ខេត្តសៀមរាប៖រដ្ឋបាលខេត្តសៀមរាប បានចេញសេក្ដីជូនដំណឹង អំពីការជួសជុលផ្លូវ ដែលបានរងការរិះគន់ ពីសំណាក់ប្រជាពលរដ្ឋហើយ នៅថ្ងៃទី ០៦ ខែតុលាឆ្នាំ២០២២ នេះ។
រដ្ឋបាលខេត្តសៀមរាបបានឱ្យដឹងថា បន្ទាប់ពីមានសារព័ត៌មានមួយចំនួន បានផ្សព្វផ្សាយកាលពីពេលកន្លងទៅ ដែលពាក់ព័ន្ធទៅនឹងករណីផ្លូវមានការខូចខាត ចាប់ពីផ្លូវបំបែកវត្តដំណាក់ឆ្ពោះទៅកាន់ស្ពានអានក្រពើ ដែលមានទទឹង ០៨ ម៉ែត្រនិង បណ្ដោយប្រវែង ២៨០ ម៉ែត្រ ស្ថិតក្នុងភូមិវត្តដំណាក់ សង្កាត់សាលាកំរើក ក្រុងសៀមរាប ខេត្តសៀមរាប បានធ្វើឲ្យប្រជាពលរដ្ឋមានការរិះគន់យ៉ាងខ្លាំងផងនោះ។
រដ្ឋបាលខេត្តសៀមរាបបានបញ្ជាក់ថា អាជ្ញាធរនឹងធ្វើការជួសជុលកំណាត់ផ្លូវនេះ ដោយប្រើប្រាស់ថវិការដ្ឋបាលសង្កាត់ និងការចូលរួមរបស់ប្រជាពលរដ្ឋ ដោយបានធ្វើការប៉ាន់ស្មានតម្លៃ ត្រូវប្រើប្រាស់ថវិកាអស់ ២៤.៨២៥.៧៩៥រៀល ក្នុងទំហំ ៤៩៣ ម៉ែត្រការ៉េ នឹងចាប់ផ្តើមអនុវត្ត នៅដើមខែធ្នូ ឆ្នាំ២០២២ខាងមុខ ប្រសិនបើគ្មានអ្វីប្រែប្រួល និងដើម្បីស្របតាមនីតិវិធី នៃការអនុវត្តគម្រោង ផុតពីរដូវភ្លៀងធ្លាក់ជោគជាំក្នុងរដូវវស្សា។
រដ្ឋបាលខេត្តក៏សូមអំពាវនាវដល់ សាធារណៈជនបងប្អូនប្រជាពលរដ្ឋ មេត្តាយោគយល់អធ្យាស្រ័យ ដោយសារ រដូវវស្សាឆ្នាំនេះមាន ខ្យល់ព្យុះបោកបក់ខ្លាំងដែលបណ្ដាលឲ្យ មានភ្លៀងធ្លាក់ច្រើនបង្កជាទឹកជំនន់ ធ្វើឲ្យហេដ្ឋារចនាសម្ព័ន្ធនៅតាមក្រុង ស្រុក ក្នុងខេត្តសៀមរាបរួមមានផ្លូវថ្នល់ជាដើម ដែលមានការខូចខាតជាច្រើនហើយនៅរដូវ ប្រាំងខាងមុខនេះរដ្ឋបាលខេត្ត ក្រុង ស្រុក និងមន្ទីរឯកភាពពាក់ព័ន្ធ និងពិនិត្យលទ្ធភាពជាក់ស្ដែង ធ្វើការជួសជុល ជាបន្តបន្ទាប់ទៅតាមលទ្ធភាពនៃទំហំថវិកា៕នាគស