Wednesday, December 11, 2024

មន្ទីសំរាកព្យាបាល បាត់ដឹង នៅតែបន្តល្មើសបំរាម របស់ក្រសួងសុខាភិបាល ដោយបញ្ជូនរថយន្តគិលានសង្គ្រោះ របស់ខ្លួន ចេញទៅដឹកអ្នករងរបួស ដោយគ្រោះថ្នាក់ចរាចរណ៍ នៅតាមដងផ្លូវ 

ខេត្តកំពង់ស្ពឺ ៖ (មានវីដេអូ) មន្ទីសំរាកព្យាបាល បាត់ដឹង ដែលមានអាស្រ័យដ្ឋាននៅតាមបណ្តោយផ្លូវ ៥១ ស្ថិតក្នុងភូមិបាត់ដឹង ឃុំក្សេមក្សាន្ដ ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ បានបញ្ជូនរថយន្តគិលានសង្គ្រោះ របស់ខ្លួន ឲ្យចេញយកអ្នករងរបួស ដោយគ្រោះថ្នាក់ចរាចរណ៍ ក្នុងករណី ម៉ូតូ នឹងម៉ូតូ បណ្តាលអោយស្ត្រីម្នាក់រងរបួសធ្ងន់ នៅផ្លូវជាតិលេខ ៥១ ចន្លោះគីឡូម៉ែត្រលេខ ២៧-២៨ ក្នុងភូមិសាស្ត្រឃុំភ្នំតូច ស្រុកសាមគ្គីមុនីជ័យ ខេត្តកំពង់ស្ពឺ ម៉ោង ០៧ និង ១០នាទីថ្ងៃទី ២១ ខែវិច្ឆិកា ឆ្នាំ២០២៤ ដែលទង្វើនេះ បានល្មើសបំរាមរបស់ក្រសួងសុខាភិបាល យ៉ាងធ្ងន់ធ្ងរ ដែលបានហាមមិនឲ្យរថយន្តគិលានសង្គ្រោះ ឯកជនទូទាំងរាជធានី-ខេត្តទាំងអស់ ចេញទៅដឹកអ្នករងរបួស ដោយគ្រោះថ្នាក់ចរាចរណ៍ នៅតាមដងផ្លូវនោះឡើយ។ សូមរំលឹកជូនផងដែរថា កាលពីថ្ងៃទី ២៣ ខែមករា ឆ្នាំ២០២៣ កន្លងទៅ ឯកឧត្តមសាស្ត្រាចារ្យវេជ្ជបណ្ឌិត ម៉ម ប៊ុនហេង កាលនៅជា រដ្ឋមន្ត្រីក្រសួងសុខាភិបាលកម្ពុជា បានប្រាប់ដល់អភិបាលរាជធានីភ្នំពេញ-ខេត្ត ឲ្យចាត់វិធានការចំពោះការប្រើប្រាស់រថយន្តគិលានសង្គ្រោះ ខុសពីការណែនាំរបស់ក្រសួងសុខាភិបាល របស់ម្ចាស់គ្លីនិកឯកជន ដែលតែងតែយករថយន្តគិលានសង្គ្រោះរបស់ខ្លួនទៅដឹកអ្នករងរបួស ដោយគ្រោះថ្នាក់ចរាចរ នៅតាមដងផ្លូវ មកព្យាបាលនៅក្នុងគ្លីនិករបស់ខ្លួន និងបុគ្គលដែលយកឡានពេទ្យមិនមានសញ្ញាសម្គាល់ និងមិនមានឈ្មោះគ្លីនិកត្រឹមត្រូវច្បាស់លាស់ ទៅដឹកអ្នករងរបួសដោយគ្រោះថ្នាក់ចរាចរ ឬសាកសពនៅតាមដងផ្លូវ។

