Wednesday, December 18, 2024

ក្រសួងការពារជាតិកម្ពុជា អនុញ្ញាតឲ្យ នាវាចម្បាំងកងទ័ពជើងទឹក សហរដ្ឋអាមេរិក ឈ្មោះ USS SAVANNAH (LCS 28) ចូលចតនៅកំពុងផែស្វ័យត ក្រុងព្រះសីហនុ 

រាជធានីភ្នំពេញ ៖ នៅថ្ងៃទី ១៣ ខែធ្នូ ឆ្នាំ២០២៤នេះ ក្រសួងការពារជាតិកម្ពុជា ចេញសេចក្តីប្រកាសព័ត៌មាន ឯកភាព ចំពោះសំណើរដែលសុំចតនាវាចម្បាំងកងទ័ពជើងទឹក សហរដ្ឋអាមេរិក ឈ្មោះ USS SAVANNAH (LCS 28) នៅកំពុងផែស្វ័យតក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៤។ យោងសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងការពារជាតិថា តបតាមសំណើរបស់សហរដ្ឋអាមេរិក ក្នុងការចូលសំចតនាវា និងទទួលបានការឯកភាព ពីក្រសួងការពារ ជាតិ នៃព្រះរាជាណាចក្រកម្ពុជានាវាចម្បាំងកងទ័ពជើងទឹក សហរដ្ឋអាមេរិក ឈ្មោះ USS SAVANNAH (LCS 28) ដែលមាននាវិកសរុបចំនួន១០៣នាក់នឹងធ្វើការចូលសំចត នៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៤។ការចូលសំចតនាវារបស់សហរដ្ឋអាមេរិ កនេះ ក្នុងគោលបំណងពង្រឹង និងពង្រីកចំណងមិត្តភាព ក៏ដូចជាការលើកកម្ពស់នៃកិច្ចសហប្រតិបត្តិការ ទ្វេភាគីរវាងព្រះរាជាណាចក្រកម្ពុជា និងសហរដ្ឋអាមេរិក។

ក្រសួងការពារជាតិកម្ពុជាបន្តថា ក្នុងអំឡុង ពេលចូលសំចតនាវានៅក្នុងប្រទេសកម្ពុជារយៈពេលប្រាំថ្ងៃនេះ គណៈប្រតិភូនាវាបានរៀបចំផែនការ សកម្មភាពជាបន្តបន្ទាប់ផងដែរ ដើម្បីជំរុញការផ្លាស់ប្តូរវប្បធម៌ និងកិច្ចសហប្រតិបត្តិការ។

ក្រសួងការពារជាតិកម្ពុជាបញ្ជាក់ថា ក្នុងផែនការ សកម្មភាពដែលបានគ្រោងទុករួមមាន ជំនួបពិភាក្សាការងារជាមួយមេបញ្ជាការមូលដ្ឋានសមុទ្ររាម ជំនួប ពិភាក្សាការងារជាមួយថ្នាក់ដឹកនាំរដ្ឋបាល ខេត្តព្រះសីហនុ កម្មវិធីប្រកួតកីឡាមិត្តភាពរវាងក្រុមនាវិក របស់នាវាចម្បាំងសហរដ្ឋអាមេរិក និងកងទ័ពជើងទឹកកម្ពុជា ក្នុងន័យលើកកម្ពស់ភាពស្និទ្ធស្នាល និងការ សាមគ្គីគ្នាជាក្រុម និងរួមមានកម្មវិធីជាលក្ខណៈមិត្តភាពមួយចំនួនទៀតផងដែរ។ ហើយដំណើរទស្សនកិច្ចខាងលើនេះ ជាព្រឹត្តិការណ៍សំខាន់មួយទៀត នៃភាពជាដៃគូកាន់តែប្រសើរ ឡើង រវាងព្រះរាជាណាចក្រកម្ពុជា និងសហរដ្ឋអាមេរិក។

ក្រសួងការពារជាតិកម្ពុជា បានរំលឹកជូនថា ចាប់តាំងពីឆ្នាំ២០០៧ ការចូលសំចតនាវាចម្បាំងកងទ័ពជើងទឹក សហរដ្ឋអាមេរិក មានចំនួន២៧ គ្រឿង ដែល ការចូលសំចតលើកនេះ ជាលើកដំបូងបន្ទាប់ពីខកខានអស់រយៈពេល០៨ឆ្នាំ៕KD

ប្រភព៖ ក្រសួងការពារជាតិ

ព័ត៌មានពេញនិយម