Wednesday, December 11, 2024

អាជីវករផ្សារបឹងឈូក ជិត១០០នាក់បានប្រមូលផ្តុំស្នើសុំអាជ្ញាធរដើម្បីចូលពិនិត្យតូបលក់ដូរ និងរកដំណោះស្រាយ ក្រោយមានអគ្គិភ័យឆាបឆេះ ប៉ុន្តែអភិបាលក្រុង ឲ្យស្ងប់អារម្មណ៍ដោយរងចាំ ដើម្បីគណៈកម្មការថ្នាក់ជាតិ_ថ្នាក់ខេត្ត ធ្វើការប្រជុំពិនិត្យជាក់ស្តែង និងវាយតម្លៃអំពីទំហំនៃការខូចខាតសិន

ខេត្តបាត់ដំបង ៖ នៅព្រឹកថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ បងប្អូនអាជីវករផ្សារបឹងឈូកប្រមាណជិត១០០នាក់បានមកប្រមូលផ្តុំគ្នានៅខាងមុខផ្សារដើម្បីទាមទារស្នើសុំអាជ្ញាធរចូលក្នុងផ្សារពិនិត្យតូបលក់ដូរ និងរកដំណោះស្រាយ ក្រោយមានអគ្គិភ័យឆាបឆេះតូបខូចខាតសម្ភារអស់ជាច្រើន។ បងប្អូនអាជីវករបានលើកឡើងថា អ្វីដែលពួកគាត់បាននាំគ្នាមកពេលនេះ គោលបំណងទីមួយគឺស្នើសុំទៅដល់អាជ្ញាធរដើម្បីបានចូលផ្សារទៅពិនិត្យមើលសម្ភារៈនៅក្នុងតូបដែលរងការខូចខាតឬសេសសល់យ៉ាងណា គោលបំណងទីពីរគឺចង់រកដំណោះស្រាយ ពិសេសចង់ស្នើសុំមេធាវីរបស់សម្តេចអោយចុះមកជួយផ្នែកច្បាប់ជូនពួកគាត់។

ជាការឆ្លើយតប លោក លាង វាសនា អភិបាលក្រុងបាត់ដំបង ក៏បានជម្រាបទៅកាន់បងប្អូនអាជីវករផ្សារបឹងឈូក សូមមេត្តាស្ងប់អារម្មណ៍ដោយរងចាំរសៀលនេះសិន ដើម្បីគណៈកម្មការថ្នាក់ជាតិ_ថ្នាក់ខេត្ត និងធ្វើការប្រជុំពិនិត្យជាក់ស្តែង និងវាយតម្លៃអំពីទំហំនៃការខូចខាត នៃសំណង់ផ្សារដែលទទួលរងការឆេះរយៈពេលប្រហែង៥ម៉ោង ដើម្បីកុំឲ្យបង្កគ្រោះថ្នាក់ជាយថាហេតុមកលើបងប្អូន ។

លោកអភិបាលក្រុងបាត់ដំបងបានបញ្ជាក់ថា កាលពី វេលាម៉ោង ២២ និង ៣០០នាទី ថ្ងៃទី ៣ ខែវិច្ឆិកា ឆ្នាំ២០២៤ កន្លងទៅ មានករណីអគ្គិភ័យឆាបឆេះផ្សារបឹងឈូក ដែលស្ថិតក្នុងភូមិព្រែកមហាទេព សង្កាត់ស្វាយប៉ោក្រុងបាត់ដំបង ខេត្តបាត់ដំបង ជាលទ្ធិផលក្នុងការចុះពិនិត្យនិងវាយតម្លៃជាបឋមឃើញថា ចំនួនតូបនៅជាន់ទី០១នៃផ្សារបឹងឈូក មានចំនួន ១៤៨តូប ដែលភាគច្រើនជាតូបលក់ក្រណាត់, លក់ក្រណាត់ប៉ាក់ ឌិន ,វាំងនន, លក់កម្រាលពូក ហើយក្នុងនោះបានឆេះខូចខាតអស់ទាំងស្រុងចំនួន ១៣៩តូប និងនៅសល់០៣តូប ប៉ុន្តែមិនទាន់អាចបើកតូបបាន ៩តូប ដោយសារស្ថានភាពនៅជាន់ទី០១ នៅមានសភាពគ្រោះថ្នាក់ប្រេះស្រាំសរសៃដែកនិងបេតុងដែលនូវរងកំដៅខ្លាំងងាយនឹងបង្កគ្រោះថ្នាក់ជាយថាហេតុ ដោយឡែកតូបលក់ដូរផ្នែកជាន់ផ្ទាល់ដី មានចំនួន ២៨៤តូប មិនមានផលប៉ះពាល់ដោយសារអគ្គិភ័យឡើយ ហើយចំពោះឧបទ្ទេវហេតុនៃការឆេះនេះ ក្រុមការងារកំពុងស្រាវជ្រាវលំអិតអំពីមូលហេតុ ដែលបណ្តាលអោយឆេះផ្សារមួយនេះឡើង។

រហូតមកដល់ពេលនេះ ទីភ្នាក់ងារសារព័ត៌មានគូលែនដេលី នៅមិនទាន់ទទួលបានសេចក្ដីរាយការណ៍ ពីការសម្រេច របស់អជ្ញាធរខេត្តបាត់ដំបង ជុំវិញការសន្យាជាមួយការអាជីវកផ្សារខាងលើនោះនៅឡើយ ៕ លោក លីន សាលី

ព័ត៌មានពេញនិយម