ខេត្តសៀមរាប ៖ នៅព្រឹកថ្ងៃទី ១២ ខែមករា ឆ្នាំ២០២៥ នេះ ឯកឧត្តម ឡុង កុសល អគ្គនាយករង និងជាអ្នកនាំពាក្យ អាជ្ញាធរជាតិអប្សរា បានប្រាប់ឲ្យ ទីភ្នាក់ងារ សារព័ត៌មានគូលែនដេលី ដឹងថា ការសាងសង់សំណង់ដែកលាយបេតុងវេទិការ នៅមាត់ស្រះទឹកខាងត្បូង ក្នុងប្រាសាទអង្គរវត្ត ដែលស្ថិតក្នុងភូមិក្រវ៉ាន់ សង្កាត់នគរធំ ក្រុងសៀមរាប ខេត្តសៀមរាបនោះ គឺជាកំរាលដើម្បីភ្ញៀវទេសចរថតរូបកំពូលប្រាសាទចាំងផ្លាតជាមួយទឹកស្រះ។ ឆ្លើយតបនឹងសំណួរ «តើអាចធ្វើឲ្យបាត់បង់ទ្រង់ទ្រាយដើម និងតម្លៃបេតិកភណ្ឌដែលទេ ឯកឧត្តម? ហើយធ្វើតែប៉ុណ្ណឹង ឬ ពេញមាត់ស្រះខាងលិចនេះតែម្ដង?» ឯកឧត្តម ឡុង កុសល អគ្គនាយករង បានមានប្រសាសន៍បន្តថា «ជាការលើកតម្លៃឲ្យកាន់តែប្រសើរ ពិសេសរៀបចំការទស្សនាប្រកបដោយគុណភាព»។
ឯកឧត្តម ឡុង កុសល អគ្គនាយករង អាជ្ញាធរជាតិអប្សរា មានប្រសាសន៍បញ្ជាក់ថា ការសាងសង់នេះបញ្ចប់ឆាប់ៗខាងមុខនេះ ហើយ «យើងត្រូវលើកតម្លៃរចនាសម្ពន្ធមាត់ស្រះថែមទៀត បញ្ចៀសការហូរទឹកមកលើផ្លូវដើរ»៕KD