Wednesday, December 11, 2024

ប្រទះឃើញសពក្មេងប្រុសម្នាក់ លង់ទឹកស្ទឹងសៀមរាប ក្បែរស្ពានថ្មព្រះរាជដំណាក់ កន្លែងពិធីប្រណាំងទូក

ខេត្តសៀមរាប ៖ ប្រទះឃើញសពក្មេងប្រុសម្នាក់ លង់ទឹកស្ទឹងសៀមរាប ក្បែរស្ពានថ្មព្រះរាជដំណាក់ កន្លែងពិធីប្រណាំងទូក ភូមិស្លក្រាម សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប វេលាម៉ោង ១៨ និង ៣០នាទី ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៤។សមត្ថកិច្ចបានឲ្យដឹងថាសពក្មេងប្រុសមាន ឈ្មោះ និត រិទ្ធី អាយុ ១១ឆ្នាំ ជាសិស្សថ្នាក់ទី០៥ រស់នៅក្នុងភូមិសាលាកន្សែង សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប មានម្ដាយឈ្មោះ មាស ម៉ាលី ហៅមុំ អាយុ ៥២ឆ្នាំ មានឪពុក ឈ្មោះ និត វណ្ណា ភេទប្រុស អាយុ ៥៤ឆ្នាំ មុខរបរ យោធា មានបងប្អូនចំនួន ០៣នាក់ ទី១.ឈ្មោះ និត បញ្ញា ភេទប្រុស អាយុ ២៣ឆ្នាំ ទី២.ឈ្មោះ និត លាបភី ភេទស្រី អាយុ ២២ឆ្នាំ និងទី៣ (សព) ឈ្មោះ និត រិទ្ធី ដែលរស់នៅភូមិ សង្កាត់ជាមួយគ្នា។

សមត្ថកិច្ចបន្តថា ស្ដាប់តាមការបំភ្លឺរបស់ម្ដាយសព នៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៤ វេលាម៉ោងប្រហែល ១៤ និង ០០នាទី កូនប្រុសរបស់ខ្លួនឈ្មោះ និត រិទ្ធី និងមិត្តភក្កិរបស់គេចំនួន  ០៣នាក់ទៀត ទី១.ឈ្មោះទូរ (មិនទាន់ត្រកូល) ភេទប្រុស អាយុ ០៨ឆ្នាំ, ទី២.ឈ្មោះ ស័ក្ត (មិនស្គាល់ត្រកូល) ភេទប្រុស អាយុ ១០ឆ្នាំ និងទី៣.ឈ្មោះ កែប សុងហាង អាយុ ១១ឆ្នាំ បាននាំគ្នាជិះកង់ ចំនួន០២គ្រឿង មកលេងនៅបរិវេណព្រះអង្គចេកព្រះអង្គចម ស្ថិតនៅភូមិមណ្ឌល១ សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប និងលេងនៅម្តុំមាត់ស្ទឹងកន្លែងដែលគេប្រារព្ធពិធីបុណ្យអុំទូក អកអំបុក និងសំពះព្រះខែ រហូតដល់វេលាម៉ោង ១៦ និង ៣០នាទី ដោយចាំមើលផ្លូវកូនរបស់ខ្លួនយូរពេកគាត់បានជិះម៉ូតូមួយគ្រឿងម៉ាក Honda Dream ផលិតនៅឆ្នាំ ២០០៩ ពណ៍ខ្មៅ មិនចាំស្លាកលេខ ឌុបឈ្មោះកាកា ភេទស្រី អាយុ ១៤ឆ្នាំ ទៅរកកូន ពេលទៅដល់បរិវេណព្រះអង្គចេក ព្រះអង្គចម រូបគាត់បានដើររកកូនរបស់ខ្លួន និងមិត្តភក្កិរបស់គេប៉ុន្តែរកមិនឃើញ ហើយក៏បានឌុបឈ្មោះ កាកា ត្រឡប់មកផ្ទះវិញ ពេលមកដល់ផ្ទះក៏បានជួបជាមួយឈ្មោះ ទូរ ឈ្មោះ ស័ក្ត និងឈ្មោះ កែប សុងហាង បានប្រាប់រូបខ្លួនថា កូនរបស់គាត់ឈ្មោះ និត រិទ្ធី បានលង់ទឹកនៅចំណុចខាងជើងស្ពានព្រះរាជដំណាក់ ស្ថិតនៅភូមិស្លក្រាម សង្កាត់ស្លក្រាម ក្រុងសៀមរាប។ ពេលទទួលបានដំណឹងភ្លាម រូបគាត់បានជិះម៉ូតូឌុបឈ្មោះ កាកា ទៅរកកូនម្តងទៀត ដោយរូបគាត់បានប្ដឹងរាយការណ៍ជូននគរបាលចរាចរណ៍ និងពឹងពាក់ឱ្យអ្នកនៅក្បែរនោះ មុជទឹករកកូន ហើយក៍បានប្រទះឃើញសពក្នុងទឹកកណ្ដាលស្ទឹង ហើយត្រូវបានគេស្រង់ មកដាក់លើគោកមាត់ស្ទឹង ទើបដឹងថាកូនប្រុសលង់ទឹកស្លាប់បាត់ទៅហើយ។

