Friday, March 14, 2025

នាយរងការិយាល័យនគរបាលចរាចរណ៍ ម្នាក់ សង្ស័យស្រវឹងស្រា បើកបររថយន្តទៅបុកខឿនពុះចែកទ្រូងផ្លូវ តែមិនត្រូវបាននគរបាលជំនាញពិនិត្យជាតិអាល់កុលនោះទេ ថែមទាំងបានអនុញ្ញាតិឲ្យយករថយន្តទៅទុកនៅផ្ទះ ដើម្បីជួសជុល

ខេត្តសៀមរាប ៖ នៅវេលាម៉ោង ២១ និង ៥៥នាទី ថ្ងៃទី៣ ខែធ្នូ ឆ្នាំ ២០២៥ លោកវរសេនីយ៍ត្រី វេង សៀក ហ៊ុយ ដែលគេស្គាល់ថាជា នាយរងការិយាល័យចរាចរណ៍ខេត្តសៀមរាបម្នាក់ សង្ស័យថា ស្រវឹងស្រាហើយបើកបររថយន្ត ម៉ាក Lexus Lx400h ពណ៌មាស ផ្លាកលេខ សៀមរាប 2C-8744 ទៅបុកខឿនពុះចែកទ្រូងផ្លូវជាតិលេខ៦ ត្រង់ចំណុចស្តុបកោះកេរិ៍្ត ស្ថិតក្នុងភូមិស្លក្រាម សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប ភ្លាមៗនោះត្រូវបានរថយន្ត របស់ការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក ដែលមហាជនហៅថា “ស្រម៉ោចក្រហម” ស្ទូចចេញ ពីកន្លែងកើតហេតុ រួចយកទៅទុកនៅផ្ទះ ដើម្បីជួសជុលប្រើប្រាស់វិញ ដោយមិនមានពិនិត្យជាតិអាល់កុលអ្នកបើកបរនោះឡើយ។ ប្រភពពី ប្រជាពលរដ្ឋ ដែលនៅក្បែរកន្លែងកើតហេតុ បានឲ្យដឹងនៅព្រឹក ថ្ងៃទី៤ ខែមករា ឆ្នាំ២០២៥ នេះថា បន្ទាប់ពីមានរថយន្ត បុកខឿនពុះចែកទ្រូងផ្លូវ ភ្លាម នៅមុខផ្ទះរបស់ខ្ញុំ ជាប់ស្តុបកោះកេរ្តិ៍ ក៏នាំគ្នាចេញមកមើល ស្រាប់តែម្នាក់ៗ ស្រែក ថារថយន្តនេះ គឺជារបស់ ប៉ូលីស ការិយាល័យនគរបាលចរាចរណ៍ផ្លូវគោកខេត្តសៀមរាប  ប្រហែលគាត់ស្រវឹង បើកលឿនហើយ បត់យក ទើបបុកខឿនចែកទ្រូងផ្លូវនោះ ដែលនាំឲ្យមានការភ្ញាក់ផ្អើលជាខ្លាំង។បន្ថែមលើនេះទៅទៀត សមត្ថកិច្ចនគរបាលជំនាញ បានបញ្ជាក់ប្រាប់នៅព្រឹកថ្ងៃទី៤ ខែមករា ឆ្នាំ២០២៥ នេះផងដែរថា ពិតជាមានរថយន្តម៉ាក Lexus Lx400h ពណ៌មាស ផ្លាកលេខ សៀមរាប 2C-8744 បើកបរក្នុងទិសដៅពីជើងទៅត្បូង បត់ទៅកើតបាន រួចគេចម៉ូតូ ជ្រុល ទៅបុក ខឿនថ្ម ពុះចែកទ្រូងផ្លូវ នៅកន្លែងស្តុបកោះកេរ្តិ៍ ពិតប្រាកដមែន ហើយអ្នកបើកបរនោះជាលោកវរសេនីយ៍ត្រី វេង សៀក ហ៊ុយ នាយរង ការិយាល័យនគរបាលចរាចរណ៍ ផ្លូវគោកនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប។

