ខេត្តសៀមរាប ៖ ដោយមានការយកចិត្តទុកដាក់ជាប្រចាំពីសំណាក់ លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្តសៀមរាប ចំពោះប្រជាពលរដ្ឋក្នុងខេត្តសៀមរាប ទាំងមូល អំពីបញ្ហាសន្តិសុខ សុវត្តិភាព និងមានកិច្ចសម្របសម្រួលនីតិវិធីពីឯកឧត្តម មាស ច័ន្ទពិសិដ្ឋ ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តសៀមរាប កម្លាំងជំនាញបាននាំខ្លួនយុវជន ចំនួន ៣នាក់ ដែលបង្ហោះវីដេអូកាន់កំបិតតាំងតោ លើបណ្ដាញសង្គម បង្ហាញគូរជម្លោះនោះហើយ នៅព្រឹកថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៥នេះ។
ប្រភពបានឲ្យដឹងថា កាលពីយប់ថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៥ មានការបង្ហោះ នូវវីដេអូរឃ្លីបសកម្មភាពរបស់ក្មេងទំនើងមួយក្រុមមានកាន់អាវុធ (កាំបិតបុ័ងតោ) ហើយថតបង្ហោះលើបណ្តាញសង្គមfacebook) ដែលធ្វើឱ្យប៉ះពាល់ដល់សន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សង្គម ក្នុងខេត្តសៀមរាបទាំងមូល។
ប្រភពដដែលបានបន្តដា បន្ទាប់ពីទទួលបានព័ត៍មានករណីខាងលើ លោកឧត្តមសេនីយ៍ទោ ស្នងការ នគរបាលខេត្តសៀមរាប បានដាក់បទបញ្ជាដ៏ម៉ឺងម៉ាត់ ចាត់មន្រ្តីក្រោមឱវាទធ្វើការស្រាវជ្រាវជាបន្ទាន់ ដោយនៅព្រឹកថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៥ កម្លាំងទទួលផែនការងារនគរបាលព្រហ្មទណ្ឌ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប សហការជាកម្លាំងជំនាញព្រហ្មទណ្ឌ នៃអធិការដ្ឋាននគរបាលក្រុងសៀមរាប បានស្រាវជ្រាវពាក់ព័ន្ធនឹងបទល្មើសជាក់ស្ដែងករណី (ក្មេងទំនើង) ផលិត ឬចរាចរអាវុធសម្រាប់ប្រហារផ្សេងទៀត (កាន់កាំបិតគំរាមគូរជម្លោះ និងថតបង្ហោះក្នុងបណ្ដាញសង្គម) រហូតដល់ធ្វើការនាំខ្លួនជនសង្ស័យដែលពាក់ព័ន្ធនឹងករណីខាងលើនេះ បានចំនួន០៣នាក់។
ប្រភពបន្ថែមថា ជនសង្ស័យដែលសមត្ថកិច្ចឃាត់បានទាំងនោះមាន ទី១-ឈ្មោះ ភារម្យ រតនា ហៅង៉ោល ភេទប្រុស អាយុ ១៥ឆ្នាំ មុខរបរ មិនពិតប្រាកដ មានស្រុកកំណើត និងទីលំនៅបច្ចុប្បន្នភូមិភ្ញាជ័យ សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប ទី២-ឈ្មោះ បាន សីហា ភេទប្រុស អាយុ ១៦ឆ្នាំ មុខរបរ ចុងភៅ មានស្រុកកំណើត និងទីលំនៅបច្ចុប្បន្នភូមិភ្ញាជ័យ សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ( ជាអ្នកកាន់កាំបិតបុ័ងតោ ) និងទី៣-ឈ្មោះ យ៉ង ចំណាន អាយុ១៥ឆ្នាំ មុខរបរ គ្មាន មានស្រុកកំណើត និងទីលំនៅបច្ចុប្បន្នភូមិភ្ញាជ័យ សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប (ជាម្ចាស់កម្មសិទ្ធកាំបិតបុ័ងតោ) បានថតវីដេអូរបង្ហោះលើបណ្ដាញសង្គម នៅចំណុចផ្ទះរបស់ឈ្មោះ បាន សីហា នៅភូមិភ្ញាជ័យ សង្កាត់ស្វាយដង្គំយកមកធ្វើការសាកសួរ។
ប្រភពបញ្ជាក់ថា នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យទាំង ០៣នាក់ បានឆ្លើយសារភាពដូចគ្នាថា ពួកខ្លួន និងបក្ខពួកម្នាក់ទៀតគេចខ្លួន ពិតជាបានធ្វើសកម្មភាពថតវីដេអូរកាន់កាំបិតខាងលើ ពិតប្រាកដមែន ដោយក្នុងគោលបំណងពួកខ្លួនថតវិដេអូរនោះ ចង់ឱ្យគូរជម្លោះរបស់ពួកខ្លួនបានឃើញ។ បន្ទាប់ពីពួកខ្លួនបានថតវិដេអូររួចហើយ ក៏បានផ្ញើទៅគំរាមក្រុមគូរជម្លោះ និងបង្ហោះក្នុងបណ្ដាញសង្គមឱ្យគេខ្លាច តែបើក្រុមគូរជម្លោះ របស់ពួកខ្លួននៅតែមិនខ្លាច ពួកខ្លួននិងយកកាំបិតនោះទៅកាប់ពួកនោះតែម្ដង ។
ក្នុងប្រតិបត្តិការនេះ សមត្ថកិច្ចបានដកហូតវត្ថុតាងមាន ទូរសព្ទចំនួន០៣គ្រឿង ជាកម្មសិទ្ធរបស់ជនសង្ស័យទាំង៣នាក់ខាងលើ កាំបិតបុ័ងតោ ចំនួន០១ ជាកម្មសិទ្ធរបស់ឈ្មោះ យ៉ង ចំណាន ហើយសមត្ថកិច្ចក៍បានធ្វើតេស្តស្វែងរកសារធាតុញៀនលើជនសង្ស័យទាំង៣នាក់ខាងលើ ជាលទ្ធផល អវិជ្ជមានទាំង៣នាក់។ បច្ចុប្បន្នជនសង្ស័យទាំង០៣នាក់ខាងលើ ត្រូវបានកម្លាំងផែនការងារនគរបាលព្រហ្មទណ្ឌ នៃស្នងដ្ឋាននគរបាលខេត្តសៀមរាប កំពុងកសាងសំណុំរឿងបញ្ជូនទៅអយ្យការចាត់ការតាមនីតិវិធីច្បាប់ ដោយឡែកបក្ខពួកម្នាក់ទៀតមានឈ្មោះ ជា សុភ័ក្រ ហៅ ចយ ភេទ ប្រុស អាយុ ១៥ឆ្នាំ ដែលបាននឹងកំពុងរត់គេចខ្លួននោះ កម្លាំងជំនាញកំពុងធ្វើការស្រាវជ្រាវដើម្បីនាំខ្លួនមកចាត់ការតាមច្បាប់បន្ថែមទៀត៕KD