ស្ត្រីខាងលើបញ្ជាក់ថា ក្រោយពីររកសពកូនឃើញ ក្រុមសង្គ្រោះបន្ទាន់ បានដឹកបញ្ជូនសពកូនទៅរក្សាទុនៅកន្លែងតម្កល់សព នៃមន្ទីរពេទ្យបង្អែកខេត្តសៀមរាប បន្ទាប់មកលោកវេជ្ជបណ្ឌិតផ្នែកកោសល្យវិច័យ និងនគរបាលបច្ចេកទេស និង វិទ្យាសាស្រ្ត និងនគរបាលការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ បានធ្វើការវិភាគសាកសពចំពោះមុខប្ដីរបស់ខ្លួនឃើញថាសាពសពពុំមានស្លាកស្នាមលើរូបរាងកាយ អវៈយវៈដៃជើង និងក្បាលនោះទេ ក្នុងនោះលោកវេជ្ជបណ្ឌិត និងនគរបាលកុសល្យវិច្ច័យនិងវិទ្យាសាស្រ្ត បានសន្និដ្ឋានថា កូនប្រុសរបស់ខ្លួនត្រូវបានស្លាប់ដោយសារលង់ទឹកពិតប្រាកដមែន រូបខ្លួនព្រមទទួលស្គាល់តាមការសន្និដ្ឋានរបស់លោកវេជ្ជបណ្ឌិត និងនគរបាលកោសល្យវិច្ច័យ និងវិទ្យាសាស្ត្រ និងសុំទទួលយកសពទៅធ្វើបុណ្យតាមប្រពៃណី ក្នុងនោះរូបខ្លួនមិនបានប្ដឹងសើរ៉ើជុំវិញករណីខាងលើនេះទៅថ្ងៃមុខទៀតនោះទេ។

