Wednesday, November 27, 2024

មន្ទីសំរាកព្យាបាល និងសម្ភព កណ្ណិកា ល្មើសបំរាម របស់ក្រសួងសុខាភិបាល និងបានបន្សាប សម្ដីរបស់ ឯកឧត្តមវេជ្ជបណ្ឌិត ង៉ូវ កាង រដ្ឋលេខាធិការក្រសួងសុខាភិបាល ដោយការបញ្ជូនរថយន្តគិលានសង្គ្រោះខ្លួន ចេញទៅដឹកអ្នករងរបួស ដោយគ្រោះថ្នាក់ចរាចរ នៅតាមដងផ្លូវ 

រាជធានីភ្នំពេញ ៖ មន្ទីសំរាកព្យាបាល និងសម្ភព កណ្ណិកា ដែលមានអាស្រ័យដ្ឋាននៅតាមបណ្តោយផ្លូវ ចោមចៅ ស្ថិតក្នុងភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ បានបញ្ជូនរថយន្តគិលានសង្គ្រោះ របស់ខ្លួន ឲ្យចេញយកអ្នករងរបួស ដោយគ្រោះថ្នាក់ចរាចរ ក្នុងករណី ម៉ូតូ នឹងរថយន្ត បណ្តាលអោយបុរសម្នាក់រងរបួសធ្ងន់ នៅផ្លូវវែងស្រេង ត្រង់ចំណុចមុខរោងចក្រ ៦ជាន់ ស្ថិតក្នុងភូមិសាស្ត្រសង្កាត់ចោមចៅទី ២ ខណ្ឌពោធិ៍សែនជ័យរាជធានីភ្នំពេញ កាលពីវេលាម៉ោង ១០ និង ៤៤នាទី ថ្ងៃទី ២៦ ខែវិច្ឆិកា ឆ្នាំ២០២៤ ដែលទង្វើនេះ បានល្មើសបំរាម របស់ក្រសួងសុខាភិបាល យ៉ាងធ្ងន់ធ្ងរ ដែលបានហាមមិនឲ្យរថយន្តគិលានសង្គ្រោះ ឯកជនទូទាំងរាជធានី-ខេត្តទាំងអស់ ចេញទៅដឹកអ្នករងរបួស ដោយគ្រោះថ្នាក់ចរាចរ នៅតាមដងផ្លូវនោះឡើយ និងជាពិសេសបានបន្សាប សម្ដីរបស់ ឯកឧត្តមវេជ្ជបណ្ឌិត ង៉ូវ កាង រដ្ឋលេខាធិការក្រសួងសុខាភិបាល ដែលបានរំឭកសារជាថ្មី ដល់ម្ចាស់ពេទ្យឯកជន ហាមយករថយន្តសង្គ្រោះទៅដឹកអ្នកគ្រោះថ្នាក់ចរាចរណ៍តាមដងផ្លូវសាធារណៈនាពេលថ្មីៗកន្លងទៅនេះ។

សូមរំលឹកជូនថា កាលពីថ្ងៃទី ០៦ ខែវិច្ឆិកា ឆ្នាំ២០២៤ កន្លងទៅ នៅក្នុងប្រជុំស្ដីពីការណែនាំ និងពង្រឹងសមត្ថភាពក្នុងការផ្ដល់សេវាផ្នែកសង្គ្រោះបន្ទាន់ និងផ្នែករថយន្តគិលានសង្គ្រោះរបស់មូលដ្ឋានសុខាភិបាលឯកជននៅក្នុងរាជធានីភ្នំពេញ ឯកឧត្តមវេជ្ជបណ្ឌិត ង៉ូវ កាង រដ្ឋលេខាធិការក្រសួងសុខាភិបាល រំឭកសារជាថ្មី ដល់ម្ចាស់ពេទ្យឯកជន ហាមយករថយន្តសង្គ្រោះទៅដឹកអ្នកគ្រោះថ្នាក់ចរាចរណ៍តាមដងផ្លូវសាធារណៈ។

