ខេត្តសៀមរាប ៖ មន្ទីរពេទ្យឯកជន យីហោ «នាគទេព » ដែលមានអាស្រ័យដ្ឋាន នៅតាមបណ្ដោយផ្លូវ ៧មករា ស្ថិតក្នុងភូមិជន្លង់ សង្កាត់សាលាកំរើក ក្រុងសៀមរាប បានល្មើសបំរាម របស់ក្រសួងសុខាភិបាល ហ៊ានយករថយន្តគិលានសង្គ្រោះ របស់ខ្លួនចេញយកជនរងគ្រោះដែលជាក្មេងស្រីសិស្សសាលាម្នាក់ ដោយសារគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្តកូរ៉េ ១,៥ត ម៉ាក Kia ពណ៌ខៀវ ផ្លាកលេខ សៀមរាប 2A-7103 ជាមួយម៉ូតូ Honda Dream C125 ពណ៌ខ្មៅ ផ្លាកលេខ ភ្នំពេញ 1GF-1650 នៅលើផ្លូវថ្មមាស ស្ថិតក្នុងភូមិសាលាកំរើក សង្កាត់សាលាកំរើក ក្រុងសៀមរាប ខេត្តសៀមរាប វេលាម៉ោង ១១ និង ៤៥នាទីថ្ងៃទី ២១ ខែធ្នូ ឆ្នាំ២០២៤។មហាជនថា ទង្វើនេះ បានល្មើសបំរាម របស់ក្រសួងសុខាភិបាល យ៉ាងធ្ងន់ធ្ងរ ដែលបានហាមមិនឲ្យរថយន្តគិលានសង្គ្រោះ ឯកជនរាជធានី-ខេត្តទាំងអស់ក្នុង ក្របខ័ណ្ឌទូទាំងប្រទស ចេញទៅដឹកអ្នករងរបួស ឬស្លាប់ ដោយគ្រោះថ្នាក់ចរាចរ នៅតាមដងផ្លូវនោះឡើយ និងជាពិសេសបាននឹងជន់ឈ្លី សម្ដីរបស់ ឯកឧត្តមវេជ្ជបណ្ឌិត ង៉ូវ កាង រដ្ឋលេខាធិការក្រសួងសុខាភិបាល ដែលធ្វើបានធ្វើការរំឭកសារជាថ្មី ដល់ម្ចាស់ពេទ្យឯកជន ហាមយករថយន្តសង្គ្រោះទៅដឹកអ្នកគ្រោះថ្នាក់ចរាចរណ៍តាមដងផ្លូវសាធារណៈកាលពីថ្ងៃទី ០៦ ខែវិច្ឆិកា ឆ្នាំ២០២៤ កន្លងទៅ។យោងលិខិត របស់ ក្រសួងសុខាភិបាល ចកាលបរិច្ឆេទថ្ងៃទី ២៧ ខែមករា ឆ្នាំ២០២៣ បានស្នើឱ្យអាជ្ញាធររាជធានី-ខេត្តចាត់វិធានការចំពោះរថយន្តគិលានសង្គ្រោះឯកជនគ្មានជំនាញ និងខុសច្បាប់ ដែលរង់ចាំដឹកអ្នករងគ្រោះថ្នាក់ចរាចរណ៍ទៅមូលដ្ឋានសុខាភិបាលឯកជន។
ជុំវិញករណីនេះ ទីភ្នាក់ងារសារព័ត៌មាន គូលែនដេលី នៅមិនទាន់ទទួលបានការបំភ្លីពី មន្ទីរពេទ្យនាគទេព និងមន្ទីរសុខាភិបាល នៅឡើយទេ។
មហាជនកំពុងរង់ចាំមើលថា តើ ឯកឧត្តមវេជ្ជបណ្ឌិត ក្រុស សារ៉ាត់ ប្រធានមន្ទីរសុខាភិបាល និងបញ្ជាឲ្យ លោកវេជ្ជបណ្ឌិត ហ៊ៀក ប៊ុនលឿន ប្រធានការិយាល័យសេវាឯកជន នៃមន្ទីរសុខាភិបាលខេត្តសៀមរាប ចាត់វិធានការយ៉ាងដូចម្តេចចំពោះមន្ទីពេទ្យ នាគទេព មួយនេះ?