ខេត្តកណ្តាល ៖ មានករណីអំពើលួចគ្រឿងអលង្ការ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ប្រព្រឹត្តនៅក្នុងបន្ទប់ជួលស្ថិតនៅភូមិថ្នល់ទទឹង ឃុំដំណាក់អំពិល ស្រុកអង្គស្នួល ខេត្តកណ្តាល កាលពីវេលាម៉ោង២២ និង០០នាទីថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៤ ។ សមត្ថកិច្ចឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ ស៊ុន ពិសី ភេទស្រី អាយុ ២៤ឆ្នាំ ជនជាតិខ្មែរ មុខរបរបុគ្គលិក ស្នាក់នៅបន្ទប់ជួលភូមិថ្នល់ទទឹង ឃុំដំណាក់អំពិល ស្រុកអង្គស្នួល ខេត្ដកណ្ដាល បានទៅដាក់ពាក្យបណ្ដឹងកាលពីថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៤ ថាបានបាត់បង់ ខ្សែកផ្លាកទីន០១ខ្សែ សង្ស័យជាលោហធាតុព៌ណលឿង មានទម្ងន់០៣ជី គិតជាទឹកប្រាក់២៤០$(ពីររយសែសិបដុល្លារ) ដោយជនរងគ្រោះបានរៀបរាប់ថា កាលពីថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៤ វេលាម៉ោង១៧ និង៤០នាទីនៅមុនពេលកើតហេតុជនរងគ្រោះបានរៀបចំខ្លួនចាក់សោទ្វារបន្ទប់ជួលរួចហៅផាសអេបជិះចេញទៅធ្វេីការនៅហាង ប៉ាប៉ាលី(KTV) ស្ថិតនៅភូមិឧកញ្ញាទេព ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ រហូតដល់ម៉ោង២៣ និង៣០នាទីថ្ងៃខែឆ្នាំដដែល ទេីបចេញពីធ្វេីការ ត្រឡប់ទៅបន្ទប់ជួលវិញ។ ពេលជនរងគ្រោះបេីកទ្វារដើរចូលទៅស្រាប់តែឃេីញមានសភាពរញ៉េរញ៉ៃ និងឃេីញស្នាមដានជេីងមានដីក្នុងបន្ទប់ ហេីយបាត់ខ្សែ.ក អត្តសញ្ញាណប័ណ្ណ និងកាតចាក់វ៉ាក់សាំងនៅក្នុងកាបូប។ ភ្លាមនោះជនរងគ្រោះបានតេទូរសព្ទទៅប្រាប់ម្ចាស់បន្ទប់ជួល រួចកម្លាំងសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលដំណាក់អំពិល បានចុះមកដល់កន្លែងកើតហេតុ ហើយឆែកកាមេរ៉ាសុវត្ថិភាពឃេីញជនសង្ស័យបានធ្វេីសកម្មភាពចាក់សោទ្វារចូលយកសម្ភារៈក្នុងបន្ទប់។ បន្ទាប់ទទួលបានពាក្យបណ្ដឹង កម្លាំងជំនាញបានចធ្វើការស្រាវជ្រាវរហូតកំណត់បានមុខសញ្ញា ជនសង្ស័យបចំនួន ០២នាក់ប្រុស និងឃាត់ខ្លួនបានម្នាក់០១នាក់ ១-ឈ្មោះ ហុី វេហាស៍ ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅភូមិថ្នល់ទទឹង ឃុំដំណាក់អំពិល ស្រុកអង្គស្នួល ខេត្តកណ្ដាល ឃាត់ខ្លួន មានសារធាតុញៀនក្នុងទឹកនោមវិជ្ជមាន រីឯទី២-ឈ្មោះ វ័ន ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិព្រៃគុយ ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ គេចខ្លួនបាត់។
សមត្ថកិច្ចបន្តថា ដកហូតបានវត្ថុតាង ខ្សែកផ្លាកទីន ០១ខ្សែ សង្ស័យជាលោហធាតុព៌ណលឿង មានទម្ងន់០៣ជី(ជារបស់ជនរងគ្រោះ), ខ្សែក ០២ខ្សែ សង្ស័យជាលោហធាតុព៌ណលឿង(ជារបស់ជនសង្ស័យ), ម្សៅក្រាមសថ្លាសង្ស័យថាជាសារធាតុញៀន(ម៉ាទឹកកក)០១កញ្ចប់(ជារបស់ជនសង្ស័យ) និងបារីអេឡិចត្រូនិច ចំនួន០២គ្រឿង និងឧបករណ៍ប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន(ជារបស់ជនសង្ស័យ)។
សមត្ថកិច្ចបញ្ជាក់ថា នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យឈ្មោះ ហុី វេហាស៍ បានឆ្លើយសារភាពថាខ្លួនបានធ្វើសកម្មភាពចាក់សោទ្វារចូលលួចខ្សែករបស់ជនរងគ្រោះ ដោយមានបក្ខពួកឈ្មោះ វ័ន បានឲ្យកូនសោយកទៅចាក់សោទ្វារ ហើយបាននិយាយប្រាប់ថាឯងទៅចាក់ទ្វារបន្ទប់សង្សារអញទៅមានលុយ និងសម្ភារៈក្នុងហ្នឹងច្រើន ណាស់។ ទេីបជនសង្ស័យឈ្មោះ ហុី វេហាស៍ យកកូនសោនោះទៅធ្វើសកម្មភាពចាក់សោទ្វារបន្ទប់ជួលជនរងគ្រោះលួចយកខ្សែកតែម្តង ។ បច្ចុប្បន្នករណីនេះកម្លាំងផ្នែកជំនាញកំពុងបន្តតាមនីតិវិធី៕KD