យោងលិខិតរបស់រដ្ឋមន្ត្រីក្រសួងសុខាភិបាលដែលនៅមានសុពលភាព បរិយាយថា រយៈកាលកន្លងមកក្រសួងសុខាភិបាល បានធ្វើសារាចរណែនាំជាច្រើនលើកច្រើនសាររួចមកហើយ អំពីការហាមឃាត់មិនអនុញ្ញាត ឱ្យគ្លីនិកឯកជន យករថយន្តគិលានសង្គ្រោះ របស់ខ្លួនទៅដឹកអ្នករងរបួស ដោយគ្រោះថ្នាក់ចរាចរតាមដងផ្លូវមកព្យាបាល នៅក្នុងគ្លីនិករបស់ខ្លួនជាដាច់ខាត។

ក្នុងលិខិតបានបញ្ជាក់ទៀតថា ប៉ុន្តែបច្ចុប្បន្ននេះ សង្កេតឃើញមានគ្លីនិកឯកជនមួយចំនួន មិនបានអនុវត្តទៅតាមសារាចរណែនាំរបស់ក្រសួងសុខាភិបាលឡើយ ដោយនៅតែបន្តធ្វើសកម្មភាព យករថយន្តគិលានសង្គ្រោះគ្លីនិកឯកជនរបស់ខ្លួនទៅដឹកអ្នករងរបួសដោយគ្រោះថ្នាក់ចរាចរតាមដងផ្លូវ យកមកព្យាបាលនៅក្នុងគ្លីនិកទៀត។

ជាមួយគ្នានោះ ក្រសួងក៏ឃើញមានឡានពេទ្យឯកជនមួយចំនួនទៀត ដែលពុំមានឈ្មោះគ្លីនិក ទៅដឹកអ្នកគ្រោះថ្នាក់ចរាចរ និងសាកសពគ្រោះថ្នាក់ចរាចរនៅតាមដងផ្លូវ រហូតដល់មានការឈ្លោះប្រកែកដណ្ដើមគ្នា ដឹកយ៉ាងអនាធិបតេយ្យ ដែលជាកត្តាមួយជះឥទ្ធិពលមិនល្អ ដល់វិស័យសុខាភិបាលទាំងមូល និងសេចក្ដីថ្លៃថ្នូរបស់គ្រូពេទ្យ ដទៃទៀត ហើយក៏មានរថយន្តគិលានសង្គ្រោះមួយចំនួនទៀត ដែលពុំមានអាជ្ញាបណ្ណពីក្រសួងសុខាភិបាល និងពុំមានឈ្មោះគ្លីនិកច្បាស់លាស់ ដែលកំពុងធ្វើចររាចរណ៍ តាមដងផ្លូវផងដែរ។

ជាការកត់សម្គាល់ កាលពីថ្ងៃទី ០៦ ខែវិច្ឆិកា ឆ្នាំ២០២៤ កន្លងទៅ នៅក្នុងប្រជុំស្ដីពីការណែនាំ និងពង្រឹងសមត្ថភាពក្នុងការផ្ដល់សេវាផ្នែកសង្គ្រោះបន្ទាន់ និងផ្នែករថយន្តគិលានសង្គ្រោះរបស់មូលដ្ឋានសុខាភិបាលឯកជននៅក្នុងរាជធានីភ្នំពេញ ឯកឧត្តមវេជ្ជបណ្ឌិត ង៉ូវ កាង រដ្ឋលេខាធិការក្រសួងសុខាភិបាល រំឭកសារជាថ្មី ដល់ម្ចាស់ពេទ្យឯកជន ហាមយករថយន្តសង្គ្រោះទៅដឹកអ្នកគ្រោះថ្នាក់ចរាចរណ៍តាមដងផ្លូវសាធារណៈ។

