Wednesday, February 5, 2025

លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្ត បានដាក់បទបញ្ជាឲ្យធ្វើការស្រាវជ្រាវហៅ លោកវរៈសេនីយ៍ត្រី វេង សៀកហ៊ុយ មកសាកសួរ និងណែនាំ ហើយបានធ្វើកិច្ចសន្យាទទួលស្គាល់អំពីការធ្វេសប្រហែសក្នុងពេលបើកបរ

ខេត្តសៀមរាប ៖ លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្ត បានដាក់បទបញ្ជាទៅលោកវរៈសេនីយ៍ឯក ឡុង ម៉េនសុយ៉ាលី ស្នងការរងទទួលផែនការងារនគរបាលសណ្តាប់ធ្នាប់(ស្តីទី) ដើម្បីធ្វើការស្រាវជ្រាវហៅលោកវរៈសេនីយ៍ត្រី វេង សៀកហ៊ុយ មកសាកសួរ និងណែនាំ ហើយបានធ្វើកិច្ចសន្យាទទួលស្គាល់អំពីការធ្វេសប្រហែសក្នុងពេលបើកបរ។ នេះបើយោងតាម សេចក្តីបំភ្លឺព័ត៌មានមួយដែលបង្ហោះដោយ ហ្វេសប៊ុកផេក ដែលមានឈ្មោះថា “ការិយាល័យនគរបាលចរាចរណ៍ផ្លូវគោកខេត្តសៀមរាប” និងមានការចែករំលែកដោយ ហ្វេសប៊ុកផ្លូវការរបស់ លោកវរសេនីយ៍ឯក ឡុង ម៉េនសុយ៉ាលី ដែលគេស្គាល់ថាជាស្នងការរងទទួលផែនការងារនគរបាលសណ្តាប់ធ្នាប់(ស្តីទី) នៅព្រលប់ថ្ងៃទី ៥ ខែមករា ឆ្នាំ២០២៥ នេះ។ ខ្លឹមសារសេចក្តីបំភ្លឺព័ត៌មាន ៖ « ការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប មានកិត្តិយស សូមគោរពជម្រាបជូន អ្នកនិយមតាមដានព័ត៌មាន នៅលើបណ្តាញទំនាក់ទំនងសង្គម Facebook និងសាធារណជន មេត្តាជ្រាបថា៖ នាពេលថ្មីៗនេះមានព័ត៌មានតាមបណ្ដាញសង្គម និងសារព័ត៌មានមួយចំនួនបានធ្វើការចុះផ្សាយអំពីករណីគ្រោះថ្នាក់ចរាចរណ៍មួយដែលបង្កឡើងដោយមន្ត្រីនគរបាលចរាចរណ៍ផ្លូវគោកម្នាក់ បានបើករថយន្ដបុករបាំងថ្មពុះចែកទ្រូងផ្លូវគ្រោះថ្នាក់ដោយខ្លួនឯង មិនបង្ករអោយមានគ្រោះថ្នាក់ដល់អ្នកដៃឡេីយ។ យោងតាម របាយការណ៍វេនប្រចាំការពេលយប់ និង តាមហេតុការណ៍ជាក់ស្តែង នៅថ្ងៃទី០៣ ខែមករា ឆ្នាំ២០២៥ វេលាម៉ោង២១:៥០ នាទី ត្រង់ចំណុចស្តុបកោះកេរ្តិ៍ លើផ្លូវជាតិលេខ៦ ភូមិបន្ទាយចាស់ សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប មានរថយន្តម៉ាក LEXUS 400h ពណ៌ទឹកមាស ពាក់ផ្លាកលេខ សៀមរាប 2C- 8744 បើកបរដោយឈ្មោះ វេង សៀកហ៊ុយ ភេទប្រុស អាយុ៣២ ឆ្នាំ មុខរបរនគរបាលជាតិ បានបើកបុករបាំងពុះចែកទ្រូងផ្លូវ បណ្តាលឲ្យដួលរលំ និងខូចរថយន្តខាងមុខផ្នែកខាងឆ្វេង មិនមានបង្ករគ្រោះថ្នាក់ដល់អ្នកដទៃទេ។នៅកន្លែងកើតហេតុកម្លាំងដែលប្រចាំការគោលដៅស្តុបកោះកេរ្តិ៍បានសួរទៅលោកវេង សៀកហុយថា ម៉េចបានបើកបុកខឿនអញ្ខឹង ?មានកើតអីដែរឬទេ? ហើយលោក វេង សៀកហ៊ុយ បានប្រាប់ថាខ្ញុំឈោងយកទឹកនៅគៀនទ្វារឲ្យទៅម្តាយដើម្បីញ៉ាំថ្នាំហើយបានរ៉េចង្កូតបុកតែម្តង ខ្ញុំមិនអីទេ តែម្តាយខ្ញុំគាត់ភ័យ ក្រោយមកគាត់បានហៅម៉ូតូរ៉ឺមកជិះជូនម្ដាយទៅផ្ទះបាត់ទៅ។ ក្រោយពេលកើតហេតុ កម្លាំងដែលប្រចាំការបាន ស្ទូចរថយន្តទៅរក្សាទុកនៅការិយាល័យនគរបាលចរាចរណ៍ និងបានលើករបាំងថ្មរៀបចំឡើងវិញ ។

 

តាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្ត បានដាក់បទបញ្ជាទៅលោកវរៈសេនីយ៍ឯក ឡុង ម៉េនសុយ៉ាលី ស្នងការរងទទួលផែនការងារនគរបាលសណ្តាប់ធ្នាប់(ស្តីទី) ដើម្បីធ្វើការស្រាវជ្រាវហៅលោកវរៈសេនីយ៍ត្រី វេង សៀកហ៊ុយ មកសាកសួរ និងណែនាំ ហើយបានធ្វើកិច្ចសន្យាទទួលស្គាល់អំពីការធ្វេសប្រហែសក្នុងពេលបើកបរ ។

ដូចនេះសូមអ្នកនិយមតាមដានព័ត៌មាននៅតាមបណ្តាញទំនាក់ទំនងសង្គម Facebook និងសាធារណជន មេត្តាជ្រាបចំពោះករណីខាងលើ»៕KD

ព័ត៌មានពេញនិយម