ឯកឧត្តមវេជ្ជបណ្ឌិត ង៉ូវ កាង រដ្ឋលេខាធិការក្រសួងសុខាភិបាល បានលើកឡើងថា ការប្រើប្រាស់រថយន្តគិលានសង្រ្គោះ ត្រូវប្រើតាមច្បាប់ដែលក្រសួងសុខាភិបាលបានកំណត់។ ជាមួយគ្នានេះ រថយន្តគិលានសង្គ្រោះដែលម្ចាស់មូលដ្ឋានសុខាភិបាលឯកជនទទួលបានការអនុញ្ញាតឱ្យប្រើប្រាស់ពីក្រសួងសុខាភិបាល ត្រូវរៀបចំរថយន្តឱ្យបានត្រឹមត្រូវតាមលក្ខណៈស្តង់ដា។

ឯកឧត្តមវេជ្ជបណ្ឌិត ង៉ូវ កាង រដ្ឋលេខាធិការក្រសួងសុខាភិបាល បញ្ជាក់ច្បាស់ថា ៖«ហាមដាច់ខាតការយករថយន្តគិលានសង្គ្រោះរបស់មូលដ្ឋានសុខាភិបាលឯកជនទៅដឹកអ្នកជំងឺគ្រោះថ្នាក់ចរាចរណ៍តាមដងផ្លូវសាធារណៈ»។

បើតាម ឯកឧត្តមវេជ្ជបណ្ឌិត ង៉ូវ កាង ក្រសួងសុខាភិបាល នឹងអនុវត្តវិធានការច្បាប់យ៉ាងតឹងរឹងចំពោះបុគ្គលណាដែលបានប្រើប្រាស់រថយន្តគិលានសង្គ្រោះមិនស្របច្បាប់នាពេលកន្លងមក និងបន្តប្រើនាបច្ចុប្បន្ន ដោយមិនមានការលើកលែង។ ក្នុងកិច្ចប្រជុំខាងលើ ឯកឧត្តម រដ្ឋលេខាធិការ ក៏បានណែនាំទៅដល់ម្ចាស់មូលដ្ឋានសុខាភិបាលឯកជនទាំងអស់ ខិតខំយកចិត្តទុកដាក់គោរពឱ្យបានតាមសេចក្ដីណែនាំ និងច្បាប់បទដ្ឋានគតិយុត្តដែលបានណែនាំដោយក្រសួងសុខាភិបាល។

ឯកឧត្តម ង៉ូវ កាង ក៏ជំរុញឱ្យម្ចាស់មូលដ្ឋានសុខាភិបាលឯកជនទាំងអស់ ត្រូវ យកចិត្តទុកដាក់ពង្រឹងសមត្ថភាពបច្ចេកទេសក្នុងការផ្ដល់សេវាជូនប្រជាពលរដ្ឋដែលមកទទួលសេវា ជាពិសេសទៅលើផ្នែកសង្គ្រោះបន្ទាន់ ផ្នែកវះកាត់ ផ្នែកសម្ភព និងផ្នែកអមវេជ្ជសាស្រ្ត។ ជាមួយគ្នានេះ ឯកឧត្តម ង៉ូវ កាង ក៏បានអរគុណទៅដល់អាជ្ញាធរភ្នំពេញ និងអាជ្ញាធរគ្រប់ខណ្ឌ ចំពោះការសហការជាមួយក្រសួងសុខាភិបាល ក្នុងការទប់ស្កាត់នូវអំពើខុសច្បាប់របស់បុគ្គលមួយចំនួនតូចដែលប្រើប្រាស់រថយន្តគិលានសង្គ្រោះមិនត្រឹមត្រូវតាមច្បាប់ដែលបានកំណត់។

មហាជនសង្ឃឹមថា ក្រសួង និងមន្ទីរសុខាភិបាល បន្តអនុវត្តទោសទណ្ឌចំពោះមន្ទីរសម្រាកព្យាបាល និងសម្ភព កណ្ណិកា ឲ្យបានម៉ឺងម៉ាត់ផងចុះ៕KD

ព័ត៌មានពេញនិយម