ឯកឧត្តមវេជ្ជបណ្ឌិត ង៉ូវ កាង រដ្ឋលេខាធិការក្រសួងសុខាភិបាល បានលើកឡើងថា ការប្រើប្រាស់រថយន្តគិលានសង្រ្គោះ ត្រូវប្រើតាមច្បាប់ដែលក្រសួងសុខាភិបាលបានកំណត់។ ជាមួយគ្នានេះ រថយន្តគិលានសង្គ្រោះដែលម្ចាស់មូលដ្ឋានសុខាភិបាលឯកជនទទួលបានការអនុញ្ញាតឱ្យប្រើប្រាស់ពីក្រសួងសុខាភិបាល ត្រូវរៀបចំរថយន្តឱ្យបានត្រឹមត្រូវតាមលក្ខណៈស្តង់ដា។

ឯកឧត្តមវេជ្ជបណ្ឌិត ង៉ូវ កាង រដ្ឋលេខាធិការក្រសួងសុខាភិបាល បញ្ជាក់ច្បាស់ថា ៖«ហាមដាច់ខាតការយករថយន្តគិលានសង្គ្រោះរបស់មូលដ្ឋានសុខាភិបាលឯកជនទៅដឹកអ្នកជំងឺគ្រោះថ្នាក់ចរាចរណ៍តាមដងផ្លូវសាធារណៈ»។

បើតាម ឯកឧត្តមវេជ្ជបណ្ឌិត ង៉ូវ កាង ក្រសួងសុខាភិបាល នឹងអនុវត្តវិធានការច្បាប់យ៉ាងតឹងរឹងចំពោះបុគ្គលណាដែលបានប្រើប្រាស់រថយន្តគិលានសង្គ្រោះមិនស្របច្បាប់នាពេលកន្លងមក និងបន្តប្រើនាបច្ចុប្បន្ន ដោយមិនមានការលើកលែង។ ក្នុងកិច្ចប្រជុំខាងលើ ឯកឧត្តម រដ្ឋលេខាធិការ ក៏បានណែនាំទៅដល់ម្ចាស់មូលដ្ឋានសុខាភិបាលឯកជនទាំងអស់ ខិតខំយកចិត្តទុកដាក់គោរពឱ្យបានតាមសេចក្ដីណែនាំ និងច្បាប់បទដ្ឋានគតិយុត្តដែលបានណែនាំដោយក្រសួងសុខាភិបាល។

ឯកឧត្តម ង៉ូវ កាង ក៏ជំរុញឱ្យម្ចាស់មូលដ្ឋានសុខាភិបាលឯកជនទាំងអស់ ត្រូវ យកចិត្តទុកដាក់ពង្រឹងសមត្ថភាពបច្ចេកទេសក្នុងការផ្ដល់សេវាជូនប្រជាពលរដ្ឋដែលមកទទួលសេវា ជាពិសេសទៅលើផ្នែកសង្គ្រោះបន្ទាន់ ផ្នែកវះកាត់ ផ្នែកសម្ភព និងផ្នែកអមវេជ្ជសាស្រ្ត។ ជាមួយគ្នានេះ ឯកឧត្តម ង៉ូវ កាង ក៏បានអរគុណទៅដល់អាជ្ញាធរភ្នំពេញ និងអាជ្ញាធរគ្រប់ខណ្ឌ ចំពោះការសហការជាមួយក្រសួងសុខាភិបាល ក្នុងការទប់ស្កាត់នូវអំពើខុសច្បាប់របស់បុគ្គលមួយចំនួនតូចដែលប្រើប្រាស់រថយន្តគិលានសង្គ្រោះមិនត្រឹមត្រូវតាមច្បាប់ដែលបានកំណត់។

មហាជនសង្ឃឹមថា មន្ទីរសុខាភិបាលខេត្តកំពង់ស្ពឺ និងបន្តអនុវត្តទោសទណ្ឌចំពោះមន្ទីរសម្រាកព្យាបាល បាត់ដឹង ឲ្យបានម៉ឺងម៉ាត់ផងចុះ៕KD

ព័ត៌មានពេញនិយម