Thursday, January 30, 2025

អយ្យការអមសាលាដំបូងខេត្ត ប្រកាសទទួលចាត់ការលើសំណុំរឿងព្រហ្មទណ្ឌពាក់ព័ន្ធនឹងករណីក្រុមក្មេងទំនើង ដែលអាវុធហត្ថខេត្តសៀមរាប បង្រ្កាបបាននោះហើយ 

ខេត្តសៀមរាប ៖ នៅថ្ងៃទី ២១ ខែមករា ឆ្នាំ២០២៥នេះ អយ្យការអមសាលាដំបូងខេត្តសៀមរាប បានចេញសេចក្តីប្រកាសព័ត៌មានស្តីពីចំណាត់ការលើសំណុំរឿងព្រហ្មទណ្ឌពាក់ព័ន្ធនឹងករណីក្រុមក្មេងទំនើង ដែលអាវុធហត្ថខេត្តសៀមរាបបង្រ្កាបបាន បន្ទាប់ក្មេងទំនើង ០២នាក់ បានជិះម៉ូតូ ០១គ្រឿង ធ្វើសកម្មភាពដោយប្រើកាំបិតខ្វែវដេញកាប់ទៅលើជនរងគ្រោះ ០២នាក់ ប៉ុន្តែមិនបណ្តាលឲ្យរងរបួសនោះទេ ព្រមទាំងកាប់លើម៉ូតូរបស់ជនរងគ្រោះបណ្តាលឲ្យខូចខាតយ៉ាងដំណំ កាលពីវេលាម៉ោង ១១និង១០នាទី ថ្ងៃទី២០ ខែមករា ឆ្នាំ២០២៥ នោះហើយ ។បើតាមអ្នកនាំពាក្យអយ្យការអមសាលាដំបូងខេត្តសៀមរាបបានឲ្យដឹងថា៖ នៅថ្ងៃទី២១ ខែមករា ឆ្នាំ២០២៥ អយ្យការអមសាលាដំបូងខេត្តសៀមរាប បានទទួលចាត់ការសំណុំរឿង ព្រហ្មទណ្ឌលេខ ១០៦ ចុះថ្ងៃទី២១ ខែមករា ឆ្នាំ២០២៥ ទាក់ទងនឹងក្រុមក្មេងទំនើង ១ក្រុម មានគ្នាចំនួន ២នាក់ បានធ្វើសកម្មភាពយកកាំបិតខ្វែវកាប់ទៅលើម៉ូតូរបស់ជនរងគ្រោះបណ្តាលឱ្យខូចខាតត្រង់ស្តុប និងស្លាកលេខ រួច ហើយជិះម៉ូតូគេចខ្លួនបាត់។ ក្រោយពេលកើតហេតុសមត្ថកិច្ចបានធ្វើការស្រាវជ្រាវ និងកំណត់មុខសញ្ញារហូតឃាត់ ខ្លួនបានជនល្មើសចំនួន ១នាក់ រីឯបក្ខពួកម្នាក់ទៀតបានរត់គេចខ្លួន។ ក្រោយពីបានស្តាប់ចម្លើយជនល្មើស និងពិនិត្យលើភស្តុតាងនានាដែលមាននៅក្នុងសំណុំរឿងរួចមក តំណាង អយ្យការបានសម្រេចចោទប្រកាន់ជនល្មើសចំនួន ២នាក់ ពីបទៈ ធ្វើឱ្យខូចខាតដោយចេតនាមានស្ថានទម្ងន់ទោស និង ធ្វើចរាចរណ៍អាវុធសម្រាប់ប្រហារផ្សេងទៀត ប្រព្រឹត្តនៅភូមិធ្លកអណ្តូង សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប កាលពីថ្ងៃទី២០ ខែមករា ឆ្នាំ២០២៥ បទល្មើសព្រហ្មទណ្ឌមានចែងឱ្យផ្តន្ទាទោសតាមបញ្ញត្តិមាត្រា ៤១១ និងមាត្រា ៤៨៩ នៃក្រមព្រហ្មទណ្ឌ តាមដីកាសន្និដ្ឋានបញ្ជូនរឿងឱ្យស៊ើបសួរលេខ ៤១ អយធ ចុះថ្ងៃទី២១ ខែមករា ឆ្នាំ២០២៥ បញ្ជូនទៅចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តសៀមរាប ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់។

សូមរំលឹកជូនផងដែរថា កាលពីវេលាម៉ោង ១១និង១០នាទី ថ្ងៃទី២០ ខែមករា ឆ្នាំ២០២៥ មានករណីហិង្សា បង្កឡើងដោយក្មេងទំនើង០២នាក់ បានជិះម៉ូតូ០១គ្រឿង ធ្វើសកម្មភាពដោយប្រើកាំបិតខ្វែវដេញកាប់ទៅលើជនរងគ្រោះ ០២នាក់ តែមិនបណ្តាលឲ្យរងរបួសនោះទេ ព្រមទាំងកាប់លើម៉ូតូរបស់ជនរងគ្រោះបណ្តាលឲ្យខូចខាតយ៉ាងដំណំ នៅចំណុចលើផ្លូវកៅស៊ូ ស្ថិតក្នុងភូមិធ្លកអណ្ដូង សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប បន្ទាប់ពីធ្វើសកម្មភាពរួចជនសង្ស័យបានជិះម៉ូតូគេចខ្លួនបាត់។ បន្ទាប់ពីទទួលបានព័ត៌មាន កម្លាំងជំនាញអាវុធហត្ថខេត្តសៀមរាប បានចុះដល់កន្លែងកើតហេតុធ្វើការស្រាវជ្រាវ និងដោយបានសហការពីកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់នគរធំ ក្រុងសៀមរាប រហូតឈានដល់ការឃាត់ខ្លួនជនសង្ស័យ ០១នាក់ ឈ្មោះ អាត លីមិញ ភេទប្រុស អាយុ១៦ឆ្នាំ នាំយកមកស្តាប់ចម្លើយអំពីរឿងហេតុ និងចាត់ការតាមនីតិវិធី។ វត្ថុតាងចាប់យក រួមមាន៖ កាំបិតខ្វែវចំនួន០១ដើម រួមនឹងសម្ភារមួយចំនួនទៀត។

ក្រោមវិធានការជំនាញក្មេងទំនើងឈ្មោះ អាត លីមិញ បានសារភាពឲ្យដឹងថា ខ្លួន រួមនិងបក្សពួកម្នាក់ទៀត ពិតជាបាន ប្រព្រឹត្តអំពើហិង្សាខាងលើ ប្រាកដមែន។

ក្មេងទំនើងខាងលើ ត្រូវបានកម្លាំងជំនាញការិយាល័យប្រឆាំងបទល្មើសព្រហ្មទណ្ឌ នៃកងរាជអាវុធហត្ថខេត្តសៀមរាប កសាងសុំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ចំណែកឯបក្ខពួកដែលរត់គេចខ្លួន សមត្ថកិច្ចជំនាញអាវុធហត្ថខេត្តសៀមរាប កំពុងស្រាវជ្រាវឃាត់ខ្លួនបន្ត៕KD

ព័ត៌មានពេញនិយម