្រងនិងបន្តនីតិវិធី៕KD

ព័ត៌មានពេញនិយម