ខេត្តសៀមរាប ៖ នៅរសៀលថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៤ មានហេតុការណ៍ភ្ញាក់ផ្អើលមួយពេញក្រុងសៀមរាបថា មន្ទីរពហុព្យាបាល សុខភាព ដែលមានទីតាំងស្ថិតតាមបណ្ដោយផ្លូវជាតិលេខ៦ ត្រង់ចំណុចខាងកើតសណ្ឋាគារ អង្គរប៉ារ៉ាឌី នៅក្នុងភូមិតាភុល សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប បានដាក់សេរ៉ូម ខុសបច្ចេកទេស បណ្ដាលឲ្យស្ត្រីវ័យ ៤៦ឆ្នាំម្នាក់ មានឈ្មោះ ជុំ រាម មុខរបរ កសិករ ស្ថិតនៅផ្សារព្រះដាក់ ក្នុងភូមិព្រះដាក់ ស្រុកបន្ទាយស្រី ខេត្តសៀមរាប ស្លាប់បាត់បង់ជីវិត។ តាមការរៀបរាប់ដែលផ្ដល់ជូន អង្គភាពសារព័ត៌មាន គូលែនដេលី នៅយប់ថ្ងៃទី ៩ ខែធ្នូ ឆ្នាំ២០២៤ របស់ ស្ត្រីម្នាក់មានឈ្មោះ ស្រី ឌៀប អះអាងថា ជាបងថ្លៃស្រី របស់ជនរងគ្រោះឲ្យដឹងថា ដំបូងប្អូនថ្លៃស្រីរបស់គាត់ បានជួបគ្រោះថ្នាក់ចរាចរណ៍ នាពេលកន្លងមក(មិនចាំថ្ងៃ) ក្រុមគ្រួសារក៍បានយកគាត់ទៅព្យាបាលនៅ មន្ទីរពេទ្យអង្គរសង់តេ មួយយប់ ពេទ្យថាស្រួលហើយក៍បានត្រឡប់មកផ្ទះវិញ ក្រោយមកនៅថ្ងៃទី ៩ ខែធ្នូ ឆ្នាំ២០២៤ នេះជនរងគ្រោះមានអាការៈ មិនស្រួល (ចុកទ្រូង) ក៍បានយកទៅព្យាបាលនៅ ផ្ទះសម្រាកព្យាបាល លោកគ្រូពេទ្យ លៀង ប៉ុន្តែពេទ្យមិនហ៊ានទទួល ដោយណែនាំឲ្យពួកគាត់យកជនរងគ្រោះទៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប លុះបន្តមកក្រុមគ្រួសារ បានបញ្ជូនទៅកាន់ មន្ទីរពហុព្យាបាល សុខភាព វិញ ដោយទៅដល់ ក្រុមគ្រូពេទ្យនៅមន្ទីរពហុព្យាបាល សុខភាព បានដាក់សេរ៉ូមឲ្យ ស្រាប់តែអាការៈ ជនរងគ្រោះថប់ៗដង្ហើយ ភ្លាមនោះក្រុមគ្រួសារបានប្រាប់ពេទ្យឲ្យដកសេរ៉ូមសិន ប៉ុន្តែពេទ្យមិនបានដកនោះទេ។ ពេលឃើញជនរងគ្រោះពិបាកក្នុងខ្លួនខ្លាំងក្រុមគ្រូសារជនរងគ្រោះក៍បានសម្រេចបិទសេរ៉ូមសិន និងបានហៅគ្រូពេទ្យមកសារជាថ្មី ពេលនោះគ្រូពេទ្យបានឲ្យថ្នាំជនរងគ្រោះលេប។ បន្តិចក្រោយមកជនរងគ្រោះបានចាប់ដៃស្ត្រីជាបងថ្លៃ ដោយដង្ហើមឃឹះចុងក្រោយក៍ប្រលែង ហើយគាត់ជាបងថ្លៃស្រីក៍បានប្រាប់សាច់ញាតិថាជនរងគ្រោះបានដាច់ខ្យល់ហើយ។ ឃើញដូច្នោះក្រុមគ្រូពេទ្យ នៅមន្ទីរពហុព្យាបាល សុខភាព ក៍បានព្យាយាមបញ្ជូនជនរងគ្រោះ ទៅកាន់មន្ទីរពេទ្យបង្អែកខេត្តសៀមរាបតែម្ដង ពេលទៅដល់ទីនោះ គាត់ដែលជាបងថ្លៃស្រីបានស្ដាប់ឮក្រុមគ្រូពេទ្យនិយាយគ្នាថា មន្ទីរពហុព្យាបាល សុខភាព បានបញ្ជូនសពមកអោយពួកគេ។ បានឮដូច្នោះ គាត់ និងក្រុមគ្រូសារ អាចសន្និដ្ឋានបានថា ក្រុមគ្រូពេទ្យនៅមន្ទីរពហុព្យាបាល សុខភាព ប្រាកដជាបានដាក់សេរ៉ូមខុសបច្ចេកទេស ទើបបណ្ដាលឲ្យជនរងគ្រោះស្លាប់ហើយ បញ្ចូលទៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប ដើម្បីបិទបាំងកំហុសរបស់ខ្លួន។
ស្ត្រីដដែលបានបន្តថា គាត់និងក្រុមគ្រួសារបានដាក់ពាក្យបណ្ដឹងរួច ហើយក៍បានយកសពជនរងគ្រោះមកផ្ទះ ដែលស្ថិតនៅផ្សារព្រះដាក់ ក្នុងភូមិព្រះដាក់ ស្រុកបន្ទាយស្រី ខេត្តសៀមរាប ដើម្បីរៀបចំធ្វើពិធីបុណ្យតាមប្រពៃណី។
លោកវរសេនីយ៍ឯក ថូ គឹមទីន នាយការិយាល័យនគរបាលបច្ចេកទេស និងវិទ្យាសាស្រ្ត នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានប្រាប់មក អង្គភាពសារព័ត៌មាន គូលែនដេលី ថាទទួលបានព័ត៌មាន និងបានចាក់កម្លាំងជំនាញចុះទៅដល់ផ្ទះជនរងគ្រោះហើយផងដែរ ប៉ុន្តែលោក វរសេនីយ៍ឯក មិនបានលម្អិតរឿងនេះនៅឡើយទេ។
ពាក់ព័ន្ធទៅនឹងការចោទប្រកាន់ របស់ក្រុមគ្រួសារជនរងគ្រោះខាងលើ អង្គភាពសារព័ត៌មាន គូលែនដេលី នៅមិនទាន់ទទួលបានការបំភ្លឺពី មន្ទីរពហុព្យាបាល សុខភាព, មន្ទីរពេទ្យបង្អែកខេត្ត មន្ទីរសុខាភិបាល និងអាជ្ញាធរជំនាញពាក់ព័ន្ធក្នុងខេត្តសៀមរាបនៅឡើយទេ៕KD