ខេត្តសៀមរាប ៖ « សំណេរអង្គរ » ធ្វើឡើងដោយមានការសរសេរតាមអាន ក្នុងបំណងស្វែងរកអ្នកសរសេរបានត្រឹមត្រូវតាមក្បួនអក្ខរាវិរុទ្ធ នៃអក្សរសាស្ត្រខ្មែរព្រមទាំងអ្នកមានស្នាដៃសរសេរអក្សរបានស្អាតបំផុត គ្រោងនឹងប្រារព្ធឡើងជាលើកទី២ នៅប្រាសាទអង្គរវត្ត ក្នុងថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៥ខាងមុខ។ ព្រឹត្តិការណ៍សំណេរអង្គរលើកទីពីរនេះដែរ នឹងធ្វើឡើងនៅលើស្ពានហាលផ្នែកខាងលិចរបស់ប្រាសាទអង្គរវត្ត នឹងមានបេក្ខជនចូលរួមប្រមាណ១២២០នាក់ ហើយបេក្ខជនទាំងនោះ មានទាំងកុមារចាប់ពីអាយុ៦ឆ្នាំនិងមនុស្សចាស់ដែលមានអាយុរហូតដល់៨០ឆ្នាំ។ ក្នុងនោះដែរក៏មានព្រះសង្ឃចូលរួមចំនួន៨២អង្គ ជនបរទេសរៀនភាសាខ្មែរមួយចំនួន ព្រមទាំងអនិកជនខ្មែរដែលរស់នៅបរទេសខ្លះទៀតផង។
លោក លីម ប៊ុនហុក អ្នករៀបចំកម្មវិធីសំណេរអង្គរ បានថ្លែងនៅក្នុងសន្និសីទសារព័ត៌មានកាលពីព្រឹកថ្ងៃទី៥ ខែមករា ឆ្នាំ២០២៥នេះថា ការអភិរក្ស និងលើកតម្លៃអក្សរសាស្រ្តខ្មែរ ពិតជាមានសារសំខាន់ ពីព្រោះខ្មែរមានភាសានិងអក្សរសាស្ត្រយូរលង់ណាស់មកហើយ។ ដោយសារតែខ្មែរមានអក្សរជាយូរលង់មកហើយ ព្រមទាំងបានចារិកទុកនៅតាមប្រាសាទនានាផង ដូច្នេះហើយបានជា «សំណេរអង្គរ» ជាព្រឹត្តិការណ៍ដ៏សំខាន់ ក្នុងការជួយលើកកម្ពស់អក្សរសាស្ត្រខ្មែរ ជាពិសេសជួយឱ្យប្រជាពលរដ្ឋ និងមហាជនទូទៅសរសេរភាសាខ្មែរឱ្យបានត្រឹមត្រូវតាមក្បួនអក្ខរាវិរុទ្ធ ការអានពាក្យខ្មែរឱ្យត្រឹមត្រូវ ព្រមទាំងស្វែងរកអ្នកដែលមានស្នាដៃសរសេរអក្សរខ្មែរបានស្អាតបំផុតផងដែរ។ សំណេរអង្គរក៏មានគោលបំណងផ្សាភ្ជាប់ទៅនិងរមណីយដ្ឋានអង្គរ ដែលជាសម្បត្តិបេតិកភណ្ឌពិភពលោក ជាមួយប្រវត្តិសាស្ត្រដ៏យូរលង់របស់ខ្មែរផងដែរ។
ឯកឧត្តម ឡុង កុសល អគ្គនាយករងនៃអាជ្ញាធរជាតិអប្សរាបានចាត់ទុកថាកម្មវិធីសំណេរអង្គរលើកទី២ក្នុងឆ្នាំ២០២៥នេះ ក៏មានសារៈសំខាន់ខ្លាំងដែលស្ដែងចេញនូវអារ្យធម៌និងទំនៀមទម្លាប់មួយនៃការសរសេរដោយផ្សាភ្ជាប់ទៅនិងសេចក្តីចងចាំជាច្រើនឡើងវិញ។
ឯកឧត្តម ឡុង កុសល បញ្ជាក់ថាសំណេរអង្គរក៏មានសារសំខាន់ណាស់ដែរក្នុងការជួយបង្កើតចលករផ្សេងៗលើផ្នែកវិស័យទេសចរណ៍នៅតំបន់អង្គរ។
សូមរំលឹកជូនផងដែរថា សំណេរអង្គរលើកទី១ ធ្លាប់បានរៀបចំនៅលើស្ពានហាលខាងលិចប្រាសាទអង្គរវត្តម្ដងមកហើយ កាលពីថ្ងៃទី២១ ខែមករា ឆ្នាំ២០២៤ ដោយមានចំនួនអ្នកចូលរួមប្រមាណ៨០០នាក់៕KD