Sunday, December 22, 2024

មិនជឿកុំប្រមាថ ! បុរសម្នាក់គាបស្លាប់ក្នុងរថយន្តដឹកឈើ ខណះគូកនរងរបួសធ្ងន់ សង្ស័យតៃកុងងងុយដេក រ៉េបុកគល់ឈើ មហាជនថា ប្រហែលវិញ្ញាណឈើចងអាឃាត

ខេត្តព្រះវិហា ៖ គ្រោះថ្នាក់ចរាចរ រថយន្តបាឡែនដឹកឈើ សង្ស័យអ្នកបើបរងងុយដេក បានរ៉េចង្កូតទៅបុកគល់ឈើពេញទំហឹង បណ្តាលអោយស្លាប់គាបជាប់អោបចង្កូត ចំណែកឯគូកនរបស់ខ្លួនបានរបួសធ្ងន់ នៅតាមបណ្ដោយលើផ្លូវជាតិលេខ ៦២ ត្រង់ចំណុចចន្លោះគីឡូម៉ែត្រលេខ២០៨-២០៩ ស្ថិតក្នុងភូមិត្រពាំងសង្កែ ខាងលិចឃុំកន្ទួត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ នៅវេលាម៉ោង៤ទាបភ្លឺ ថ្ងៃទី ២២ ខែធ្នូ ឆ្នាំ២០២៤។ ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា ថាករណីគ្រោះថ្នាក់ខាងលើ បង្កឡើងដោយរថយន្ត Camry បាឡែន ពណ៌ប្រាក់ ផ្លាកលេខភ្នំពេញ 2AB-4229 ផ្ទុកឈើពេញបើកបរក្នុងទិសដៅពីទិសខាងកើតទៅលិច លុះដល់ចំណុចកើតហេតុខាងលើ បានរ៉េចង្កូតចេញពីផ្លូវ ទៅបុកគល់ឈើបណ្តាលអោយរថយន្ត រងការខូចខាត់ធ្ងន់ផ្នែកខាងមុខធ្ងន់ធ្ងរ ហើយឈើដែលផ្ទុកក្នុងរថយន្ត បុកគាបអ្នកបើកបរជាប់និងដៃចង្កូតស្លាប់និងកន្លែង ចំណែកអ្នករួមដំណើរម្នាក់ទៀត រងរបួសធ្ងន់បាក់ភ្លៅ ទាំងសងខាង ត្រូវបានជួយសង្រ្គោះនាំទៅមន្ទីរពេទ្យ។

សមត្ថកិច្ចបន្តថា អ្នកបើកបររថយន្តដឹកឈើខាងលើមានឈ្មោះ ធី ថន ភេទប្រុស អាយុ ៣៥ឆ្នាំ មុខរបរអ្នកបើកបររថយន្ត រស់នៅភូមិទួលកណ្ដាល ឃុំត្រពាំងព្រៃ ស្រុកអន្លង់វែង ខេត្តឧត្តមានជ័យ រីឯ អ្នករួមដំណើរមានឈ្មោះ តន់ សារ៉ូ ភេទប្រុស អាយុ ៣៦ឆ្នាំ មុខរបរកម្មករ រស់នៅភូមិទួលកណ្ដាល ឃុំត្រពាំងព្រៃ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ។
សមត្ថកិច្ចបញ្ជាក់ថា តាមការពិនិត្យសមត្ថកិច្ចជំនាញអាចសន្និដ្ឋានថា ករណីគ្រោះថ្នាក់ចរាចរខាងលើ គឺ បង្កឡើងដោយខ្លួនឯងសង្ស័យតែកុងងងុយដេក ហើយដោយសាររថយន្តដឹកធ្ងន់ផង ទើបបង្កអោយមានអ្នកគាបស្លាប់ និងរបួសធ្ងន់។
ក្រោយកើតហេតុ សពបានប្រគល់ជូនសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណីនៅខេត្តឧត្តរមានជ័យ អ្នករងរបួស បានបញ្ជូនទៅមន្ទីរពេទ្យអគ្គស្រអែម វត្ថុតាងបានយករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកជាំក្សាន្ត។
មហាជនបានលើកឡើងជាយោបល់ផ្សេងៗ ថា នេះមកពីការរកស៊ីឈើភាគច្រើន តែងតែបើកបរនៅពេលយប់ ដើម្បីគេចចេញពីការពិនិត្យរបស់សមត្ថកិច្ចជំនាញ និងក្រុមអ្នកសារព័ត៌មាន។ មហាជនខ្លះទៀតក៍បានលើកឡើងដែរថា ការរកស៊ីឈើភាគច្រើនតៃកុងឡានបើកលឿនៗណាស់ ព្រោះខ្លាចជំនាញដេញ ដោយសារខ្លួនលោតឆ័ត្រ(មិនចូលបង់ប្រាក់) ។ ក្នុងការបញ្ចេញមយិភាគច្រើនទាំងនោះ ក៍មានឃើញមានមតិមួយគួរឲ្យចាប់អារម្មណ៍ជាងគេ ដែលបានលើកឡើងថា ជាទូទៅបូរាណខ្មែរជឿថា រាល់ដើមឈើទាំងអស់តែងតែមាន ព្រលឹងវិញ្ញាសា ពពួកអមនុស្សកាន់និងស្នាក់អាស្រ័យ ប៉ុន្តែត្រូវបានបាត់បង់ដោយការកាប់បំំផ្លាញខុសច្បាប់ ដល់ពេលវេលាណាមួយដែល ជោគជតារាសីរបស់អ្នកបំផ្លិចបំផ្លាញទាំងនោះធ្លាក់ចុះហើយ ព្រលឹងវិញ្ញាណរបស់អមនុស្សទាំងនោះនឹងចាប់ផ្តើមបំផ្លាញវិញ។
មហាជនជាច្រើនបានសំណូមពរដល់អ្នកដែលប្រកបរបរ កាប់បំផ្លាញព្រៃឈើ ក៍ដូចជាអ្នកកំពុងតែបំផ្លាញសម្បត្តិជាតិផ្សេងៗមេត្តាបញ្ឈប់ទៅ៕KD

ព័ត៌មានពេញនិយម