ខេត្តសៀមរាប ៖ មានករណីគ្រោះថ្នាក់ចរាចរណ៍ កើតឡើង កាលពីវេលាម៉ោង ២២ និង៣០នាទីថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៤ លើផ្លូវជាតិលេខ៦ ត្រង់ចន្លោះបង្គោលគីឡូម៉ែត្រលេខ ៣៤៨-៣៤៩ ស្ថិតក្នុងភូមិព្រៃជ្រូក ឃុំព្រៃជ្រូក ស្រុកពួក ខេត្តសៀមរាប រវាងរថយន្តម៉ាក Lexus LX 570 Kuro ពណ៍ខ្មៅ ផ្លាកលេខ ភ្នំពេញ 2BW-1236 ជាមួយត្រាក់ទ័រ ម៉ាកគូបូតា ពណ៌ក្រហម សណ្តោង រ៉ឺម៉កពណ៌ក្រហម គ្មានផ្លាកលេខ មានដឹកដឹកម៉ាសុីនច្រូតស្រូវ។ ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា មានរថយន្ត Lexus LX 570 Kuro បើកបរដោយឈ្មោះ កែវ ពេជ្រចិន្ដា ភេទ ប្រុស អាយុ ៥៧ ឆ្នាំ មានទីលំនៅក្នុងភូមិថ្លែង ឃុំជម្រះព្រៀន ស្រុកសំរោង ខេត្តតាកែវ មុខរបរជាអ្នកបើកបររថយន្ត មានដឹកអ្នករួមដំណើរចំនួន ០២នាក់ទៀត ដែលទី១ មានឈ្មោះ ពុំ តារាសិទ្ធី ភេទ ប្រុស អាយុ ៦០ឆ្នាំ នៅភ្នំពេញព្រះបរមរាជវាំង មានតួនាទីអគ្គរាជទូតអមព្រះរាជលេខាធិការដ្ឋានព្រះមហាក្សត្រ និងទី២ មានឈ្មោះ Richard Falquero ភេទប្រុសអាយុ ៥០ឆ្នាំ ជាជនជាតិបារាំង មុខរបរ ឯកអគ្គរាជទូតអមព្រះរាជលេខាធិកាដ្ឋាន ព្រះមហាក្សត្រ ធ្វើដំណើរក្នុងទិសដៅពីកើតទៅលិច បានទៅបុកត្រាក់ទ័រ ម៉ាកគូបូតា ព៌ណក្រហម សណ្តោង រ៉ឺម៉កព៌ណក្រហម គ្មានផ្លាកលេខ មានដឹកដឹកម៉ាសុីនច្រូតស្រូវ ដែលបើកបរដោយជនមិនស្គាល់អត្តសញ្ញាណ ធ្វើដំណើរក្នុងទិសដៅពីកើតទៅលិចដូចគ្នា និងក្រោយពីកើតហេតុអ្នកបើបរត្រាក់ទ័រ ម៉ាកគូបូតា បានរត់គេចខ្លួនបាត់បាត់ស្រមោលតែម្ដង។
ប្រភពដដែលបន្តថា ករណីនេះបានបណ្ដាលឲ្យខូចខាតរថយន្ត០១គ្រឿងធ្ងន់ និងខូចខាតត្រាក់ទ័រ០១គ្រឿងស្រាល ប៉ុន្តែពុំបានបណ្តាលអោយរបួសមនុស្សទេ។
ប្រភពបញ្ជាក់ថា មូលហេតុដែលឲ្យកើតមានគ្រោះថ្នាក់ចរាចរនេះ គឺមកពី ត្រាក់ទ័រដឹកម៉ាសុីនច្រូតគ្មានភ្លើងបំភ្លឺក្រោយ នឹង រថយន្ត បើកបរក្នុងល្បឿនលឿនខ្វះការប្រុងប្រយ័ត្ន ។ បន្ទាប់ពីកើតហេតុកម្លាំងងជំនាញបានសហការណ៍ ជាមួយកំលាំងប៉ុស្តិ៍នគរបាលរដ្ឋបាលព្រៃជ្រូក ចុះវាស់វែង នៅកន្លែងកើតហេតុ និងបានប្រមូលយកវត្ថុតាងទៅរក្សាទុក្ខដើម្បីបន្តនិតិវិធី៕KD