Wednesday, December 4, 2024

ឯកឧត្តម ហ៊ុយ វណ្ណៈ ប្រធាន ស.ស.ស.ក ឲ្យអ្នកសារព័ត៌មាន ស្វែងរក ការពិគ្រោះយោបល់ក្នុងករណីមានក្តីក្តាំនៅតុលាការ និងអំពាវនាវដល់ អ្នកច្បាប់ តុលាការគ្រប់ជាន់ថ្នាក់ យក «ច្បាប់ស្តីពីរបប សារព័ត៌មាន» ធ្វើជាមូលដ្ឋានសម្រាប់ការដោះស្រាយ

រាជធានីភ្នំពេញ ៖ នៅព្រឹកថ្ងៃទី ៣ ខែធ្នូ ឆ្នាំ២០២៤នេះ ឯកឧត្តម ហ៊ុយ វណ្ណៈ ប្រធាន សហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា ហៅកាត់ ស.ស.ស.ក. បានបង្ហោះសារ នៅលើហ្វេសប៊ុកផ្លូវការរបស់ឯកឧត្តម ដែលមានឈ្មោះ Huy Vannak ជូនអ្នកកាសែត អ្នកសារព័ត៌មាន ក្នុងករណីដែល បងប្អូន មានក្តីក្តាំនៅតុលាការ គួរស្វែងរក ការពិគ្រោះយោបល់ជាមួយ សមាគមកាសែត និងមេធាវី ដើម្បី ទទួលបានមតិយោបល់ សម្រាប់ជាមូលដ្ឋានយកទៅ ដោះស្រាយការចោទប្រកាន់នានា ស្របតាមទិដ្ឋភាពច្បាប់ និង សន្តិវិធី។
ជាមួយគ្នានេះ ឯកឧត្តម បានអំពាវនាវផងដែរថា “សារជាថ្មីម្តងទៀត ខ្ញុំសូមអំពាវនាវដល់ អ្នកច្បាប់ តុលាការគ្រប់ជាន់ថ្នាក់ យក «ច្បាប់ស្តីពីរបប សារព័ត៌មាន» ធ្វើជាមូលដ្ឋានសម្រាប់ការដោះស្រាយចំពោះ ករណី អ្នកកាសែត អ្នកសារព័ត៌មាន”។ ឯកឧត្តម ហ៊ុយ វណ្ណៈ បានសង្កត់ធ្ងន់ថា “យើងត្រូវហ៊ាន ទទួលស្គាល់ថា បញ្ហាអយុត្តិធម៌សង្គមខ្លះដែលមិនត្រូវបានអើពើ គឺប្រជាជនពិតជាគ្មានជម្រើសអ្វីក្រៅតែពឹងអ្នកកាសែតឱ្យជួយ ផ្សាយ ដើម្បីបានជ្រាបដល់ថ្នាក់ដឹកនាំជាតិរបស់យើង”។
ឯកឧត្តម ហ៊ុយ វណ្ណៈ ប្រធាន ស.ស.ស.ក បានបញ្ជាក់ថា “យើង មិនចង់ឃើញបរិយាកាសមួយនៃការប្រើប្រាស់ច្បាប់ បម្រើឱ្យ គោលដៅ បិទមាត់ បិទភ្នែក បិទត្រចៀក អ្នកសារព័ត៌មាននោះ ទេ។ បើច្បាប់ស្តីពីរបបសារព័ត៌មាន មិនត្រូវបានប្រើប្រាស់ ចំពោះករណី អ្នកកាសែត អ្នកសារព័ត៌មាន តើចាំបាច់បង្កើត ច្បាប់នេះមកធ្វើអ្វី?”៕KD

ព័ត៌មានពេញនិយម