Tuesday, December 17, 2024

ករណីមន្ទីរពហុព្យាបាល សុខភាព ដាក់សេរ៉ូមខុសបណ្ដាលឲ្យស្ត្រីម្នាក់ស្លាប់ នៅមិនទាន់បានឃើញយុត្តិធម៌ ខណះមន្ត្រីជំនាញនៅតែឆ្លើយដាក់គ្នា

ខេត្តសៀមរាប ៖ មន្ទីរពេទ្យឯកជនយីហោ មន្ទីរពហុព្យាបាល សុខភាព ស្ថិតភូមិតាភុល សង្កាត់សាលាកំរើក ក្រុងសៀមរាប ខេត្តសៀមរាបកាលពីចន្លោះម៉ោង១២ និង ០០នាទីថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២៤ រងការចោទប្រកាន់ថា បានដាក់សេរ៉ូមខុសបណ្ដាលឲ្យស្ត្រីម្នាក់ស្លាប់ នៅមិនទាន់បានឃើញយុត្តិធម៌ ខណះមន្ត្រីជំនាញនៅតែឆ្លើយដាក់គ្នា រហូតមកដល់ថ្ងៃទី ១៧ ខែធ្នូ ឆ្នាំ២០២៤នេះ។ ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា កម្លាំងជំនាញបានដឹងហេតុវេលាម៉ោង១៧ និង ២០នាទី ថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២៤ សពមានឈ្មោះ ជុំ រាម ភេទស្រី អាយុ ៤៦ឆ្នាំ មុខរបរ លក់ដូរ ទីកន្លែងកំណើត និង ទីលំនៅបច្ចុប្បន្នភូមិព្រះដាក់ ឃុំព្រះដាក់ ស្រុកបន្ទាយស្រី ខេត្តសៀមរាប។សមត្ថកិច្ចបន្តថា នៅវេលាម៉ោង១៧ និង ២០នាទី ថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២៤ កម្លាំងយើងទទួលសេចក្តីរាយការណ៍ពីក្រុមគ្រួសារសប តាមរយៈទូរស័ព្ទឱ្យដឹងថា បន្ទាប់ពីជួបគ្រោះថ្នាក់ចរារណ៍កាលពីព្រឹកថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២៤ ស្ត្រីរងគ្រោះខាងលើត្រូវបានក្រុមគ្រួសារបញ្ជូនទៅសង្គ្រោះមន្ទីរពេទ្យឯកជនយីហោ គ្លីនិចអង្គរសង់ទេ ហើយនៅថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២៤ បន្តទៅព្យាបាលនៅមន្ទីរពេទ្យឯកជនយីហោ គ្លីនិចសុខភាព ស្ថិតភូមិតាភុល សង្កាត់សាលាកំរើក ក្រុងសៀមរាប ខេត្តសៀមរាប ដោយក្រុមគ្រូពេទ្យបានសង្គ្រោះរហូតមានសភាពធូស្រាល ស្រាប់តែនៅចន្លោះម៉ោង១២ និង ០០នាទីថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២៤ ក្រុមគ្រួពេទ្យបានប្តូរហ្សេរ៉ូមឱ្យអ្នកជម្ងឺខុសទើបមានបញ្ហាសុខភាព ស្ទះដើមទ្រូង ថប់ដង្ហើម រហូតបាត់បងជីវិត ពេលដឹកបញ្ជូនបន្តទៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប។

សមត្ថកិច្ចបានបន្ថែមថា បន្ទាប់ពីទទួលសេចក្តីរាយការណ៍ខាងលើ កម្លាំងយើងបានសហការ ជាមួយកម្លាំងការិយាល័យនគរបាលបច្ចេកទេសវិទ្យាសាស្ត្រ និង ក្រុមវេជ្ជបណ្ឌិតមកពីគណៈគ្រូពេទ្យខេត្តសៀមរាប ចុះដល់ទីតាំងមន្ទីរពេទ្យឯកជន គ្លីនិចសុខភាព ហើយបន្តចុះពិនិត្យសាកសពឈ្មោះ ជុំ រាម ភេទស្រី អាយុ ៤៦ឆ្នាំ នៅចំណុចភូមិព្រះដាក់ ឃុំព្រះដាក់ ស្រុកបន្ទាយស្រី ខេត្តសៀមរាប។

