Wednesday, December 11, 2024

ឃាត់ខ្លួនម្ចាស់ មន្ទីរសម្រាកព្យាបាល និង សម្ភព សុងហាក់ ម៉ារីណា គ្មានច្បាប់ ពីរនាក់ប្ដីប្រពន្ធ ដែលបានប្រើប្រាស់ថ្នាំខុសបច្ចេកទេសធ្វើអោយស្ត្រីម្នាក់ស្លាប់ រួចដឹកសពយកទៅចោលនៅកំប៉ូតព្រៃ 

ខេត្តតាកែវ ៖ កាលពីថ្ងៃទី ១៩ ខែវិច្ឆិកា ឆ្នាំ២០២៤ ម្ចាស់មន្ទីរសម្រាកព្យាបាល និង សម្ភព សុងហាក់ ម៉ារីណា ដែលបើកគ្មានច្បាប់ត្រឹមត្រូវ ០២នាក់ ប្ដីប្រពន្ធ នៅភូមិទឹកថ្លា ឃុំត្រពាំងក្រសាំង ស្រុកបាទី ខេត្តតាកែវ ត្រូវបានសមត្ថកិច្ចនគរបាលឃាត់ខ្លួនបញ្ជូនទៅតុលាការ ក្រោយរកឃើញថាបានប្រើប្រាស់ថ្នាំខុសបច្ចេកទេសធ្វើអោយមនុស្សស្លាប់ រួចយកសាកសពមកផ្លុងចោលនៅកំប៉ូតព្រៃជាមួយក្មេងស្រីអាយុ ៣ឆ្នាំ ឲ្យអង្គុយយំអោបសពមួយយប់ទល់ភ្លឺគួរអោយសង្វេកកាលពីថ្ងៃទី ១៨ ខែវិច្ឆិកា ឆ្នាំ២០២៤កន្លងទៅ។

ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា គ្រូពេទ្យពីរនាក់ប្ដីប្រពន្ធ ដែលបានឃាត់ខ្លួនមានឈ្មោះ ហៀង សុងហាក់ ភេទប្រុស អាយុ ៣៧ឆ្នាំ និងឈ្មោះ ស៊ុន ម៉ារីណា ភេទស្រី អាយុ៣៩ឆ្នាំ ជាម្ចាស់មន្ទីរសម្រាកព្យាបាល និង សម្ភព សុងហាក់ ម៉ារីណា។

ប្រភពបន្តថា កាលពីព្រឹកថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៤ មានហេតុការណ៍ដ៏គួរឱ្យនឹកស្មានមិនដល់មួយ បានកើតឡើងនៅ ស្រុកបាទី ខេត្តតាកែវ ក្រោយមានបងប្អូនប្រជាពលរដ្ឋប្រទះឃើញក្មេងស្រីអាយុ ៣ឆ្នាំ យំឱបសាកសពស្ត្រីម្នាក់នៅកំប៉ូតព្រៃ ដោយសារតែគ្រូពេទ្យចិត្តអប្រិយ ដែលជាម្ចាស់គ្លីនិកឯកជន យីហោ សុងហាក់ ម៉ារីណា ប្រព្រឹត្តិអំពើផ្ទុយពីវិជ្ជាជីវៈ មានចេតនាចង់បិទបាំងនៅការព្យាបាលរបស់ខ្លួន ដែលធ្វើអោយអ្នកជំងឺបានស្លាប់ រួចយកជនរងគ្រោះនិងក្មួយស្រីដឹកតាមរថយន្តមកផ្លុងចោលនៅកំប៉ូតព្រៃស្ងាត់មួយកន្លែងទាំងយប់ ស្ថិតនៅភូមិម្រះព្រៅ ឃុំចំបក់ ស្រុកបាទី ដែលអំពើនេះជាសកម្មភាពដ៏សាហាវ និងឃោឃៅបំផុត ដែលមហាជនមិនអាចលើកលែងបាន នឹងស្អប់ខ្ពើមជាទីបំផុត ។ ក្រោយទទួលបានសេចក្តីរាយការណ៍ពីបងប្អូនប្រជាពលរដ្ឋ បានប្រទះឃើញសាកសពស្ត្រីម្នាក់រួមជាមួយក្មេងស្រីអាយុ៣ឆ្នាំ នៅអង្គុយយំឱបសពនៅក្នុងកំប៉ូតព្រៃនាវេលាម៉ោង ០៦ និង ៣០នាទី ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៤ លោកឧត្ដមសេនីយ៍ទោ ម៉ែន លី ស្នងការនគរបាលខេត្តតាកែវ និងមានការសម្របសម្រួលនីតិវិធីដោយ ឯកឧត្តមព្រះរាជអាជ្ញាអមអាយ្យការសាលាដំបូងខេត្ដ បានបញ្ជាអោយកងកំលាំងនគរបាលជំនាញសហការណ៍ជាមួយកំលាំងនគរបាលស្រុកបាទី ចុះទៅដល់កន្លែងកើតហេតុធ្វើការសាកសួរពិនិត្យវិភាគ និងប្រមូលវត្ថុតាងនៅជុំវិញកន្លែងកើតហេតុ។ ក្រោយការពិនិត្យសមត្ថកិច្ចបានធ្វើការកំណត់មុខសញ្ញាបាន រហូតឈានដល់ការឃាត់ខ្លួនគ្រូពេទ្យពីរនាក់ប្ដីប្រពន្ធខាងលើ។

