ខេត្តបន្ទាយមានជ័យ៖សម្តេចតេជោ ហ៊ុន សែន រំពឹងថា ប្រជាពលរដ្ឋនៅតែបន្តបោះឆ្នោតគាំទ្រ គណបក្សប្រជាជនកម្ពុជា ជាបន្តទៀត នៅឆ្នាំ២០២៣ ខាងមុខ បន្ទាប់ពីសម្តេចតេជោ បានធ្វើការថ្លែងអំណរគុណប្រជាពលរដ្ឋ ដែលបានបោះឆ្នោតគាំទ្រគណបក្សប្រជាជន ក្នុងព្រឹត្តិការណ៍បោះឆ្នោត ក្រុមប្រឹក្សាឃុំ សង្កាត់ នាពេលកន្លងទៅ។
ថ្លែងបែបនេះក្នុងឱកាសដែល សម្តេច អញ្ជើញជួប និងចែកស្រូវពូជជាង ៥០០តោន និងស្បៀង ជូនប្រជាកសិករជាង ៥ពាន់គ្រួសារ ក្នុងខេត្តបន្ទាយមានជ័យ បន្ថែមលើអង្ករចំនួន ១០០តោន និងថវិកា ១០ម៉ឺនដុល្លារ ដែលបានផ្ដល់ឱ្យអាជ្ញាធរខេត្តជាមុន ឱ្យទាន់សភាពការ ដើម្បីចែកជូនពលរដ្ឋរងគ្រោះដោយទឹកជំនន់ នាព្រឹកថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២២នេះ។
ស្ថិតក្នុងឱកាសនោះ សម្តេចតេជោ ហ៊ុន សែន បាននាំយកនូវព្រះរាជបណ្តាំរបស់ព្រះមហាក្សត្រ និងសម្តេចម៉ែ ជូនដល់ប្រជាពលរដ្ឋទាំអស់នាពេលនេះ ដែលព្រះអង្គទាំងទ្វេតែងយកព្រះទ័យទុកដាក់ចំពោះសុខទុក្ខរបស់ប្រជាពលរដ្ឋគ្រប់ពេលវេលា។
សម្តេចតេជោ បានធ្វើការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចប្រឹងប្រែងរបស់អាជ្ញាធរពាក់ព័ន្ធទាំងអស់នៃខេត្តបន្ទាយមានជ័យ ដែលបានខិតខំជួយប្រជាពលរដ្ឋពេលជួបនូវគ្រោះទឹកជំនន់។
សម្តេច ក៍បានបញ្ជាក់អំពីភាពជោគជ័យ នៃគោលនយោបាយ ចាក់វ៉ាក់សាំង ការពារជម្ងឺ កូវីដ-១៩នៅកម្ពុជា ដែលឱ្យយើងមានលទ្ធភាពធ្វើសកម្មភាពផ្សេងៗនៅក្នុងសង្គមបានឡើងវិញ។
បន្ថែមលើនោះ សម្ដេចតេជោ នាយករដ្ឋមន្ត្រីក៏បាន លើកអំពីនយោបាយឈ្នះ-ឈ្នះ ដែលសម្ដេច បានធ្វើឱ្យកម្ពុជាបញ្ចប់សង្គ្រាម ដោយមិនចំណាយគ្រាប់កាំភ្លើង និងមិនមានការបង្ហូរឈាមផងដែរ។ ក្នុងនោះក៍ជាប់ទាក់ទងទៅនឹងខួបលើកទី៣១ឆ្នាំ នៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស នាថ្ងៃនេះផងដែរ ដែលសម្តេចតេជោ និងគ្រប់ភាគីពាក់ព័ន្ធសំខាន់ៗ សម្រេចបាននូវកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ២៣ តុលា ១៩៩១។
សម្តេចតេជោ ហ៊ុន សែន រំពឹងថា ប្រជាពលរដ្ឋនៅតែបន្តបោះឆ្នោតគាំទ្រ គណបក្សប្រជាជនកម្ពុជាជាបន្តទៀត នៅឆ្នាំ២០២៣ ខាងមុខ បន្ទាប់ពី ប្រជាពលរដ្ឋ បានបោះឆ្នោតគាំទ្រ គណបក្សប្រជាជន ឱ្យជោគជ័យ ក្នុងព្រឹត្តិការណ៍បោះឆ្នោត ក្រុមប្រឹក្សាឃុំ សង្កាត់ នាពេលកន្លងទៅ៕នាគស