តាមការពិនិត្យសាកសព៖ ១.ផ្នែកក្បាល៖ មានសភាពធម្មតា។ ២.ផ្នែកអវយវៈដងខ្លួន៖ ក្រោមក្លៀកខាងស្តាំ មានស្នាកដេរ ចំនួន ០៥ថ្នេរ។ ៣.ផ្នែកអវយវៈដៃជើង៖ ដៃផ្នែកខាងស្តាំ មានស្នាមម្ចុល បញ្ចូលហ្សេរ៉ូម ចំនួន ០១កន្លែង, ត្រង់ចំណុចក្បាលជង្គង់ផ្នែងខាងឆ្វេង មានស្នាមដាច់រលាត់ ចំនួន ០១កន្លែង (ស្នាមចាស់)។

តាមការស្តាប់បំភ្លឺរបស់ឈ្មោះ ស៊្រាន ភារុំ ភេទស្រី អាយុ ២០ឆ្នាំ មុខរបរ លក់ដូរ (ត្រូវជាកូនស្រីបង្កើតសាកសព) បានរៀបរាបថា៖ នៅព្រឹកថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២៤ ឪពុករបស់ខ្លួនឈ្មោះ ស្រ៊ាន គឹមនាង បានបើកម៉ូតូឌុបម្តាយឈ្មោះ ជុំ រាម ចេញពីផ្ទះនៅចំណុចជ្រុងខាងកើតនៃផ្សាព្រះដាក់ ដើម្បីទៅបើកតូបលក់ដូរ នៅទិសខាងលិចផ្ទះប្រហែល៥០០ទៅ៦០០ម៉ែត្រ ពេលបើកម៉ូតូដល់ចំណុចផ្លូវបេតុង ក្បែកន្លែងលក់អាកោ ស្ថិតនៅភូមិព្រះដាក់ ឃុំព្រះដាក់ ក៏ជួបគ្រោះថ្នាក់ចរារចណ៍ជាបុកមួយម៉ូតូ ០១គ្រឿងទៀតដែលបើកច្រាស់ទិសគ្នាបណ្តាលឱ្យម្តាយឈ្មោះ ជុំ រាម រងរបួសធ្ងន់ ចំណែកឪពុកឈ្មោះ ស្រ៊ាន គឹមនាង ជាអ្នកបើកឌុបរងរបួសស្រាល។ បន្ទាប់ពីកើតហេតុក្រុមគ្រួសារបានដឹកឈ្មោះ ជុំ រាម ទៅសង្គ្រោះនៅមន្ទីរពេទ្យអង្គរសង់តេ លុះដល់ថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២៤ វេលាម៉ោង៧ និង ៣០នាទីព្រឹក បានប្តូរឈ្មោះ ជុំ រាម ទៅសម្រាក់ព្យាបាលនៅមន្ទីរពេទ្យឯកជនយីហោគ្លីនិចសុខភាព។ តាមការពិនិត្យរបស់ក្រុមគ្រូពេទ្យបានឱ្យដឹងថា ស្រ្តីជាម្តាយឈ្មោះ ជុំ រាម រងរបួសបាក់ឆ្អឹងជំនីផ្នៃកខាងស្តាំ ចំនួន ០៥កាំ, ខ្ទាំសួត, មានឈានដក់ក្នុងថង់សួត, មានមេរោគទឹកនោមផ្អែម រួមទាំងឈាមសឡើងខ្ពស់ខុសពីធម្មតា។ នៅវេលាម៉ោង២០ និង ០០នាំទីថ្ងៃទីដដែល ក្រុមគ្រូពេទ្យបានធ្វើការព្យាបាលដោយចោះបង្ហូឈាមចេញពីថងសួត ផ្តល់ស្សេរ៉ូម, ថ្នាំចាក់ និងថ្នាំគ្រាប់ រហូតម្តាយមានការធូស្រាលជាបន្តបន្ទាប់ លុះដល់វេលាម៉ោង៩ និង ០០នាទីព្រឹកថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២៩ លោកវេជ្ជបណ្ឌិតបានដកទុយោបហ្ហូឈាមពីថងសួតចេញ ហើយម្តាយឈ្មោះ ជុំ រាម នៅមានសុខភាពធមត្មា លុះវេលាម៉ោង១២ និង ០០នាទី ថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២៤ ម្តាយខ្លួនអស់ហ្សេរ៉ូម ហើយគ្រូពេទ្យបានយកហ្សេរ៉ូមមកចាក់បញ្ជូល (ប្តូរឱ្យថ្មី) ដោយនៅលើប្លោកហ្សេរ៉ូមមានសរសេរលេខ ២៣ ចំណែកម្តាយខ្លួនសម្រាក់នៅគ្រែលេខ ២២ បន្ទាប់ពីដាក់ហ្សេរ៉ូមថ្មីមានប្រហែលកន្លេះម៉ោងម្តាយនាងមានអាការៈធ្វើទុក ហើយក៏សុំឱ្យជូនទៅបន្ទប់ទឹក ពេលត្រឡប់មកវិញអាការៈធ្វើទុកកាន់តែធ្ងន់ ដោយតអ្នកជម្ងឺស្ទះដើមទ្រូង ថប់ដង្ហើម កាន់តែធ្ងន់ធ្ងរ ក្រុមគ្រូពេទ្យរកវិធីជួយសង្គ្រោះតែមិនធូរស្រាល ហើយរៀបចំដឹកបញ្ជូនទៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប ក៏បានដាច់ខ្យល់ស្លាប់តែម្តង ប៉ុន្តែមិនដឹកថា ស្លាប់នៅក្នុងមន្ទីរពេទ្យឯកជន ឬតាមផ្លូវទៅមន្ទីរពេទ្យបង្អែកខេត្តនោះទេ។