ប្រភពពីសមត្ថកិច្ចបានបញ្ជាក់ថា តាមចម្លើយសារភាពរបស់ជនសង្ស័យ ថាខ្លួនពិតជាបានធ្វើសកម្មភាពនេះពិតប្រាកដមែន ហើយនៅព្រឹកថ្ងៃទី ២០ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ សមត្ថកិច្ចបានក៏សាងសំណុំរឿង នាំខ្លួនគ្រូពេទ្យទាំងពីរនាក់ប្ដីប្រពន្ធនេះទៅសាលាដំបូងខេត្ដ ដើម្បីធ្វើការកាត់ទោសទៅតាមផ្លូវច្បាប់ ព្រមទាំងបានយកជនសង្ស័យទៅធ្វើត្រាប់សកម្មភាពទម្លាក់សពផងដែរ។បន្ទាប់ពីមានរឿងនៅកើតឡើង មន្ទីរសុខាភិបាលខេត្តតាកែវ ហាក់មានការព្រួយបារម្ភខ្លាចថ្នាក់ដឹកនាំដឹងថាខ្លួនអសមត្ថភាពក្នុងការគ្រប់គ្រង ក្លីនីកឯក ដែលបណ្ដោយឲ្យបើកដោយគ្មានច្បាប់យ៉ាងអណាធិបតេយ្យក្នុងដែលសមត្ថកិច្ចរបស់ខ្លួននោះក៍ បានចេញសេចក្ដីបំភ្លឺថា បានចាត់តាំងមន្ត្រីជំនាញចុះធ្វើការស្រាវជ្រាវ និងចាត់វិធានការភ្លាមជាបន្ទាន់បន្ទាប់ពីបានទទួលព័ត៌មានថា មានមន្ទីរសម្រាកព្យាបាលនិងសម្ភព សុងហាក់ ម៉ារីណា បានធ្វើឲ្យស្ត្រីអ្នកជំងឺម្នាក់ឈ្មោះ ណាំ ចន្ធូ ភេទស្រី អាយុ ៤១ឆ្នាំបានស្លាប់ ដោយរួមសហការជាមួយអាជ្ញាធរមានសមត្ថកិច្ច៖

១៖ បញ្ឈប់ដំណើរការទីតាំងផ្តល់សេវាសុខាភិបាលឥតច្បាប់ឈ្មោះ សកម្មភាពជាដាច់ខាត សុងហាក់ ម៉ារីណា ដោយមិនឱ្យមាន

២៖ អាជ្ញាធរមានសមត្ថកិច្ចបានឃាត់ខ្លួនម្ចាស់ទីតាំងផ្តល់សេវាសុខាភិបាលឥតច្បាប់នោះ ដើម្បីសាកសួរ និងចាត់វិធានការតាមផ្លូវច្បាប់ជាធរមាន

៣៖ មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តតាកែវ រួមជាមួយគណៈគ្រូពេទ្យ និងក្រុមការងារអធិការកិច្ចក្រសួង សុខាភិបាល ធ្វើការស្រាវជ្រាវ និងចាត់វិធានការចំពោះជនបង្កតាមផ្លូវច្បាប់យ៉ាងម៉ឹងម៉ាត់បំផុត។

មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តតាកែវ ក្នុងនាមរដ្ឋបាលខេត្តតាកែវ បានប្ដេជ្ញាចិត្តចំពោះមុខក្រសួង សុខាភិបាល បន្តខិតខំចុះពិនិត្យរាល់សកម្មភាពលើសេវាសុខាភិបាលឯកជនឥតច្បាប់ និងចាត់វិធានការយ៉ាង តឹងរ៉ឹងបំផុត ចំពោះជនបង្ករ ដើម្បីការពារសុខភាពសុវត្ថិភាពរបស់ប្រជាពលរដ្ឋ ក្នុងដែនសមត្ថកិច្ចរបស់ខ្លួន។

មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តតាកែវ ក៍បានចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំ និងសោកស្តាយបំផុត ជាមួយក្រុមគ្រួសារសព និងបានបួងសួងឲ្យវិញ្ញាណក្ខន្ធនៃសពបាន ទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយផងដែរ៕KD

ព័ត៌មានពេញនិយម