សមត្ថកិច្ចដដែលបានបន្តថា បន្ទាប់ពីកើតហេតុ កម្លាំងនគរបាលជំនាញ បានចុះទៅដល់កន្លែងកើតហេតុ ក៏ឃើញមានរថយន្តសង្គ្រោះបន្ទាន់ ដឹកយកមនុស្សទៅសង្គ្រោះភ្លាមៗនោះផងដែរ ។ ក្រោយពីកើតហេតុ កម្លាំងនគរបាលជំនាញ ក៏បានឱ្យរថយន្តស្ទូចរបស់នគរបាលសចរាចរណ៍ ទៅស្ទួចយកទៅទុកនៅស្នាក់ការកណ្តាលចរាចរណ៍មាត់ស្ទឹងសៀមរាប ផងដែររីឯចំពោះ ខឿនពុះចែកទ្រូងផ្លូវ ជារបស់មន្ទីរសាធារណការ និង ដឹកជញ្ជូន ខេត្តសៀមរាប ដែលសមត្ថកិច្ច អញ្ជើញមកមើល រថយន្តបុកនោះមិនបានទាមទារសំណង ពីម្ចាស់ ថយន្តទេ ព្រោះ វាតិចតួចប៉ុណ្ណោះ។ បច្ចុប្បន្ន ជនបង្កគ្រោះថ្នាក់ចរាចរណ៍ កំពុងសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យឯកជន នៅក្នុងក្រុងសៀមរាប។ ចំណែក រថយន្តបង្កត្រូវបាន គេយកទៅជួសជុល ប្រើប្រាស់ ខ្លួនឯងបាត់ហើយ។ ចំពោះមូលហេតុវិញ សមត្ថកិច្ចបញ្ជាក់បន្ថែមថា បណ្ដាលមកពី អ្នកបើកបររថយន្ត ខ្វះការប្រុងប្រយ័ត្ន ។

ជុំវិញករណីគ្រោះថ្នាក់ចរាចរណ៍ ដែលបង្កឡើងដោយ លោកវរសេនីយ៍ត្រី វេង សៀក ហ៊ុយ នាយរងការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក ខាងលើនេះដែរ មហាជនបានធ្វើការ រិះគន់យ៉ាងចាស់ដៃថា «ចំពោះរថយន្តប៉ូលីសគ្នាឯង ហើយត្រូវជាមេផង យ៉ាងដូច្នេះ មិនត្រួតពិនិត្យជាតិអាកុលនោះទេ រួចយក រថយន្តមកស្ទួចទៅបាត់ទៀត បើរថយន្ត ឬ ម៉ូតូ ប្រជាពលរដ្ឋ ដែលបើកពេលយប់ មានគ្រោះថ្នាក់ចរាចរណ៍វិញហ្អី សុទ្ធតែពិនិត្យ ជាតិអាកុល ប្រសិនបើឃើញមានជាតិអាកុល ក្នុងខ្លួន ប្រាកដ មានទោស ឬ ទារនេះនោះថែមទៀតជាក់ជាមិនខាន»។

ទោះបីជាយ៉ាង រហូតមកដល់ពេលនេះ គេមិនទាន់ទទួលបានការបំភ្លឺណាមួយពីលោក វរសេនីយ៍ទោ សោម វីរ: នាយការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប (ម្ចាស់រថយន្ត) ចំពោះករណីគ្រោះថ្នាក់ចរាចរណ៍ដែលបង្កឡើងដោយកូនចៅក្រោមឱវាទរបស់ខ្លួន និងបានធ្វើឲ្យមហាជនរិះគន់យ៉ាងចាស់ដៃបែបនេះនៅឡើយទេ៕KD

អត្ថបទ លោក ច័ន្ទ រស្មី

ព័ត៌មានពេញនិយម