សមត្ថកិច្ចបញ្ជាក់ថា ចំពោះករណីនេះលោកវេជ្ជបណ្ឌិត នៃគណៈគ្រូពេទ្យខេត្តសៀមរាប ពុំទាន់បានធ្វើការសន្និដ្ឋានផ្ទាល់មាត់ ឬផ្តល់ជូននូវរបាយការណ៍ដល់កម្លាំងជំនាញនៅឡើងទេ។

ពាក់ព័ន្ធនឹងករណីដែលមានក្រុមគ្រួសារអ្នកជម្ងឺ ចោទប្រកាន់ថា មន្ទីរពហុព្យាបាល សុខភាព បានដាក់ច្រលំសេរ៉ូម បណ្ដាលឲ្យ ស្ត្រីម្នាក់ស្លាប់ កាលពីរសៀលថ្ងៃទី ៩ ខែធ្នូ ឆ្នាំ២០២៤ កន្លងទៅ ទីភ្នាក់ងារសារព័ត៌មាន គូលែនដេលី កាលពីថ្ងៃទី ១៤ ខែធ្នូ ឆ្នាំ២០២៤កន្លងទៅ បានជំរាបសួរទៅ លោក ឆង ណៃ ប្រធានរដ្ឋបាលនៃមន្ទីរសុខាភិបាលខេត្តសៀមរាប ថា «តើរហូតមកដល់ពេលនេះ មន្ទីរសុខាភិបាលមានជ្រាប និងបើកការស៊ើបអង្កេតហើយឬនៅ លោកគ្រូ?» លោក ឆង ណៃ ប្រធានរដ្ឋបាលនៃមន្ទីរសុខាភិបាលខេត្តសៀមរាបបានតបថា «សុំទោស ខ្ញុំមិនបានដឹងអីទេ, ចង់ដឹងបងសួរម្ខាស់គេទៅ ម៉េចមកសួរខ្ញុំធ្វើអី, គ្រាន់តែដឹងថាស្លាប់ តែប៉ុណ្ណឹង តែស្លាប់យ៉ាងម៉េច ខ្ញុំអត់ដឹង, ខ្ញុំរដ្ឋបាលមន្ទីរ មិនមានច្បាប់ ឬវិធានការអីទេបង, ខ្ញុំមានថ្នាក់ដឹកនាំ បងចង់ដឹង សួរថ្នាក់ដឹកនាំទ, មិនពាក់ព័ន្ធនឹងបុគ្គលខ្ញុំត្រូវឆ្លើយទេបង, ព្រោះខ្ញុំអត់ដឹងរឿងជុំវិញនៃការស្លាប់, សុំទោស ខ្ញុំមិនឆ្លើយតបបន្តទៀតទេ»។

នៅរសៀលថ្ងៃទី ១៤ ខែធ្នូ ឆ្នាំ២០២៤ ទីភ្នាក់ងារសារព័ត៌មាន គូលែនដេលី ក៍បានធ្វើការសាកសួរទៅកាន់ លោក វេជ្ជបណ្ឌិត ហ៊ៀក ប៊ុនលឿន ប្រធានការិយាល័យ សេវាឯកជន នៃមន្ទីរសុខាភិបាលខេត្តសៀមរាប តាមរយៈប្រព័ន្ធសារអេឡិចត្រូនិច តេលេក្រាម ផងដែរថា «សុំអនុញ្ញតជំរាបសួរព័ត៌មាន ពាក់ព័ន្ធនឹងករណីដែលមានក្រុមគ្រួសារអ្នកជម្ងឺ ចោទប្រកាន់ថា មន្ទីរពហុព្យាបាល សុខភាព បានដាក់ច្រលំសេរ៉ូម បណ្ដាលឲ្យ ស្ត្រីម្នាក់ស្លាប់ កាលពីរសៀលថ្ងៃទី ៩ ខែធ្នូ ឆ្នាំ២០២៤ កន្លងទៅ។ តើរហូតមកដល់ពេលនេះ មន្ទីរសុខាភិបាលមានជ្រាប និងបើកការស៊ើបអង្កេតហើយឬនៅ លោកគ្រូ?» ប៉ុន្តែជាលទ្ធផល លោកវេជ្ជបណ្ឌិតមិនបានឆ្លើយតបវិញទេ បើទោះបីជាលោកបានចូលមើលក៍ដោយ។

