Monday, November 25, 2024

សម្តេចតេជោ ហ៊ុន សែន៖ កិច្ចការដែលសម្រេចទៅបានដោយជោគជ័យ គឺអាស្រ័យ ដោយមានការចូលរួមពីគ្រប់មជ្ឈដ្ឋានទាំងអស់

ខេត្តសៀមរាប៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាបានថ្លែងថា កិច្ចការដែលសម្រេចទៅបានដោយជោគជ័យ គឺអាស្រ័យ ដោយមានការចូលរួមពីគ្រប់មជ្ឈដ្ឋានទាំងអស់ប្រកបដោយមនសិការ និងឆន្ទះល្អមុះមុត និងការទទួល ខុសត្រូវខ្ពស់ ក្នុងការបម្រើផលប្រយោជន៍ប្រជាពលរដ្ឋ និងប្រទេសជាតិ។

ការថ្លែងបែបនេះធ្វើឡើង ក្នុងអំឡុងពេលដែល សម្ដេច បានអញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ មន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធក្នុង ខេត្តសៀមរាប ប្រមាណជាង២ពាន់នាក់ កាលពីរសៀលថ្ងៃទី២១ ខែតុលា ឆ្នាំ២០២២។

ក្នុងជំនួបដ៏មានអត្ថន័យនេះ សម្តេចតេជោ ហ៊ុន សែន បានវាយតម្លៃខ្ពស់ចំពោះអាជ្ញាធរខេត្តសៀមរាប ទាំងអស់ដែលបានខិតខំបម្រើការងារអភិវឌ្ឍន៍ខេត្ត អោយទទួលលទ្ធផលល្អប្រសើររហូតមកដល់ពេលនេះ ជាពិសេស ភាពជោគជ័យនៃការទប់ស្កាត់ជំងឺកូវិដ-១៩ ។

សម្តេច មានមោទនភាព ដែលប្រទេសកម្ពុជាតាមរយ:ការដាក់ចេញនូវយុទ្ធសាស្ត្រចាក់វ៉ាក់សាំងប្រកបដោយប្រសិទ្ធភាព ធ្វើអោយយើងមានឱកាសបើកដំណើរប្រទេសជាតិឡើងវិញតាមគន្លងប្រក្រតីភាពថ្មី។ ភាពជោគជ័យនៃការទប់ស្កាត់កូវីដ-១៩នេះហើយ ដែលធ្វើអោយកម្ពុជាយើងអាចទទួលធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធដ៏ទៃទៀតឆ្នាំក្នុងឆ្នាំ២០២២នេះ រាប់ទាំងកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ាន ដែលកម្ពុជាយើងបានធ្វើ និងទទួលបាននូវភាពជោគជ័យនាពេលកន្លងទៅថ្មីៗនេះ។

សម្តេចតេជោ នាយករដ្ឋមន្ត្រី បានរំលឹកដល់មន្រ្តីទាំងអស់ ត្រូវបន្តយកចិត្តទុកដាក់រក្សាសន្តិសុខសណ្ដាប់ធ្នាប់សង្គម រួមមាន ការបង្ក្រាបនូវបទល្មើសផ្សេងៗ ដូចជា៖ ចោរកម្ម ប្លន់ប្រដាប់អាវុធ ការជួញដូរគ្រឿងញៀន ដើម្បីផ្តល់ភាពកក់ក្តៅ និងធានាដល់សុវត្ថិភាព នៃការរស់នៅ និងការប្រកបរបរការងារផ្សេងៗរបស់ប្រជាពលរដ្ឋ។

សម្ដេច បានសង្កាត់ធ្ងន់ ទៅលើការយកចិត្តទុកដាក់ ក្នុងការផ្តល់នូវសេវាសាធារណៈ រួមមាន សេវាតម្រូវការចាំបាច់ទាំងឡាយ និងសេវាសំណូមពរនានាជូនប្រជាពលរដ្ឋ អោយបានលឿន និងមានប្រសិទ្ធិភាព ក្នុងនោះមន្ត្រីត្រូវគិតថា ខ្លួនជាអ្នកបម្រើ ប្រជាពលរដ្ឋ ហើយត្រូវខិតខំបំបាត់អោយអស់នូវភាពអសកម្មនានា។

សម្ដេច ប្រមុខរាជរដ្ឋាភិបាល បានបញ្ជាក់បន្ថែមថា អាជ្ញាធរត្រូវយកចិត្តទុក ដាក់ដោះស្រាយជម្លោះដីធ្លីជូនប្រជាពលរដ្ឋអោយបានរហ័ស និងមានប្រសិទ្ធិភាព ជាពិសេសការដោះស្រាយក្រៅប្រព័ន្ធតុលាការអោយបានច្រើន ដោយមិនត្រូវលំអៀងខាងភាគីណានោះទេត្រូវឈរនៅកណ្ដាល ដើម្បីបម្រើផលប្រយោជន៍ទាំងសងខាង។

ជាចុងក្រោយ សម្តេចតេជោ ហ៊ុន សែន ក៏បានកោតសរសើរដល់មន្ត្រីគ្រប់ជាន់ថ្នាក់សារជាថ្មី និងសូមឲ្យមានការរួមសហការគ្នា អភិវឌ្ឍ ខេត្តសៀមរាបអោយកាន់តែរីកលូតលាស់ទៅមុខ៕នាគស

ព័ត៌មានពេញនិយម