Wednesday, December 11, 2024

ស្នងការដ្ឋាន ចេញលិខិតបដិសេធ ចំពោះបុគ្គលដែលបង្កការអុកឡុក និងអសីលធម៌ នៅក្នុង ភោជនីយដ្ឋាន ” អង្គរឈីនឈូយាន ” ថាមិនមែនជាមន្ត្រីនគរបាល នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាបនោះទេ ហើយកំពុងតែ ស្រាវជ្រាវ កំណត់អត្តសញ្ញាណជននោះ(មានវីដេអូ)

ខេត្តសៀមរាប ៖ កាលពីថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៤ កន្លងទៅ ស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានចេញលិខិតបដិសេធ ចំពោះបុគ្គលដែលបង្កការអុកឡុក និងអសីលធម៌ នៅក្នុង ភោជនីយដ្ឋាន ” អង្គរឈីនឈូយាន ” កាលពីវេលាម៉ោង ១៩ និង ៤០ នាទី ថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៤ កន្លងទៅ មិនមែនជាមន្ត្រីនគរបាល នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាបនោះទេ ពេលនេះកំពុងតែ ស្រាវជ្រាវ កំណត់អត្តសញ្ញាណជននោះហើយ។ យោងតាមលិខិត បដិសេធមួយសន្លឹក របស់អ្នកនាំពាក្យ និងប្រតិកម្មរហ័សរបស់ស្នងការដ្ឋាននគរបាលខេត្តសៀមរាប ជម្រាបជូនសាធារណជន និងជាពិសេសអ្នកនិយមតាមដានបណ្តាញទំនាក់ទំនងសង្គម ដែល ទីភ្នាក់ងារសារព័ត៌មានគូលែនដេលី ទើបនឹងទទួលបាន រៀបរាប់ឲ្យដឹងថា ៖ «ថ្ងៃ នេះ សង្កេតឃើញតាមបណ្តាញសង្គមដែលមានឈ្មោះ So Koung បានចុះផ្សាយដែលមានខ្លឹមសារថា៖ “ហាងខ្ញុំលក់តែ ម្ហូបទេ ហាងខ្ញុំ មិនដែលលក់អូកណូកទេចាស សូមទានជ្រាប មុនចូលសូមមើលផ្លាកយីហោផង លោកអែងចូលហាង ញ៉ាំបាយមិនកម្មង់ម្ហូបញ៉ាំទេ បែរជាកម្មង់ អូកណូកទៅវិញ ហើយលោកឯងខំយកឈ្មោះអ្នកធំ និងយកស្ថាប័នប៉ូលីសបាំង មុខទៀត ហើយបានគំរាមខ្ញុំ ជេរ ចង្អុលមុខ ចង់ចូលទៅវ៉ៃខ្ញុំដល់ក្នុងតុរីសឹបទៀត កុំតែបានគ្នាគាត់ចាប់ឃាត់ទេ កុំអីគាត់ប្រើ អំពើហិង្សាមកលើខ្ញុំហើយ លោកឯងមើលងាយខ្ញុំជាស្ត្រីភេទពេកហើយ ទង្វើបុគ្គលនេះគឺអសីលធម៌ណាស់ អាងសិទ្ធិ អាងអំណាចពេកហើយដើរអុកឡុកគំរាមគេ សូមបងប្អូនជួយឡាច និងស៊ែ ឱ្យបានច្រើន ឱ្យស្ថាបន័ និងមេៗគាត់បាន ឃើញទង្វើបុគ្គលនេះផង” ចំពោះរឿងហេតុដែលបានកើតឡើងខាងលើនេះ គឺនៅក្នុង ភោជនីយដ្ឋានអង្គរឈីនឈូយាន ស្ថិតនៅភូមិតាភុល សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប កាលពីថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៤ វេលាម៉ោង ១៩ និង ៤០ នាទី»។

 

លិខិតដដែលបានបញ្ជាក់ថា « អ្នកនាំពាក្យ និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប សូមធ្វើការបដិសេធចំពោះបុគ្គលដែលបង្កការអុកឡុក និងអសីលធម៌នោះគឺ មិនមែនជាមន្ត្រីនគរបាល នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាបនោះទេ »។

ក្នុងលិខិតដដែលនោះ អ្នកនាំពាក្យ និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានបញ្ជាក់បន្ថែមថា៖ « មកដល់ពេលនេះកម្លាំងសមត្ថកិច្ចនគរបាល នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាបយើងខ្ញុំកំពុងតែ ស្រាវជ្រាវ កំណត់អត្តសញ្ញាណជននោះដើម្បីយកមកសួរនាំ និងចាត់វិធានការតាមផ្លូវច្បាប់ »។

មហាជនបានសម្ដែងការត្រេកអរជាខ្លាំង ចំពោះការបញ្ជាក់អះអាង របស់ស្នងការដ្ឋាននគរបាលខេត្តសៀមរាប ហើយមានសង្ឃឹមយ៉ាងមុតមាំថា សមត្ថកិច្ចជំនាញនឹងវែកមុខ ជនបង្ក អសីលធម៌ដែលបន្លំខ្លួនជាមន្ត្រីនគរបាល រូបនោះ យកមក ផ្ដន្ទាទោសទៅតាមច្បាប់ជាធរមាន ជាក់ជាមិនខាន៕KD

ព័ត៌មានពេញនិយម