នៅរសៀលថ្ងៃទី ១៤ ខែធ្នូ ឆ្នាំ២០២៤ ទីភ្នាក់ងារសារព័ត៌មានគូលែនដេលី បានជំរាបអំពីករណីនេះ ទៅកាន់លោក វេជ្ជបណ្ឌិត ប៉ែន ផលគុណ ប្រធានមន្ទីរពេទ្យបង្អែកខេត្តសៀមរាប ដោយលោកបានឆ្លើយខ្លីថា « មានគណកម្មការគេចវាយតម្លៃហើយតើ, អឺ! មិនអាចប្រាប់បានទេ មានក្រុមការងារគេ។» ហើយក៍បិទការទំនាក់ទំនងតែម្តង។

ជាមួយគ្នានេះផងដែរ កាលពីរសៀលថ្ងៃទី ១៤ ខែធ្នូ ឆ្នាំ២០២៤ កន្លងទៅទីភ្នាក់ងារសារព័ត៌មានគូលែនដេលី ក៏បានគោរពអនុញ្ញាតជម្រាបសួរ ទៅកាន់ឯកឧត្តមវេជ្ជបណ្ឌិត ក្រុស សារ៉ាត់ ទីប្រឹក្សាក្រសួងសុខាភិបាល និងជាប្រធានមន្ទីរសុខាភិបាលខេត្តសៀមរាប ជុំវិញករណី នៃការស្លាប់របស់ស្ត្រី ជុំ រាម ខាងលើផងដែរ ឯកឧត្តមវេជ្ជបណ្ឌិតឲ្យមានប្រសាសន៍ថា « ខ្ញុំសុំទោស, ខ្ញុំចង់ប្រាប់ឯងថាការងារអស់ហ្នឹង អត់មានពាក់ព័ន្ធអីជាមួយនឹងខ្ញុំទេ។ គេមានខាង និយ័តកម្មសុខាភិបាល គេមានខាងក្រុមគណៈគ្រូពេទ្យ គេធ្វើការងារហ្នឹង ហើយគេមានអាគាធិការដែលគេចុះមកធ្វើការងារស៊ើបសួរអញ្ជឹងណា។ ហើយមានមួយទៀតគឺខាងឆ្លើយឆ្លងព័ត៌មាននៅសាលាខេត្ត ប៉ុន្តែអ្វីដែលច្បាស់លាស់គឺក្រុមខាងនិយ័តកម្ម និងក្រុមគណៈគ្រូពេទ្យ តែខ្ញុំអត់ទេ អញ្ចឹងទាក់ទងសួរឲ្យច្បាស់លាស់ទៅកុំឲ្យខុសមនុស្ស ហើយមន្ទីរសុខាភិបាលគ្រាន់តែថាឱ! កន្លែងនឹងវាមានច្បាប់»។

លោក លី វណ្ណ: នាយករដ្ឋបាលសាលាខេត្តសៀមរាបក៍បានបញ្ជាក់ខ្លីប្រកបដោយក្រមសីលធម៌ខ្ពស់ មកកាន់ទីភ្នាក់ងារសារព័ត៌មាន គូលែនដេលី កាលពីរសៀលថ្ងៃទី ២៤ ខែធ្នូ ឆ្នាំ២០២៤ កន្លងទៅថា « ខ្ញុំបានទាក់ទងទៅកាន់មន្ទីរសុខាភិបាលហើយ ចំពោះរឿងនេះគឺខាងសមាគមន៍គ្រូពេទ្យ និង និយ័តកម្មសុខាភិបាល គាត់កំពុងធ្វើកិច្ចការងារហ្នឹង ស្រាវជ្រាវ ហើយដូចជាមានអធិការកិច្ចក្រសួងសុខាភិបាលផងដែរ កំពុងធ្វើការងារហ្នឹងរួចហើយបានគេមានសេចក្ដីបំភ្លឺ! អញ្ចឹងយើងរង់ចាំការស៊ើបអង្កេតរបស់គាត់ឲ្យអស់សិន ដោយសារនេះជាជំនាញវិជ្ជាជីវ:របស់គ្រូពេទ្យ អញ្ចឹងខ្ញុំអត់អាចបកស្រាយរឿង បច្ចេកទេសរបស់គាត់បាន ទាល់តែចាំបានការបំភ្លឺ ឬសេចក្តីប្រកាសព័ត៌មានរបស់ពួកគាត់ទើបខ្ញុំអាចផ្ដល់ជូនបាន»។