បន្ថែមលើនេះទៅទៀតនោះ តាមការស្តាប់បំភ្លឺរបស់ឈ្មោះ ថុល បញ្ញាសិទ្ធ ភេទប្រុស អាយុ ០៨ឆ្នាំ, ឈ្មោះ កែប សុហាង ភេទប្រុស អាយុ ១១ឆ្នាំ និងឈ្មោះ ថុល បញ្ញាសក្តិ ភេទប្រុស អាយុ ១០ឆ្នាំ ក៍បានរៀបរាប់ស្រដៀងគ្នាថា នៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៤ វេលាម៉ោងប្រហែល ១៥ និង ០០នាទី ពួកខ្លួនមានគ្នា ០៤នាក់ ជាមួយនិងឈ្មោះ និត រិទ្ធី ភេទប្រុស អាយុ ១១ឆ្នាំ បាននាំគ្នាជិះកង់ចំនួន ០២គ្រឿង ឌុបគ្នាទៅលេងបឹងគីឡូ (សួនព្រះរាជដំណាក់) លុះនៅវេលាម៉ោងប្រហែល ១៦ និង ០០នាទី ថ្ងៃដដែល ពួកខ្លួនបានទៅដល់ ហើយទៅលេងនៅកន្លែងហាត់ប្រាណសួនព្រះរាជដំណាក់ រួចល្ងាចបន្តិចបានបន្តនាំគ្នាទៅលេងលើបង្កាន់ដៃឈើនៃខ្ចុសនៅចំណុចមាត់ស្ទឹងសៀមរាប ប៉ែកខាងលិច ខាងជើងស្ពានថ្មព្រះរាជដំណាក់ ដែលគេរៀបចំសម្រាប់ទស្សនាពិធីបុណ្យអំទូកបណ្តែតប្រទីបអក អំបុក និងសំពះព្រះខែ ពេលទៅដល់ឈ្មោះ និត រិទ្ធី បានបបួលលេងទឹកស្ទឹងសៀមរាប ប៉ុន្តែពួកខ្លួនបានបដិសេធ បន្ទាប់មកឈ្មោះ និត រិទ្ធី បានដោះទ្រនាប់ជើងផ្ទាត់ ពណ៌ក្រហម ទុក រួចរាប់លេខ ១-២-៣ ហើយហក់ពីលើភ្នាក់ដៃឈើចូលទៅក្នុងស្ទឹងសៀមរាប លិចចូលក្នុងទឹកបាត់តែម្តង ភ្លាមៗនោះពួកខ្លួនបានហៅមនុស្ស ចាស់ៗក្បែរនោះឱ្យជួយរក ប៉ុន្តែមិនមានអ្នកណាជួយនោះទេ រួចពួកខ្លួនបានដើររកឈ្មោះ និត រិទ្ធី បានមួយសន្ទុះ នៅតែរកមិនឃើញ ក៏បាននាំគ្នាយកទ្រនាប់ជើងរបស់ឈ្មោះ និត រិទ្ធី ហើយនាំគ្នាជិះកង់ត្រឡប់ទៅផ្ទះវិញ ពេលទៅដល់ផ្ទះឪពុកម្តាយរបស់ឈ្មោះ និត រិទ្ធី បានសួរពួកខ្លួនថា ឃើញឈ្មោះ និត រិទ្ធី ឬអត់? បន្ទាប់មកឈ្មោះ ថុល បញ្ញាសក្តិ ប្រាប់ឪពុកម្តាយរបស់ឈ្មោះ និត រិទ្ធី ថាឈ្មោះ និត រិទ្ធី លោតទឹកស្ទឹងសៀមរាប ហើយក្រោយមកបានរកឃើញ សពរបស់ឈ្មោះ និត រិទ្ធី ដែល បានលង់ទឹកស្លាប់តែម្តង។ ពួកខ្លួនសូមបញ្ជាក់ថាឈ្មោះ និត រិទ្ធី ពិតជាបានលោត ចូលទឹកស្ទឹងសៀមរាប ដោយខ្លួនឯងពិតប្រាកដមែន ដោយពុំមានអ្នកណារុញច្រាននោះទេ។

សមត្ថកិច្ចបញ្ជាក់ថា បន្ទាប់ពីទទួលបានព័ត៌មានជុំវិញករណីខាងលើ កម្លាំងជំនាញបានសហការជាមួយលោកវេជ្ជបណ្ឌិតផ្នែកកោសល្យវិច្ច័យនៃមន្ទីរពេទ្យបង្អែកខេត្តសៀមរាបនិងកម្លាំងនគរបាលនៃការិយានគរបាលបច្ចេកទេសវិទ្យាសាស្ត្រចុះពិនិត្យពិភាគទៅលើសាកសពកុមាររងគ្រោះខាងលើជាលទ្ធផល ផ្នែកក្បាល ពុំមានស្លាកស្នាមអ្វីនោះទេ ហើយផ្នែកអវៈយវៈរាងកាយ ពុំមានស្លាកស្នាមអ្វីនោះទេ និងផ្នែកអាវៈយវៈដៃជើង ពុំមានស្លាកស្នាមអ្វីនោះទេ៕KD

 

ព័ត៌មានពេញនិយម