លើសពីនេះ នៅរសៀលថ្ងៃទី ១៧ ខែធ្នូ ឆ្នាំ២០២៤ ទីភ្នាក់ងារសារព័ត៌មាន គូលែនដេលី បានធ្វើការទំនាក់ទំនង ទៅកាន់ឯកឧត្តមវេជ្ជបណ្ឌិត ហុក គឹមចេង អគ្គនាយក នៃអគ្គនាយកដ្ឋានបច្ចេកទេសសុខាភិបាល នៃ ក្រសួងសុខាភិបាល តាមរយៈទូរស័ព្ទ ដោយឯកឧត្តមវេជ្ជបណ្ឌិត តបថាកំពុងជាប់ប្រជុំ បន្ទាប់មកគូលែនដេលី បានគោរពជំរាបសួរតាមរយៈសារអេឡិចត្រូនិច តេលេក្រាម «សូមអនុញ្ញាតសួរសំណួរមួយចំនួនផងទាន

១-តើចំពោះការស្លាប់របស់ស្ត្រី ដែលក្រុមគ្រួសារគាត់ចោទថា ក្រុមគ្រូពេទ្យ នៃមន្ទីរពហុព្យាបាល សុខភាព ដែលមានទីតងស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៦ ស្ថិតក្នុងភូមិតាភុល សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប ថាបានដាក់សេរ៉ូម ខុសលេខគ្រែ(២២ តែដាក់លេខ២៣) បណ្ដាលឲ្យស្លាប់ស្ត្រីខាងលើនោះ តើខាងក្រសួងបានជ្រាបទេទាន?

២- ឯកឧត្តមវេជ្ជបណ្ឌិត ក្រុស សារ៉ាត់ ប្រធានមន្ទីរសុខាភិបាលខេត្តសៀមរាបបានមានប្រសាសន៍ថា ខាងក្រសួងសុខាភិបាល បានបញ្ជូនក្រុមនិយ័តកម្មសុខាភិបាល និងក្រុមគណៈគ្រូពេទ្យចុះទៅធ្វើការស្រាវជ្រាវតើជាការពិតទេទាន? ហើយបើបានបញ្ជូន តើបញ្ជូនតាំងពីពេលណា? តើបច្ចុប្បន្នដំណើរការស្រាងជ្រាវស៊ើបអង្កេតបានបញ្ចប់ហើយឬនៅទាន? ចំពោះលទ្ធផលរកឃើញ និងចំណាត់ការយ៉ាងដូចម្ដេចដែរទាន?» ជាលទ្ធផលឯកឧត្តមវេជ្ជបណ្ឌិតមិនបានចុះពិនិត្យមើល និងឆ្លើយតបនោះឡើយ មិនតែប៉ុណ្ណោះគូលែនដេលី បានព្យាយាមធ្វើការទំនាក់ទំនងសារសួរព័ត៌មាន តាមទូរស័ព្ទជាថ្មីនៅរសៀលថ្ងៃដដែល ប៉ុន្តែទូរស័ព្ទត្រូវបានកាត់ផ្ដាច់ទំនាក់ទំនងទៅ។

ទោះបីជាយ៉ាងណា គ្រួសារស្ត្រីរងគ្រោះខាងលើ និងមហាជនបានធ្វើការគោរពសំណូមពរ ឯកឧត្តមសាស្ត្រាចារ្យវេជ្ជបណ្ឌិត ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងជាពិសេស សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា មេត្តាជួយរកយុត្តិធម៌ជូនក្រុមគ្រួសារជនរងគ្រោះ និងរកឲ្យឃើញនូវការពិតដើម្បីជាការលើកកិត្តិយស និងរិតបន្តឹងគុណភាព ប្រសិទ្ធភាព វិជ្ជាជីវៈក្នុងវិស័យសុខាភិបាលរបស់កម្ពុជា ដូចដែលអ្វីដែលសម្ដេចធិបតីនាយករដ្ឋមន្ត្រី ធ្លាប់បានលើកឡើងទាក់ទិននឹងវិស័យនេះកាលពីពេលកន្លងទៅហើយផងដែរ៕KD

ព័ត៌មានពេញនិយម