Wednesday, December 11, 2024

អយ្យការអមសាលាដំបូងខេត្តសៀមរាប ប្រកាសចាត់ការលើសំណុំរឿងព្រហ្មទណ្ឌ ពាក់ព័ន្ធនឹងករណីករណីគ្រោះថ្នាក់ចរាចរណ៍ បង្កឡើងដោយរថយន្តម៉ាក LEXUS RX300 ពណ៌ស ពាក់ផ្លាកលេខ សៀមរាប 2B-3400 បើកបរ ដោយជនល្មើស ឈ្មោះមឿន បញ្ញា បណ្ដាលឱ្យស្លាប់មនុស្ស ២នាក់ និងរបួស ៣នាក់

ខេត្តសៀមរាប ៖ អយ្យការអមសាលាដំបូងខេត្តសៀមរាប បានទទួលចាត់ការ លើសំណុំរឿងព្រហ្មទណ្ឌលេខ ១៤២៨ ចុះថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២៤ ទាក់ទងនឹងករណីគ្រោះថ្នាក់ ចរាចរណ៍ កើតហេតុកាលពីយប់ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៤ វេលាម៉ោង ២៣ និង ៥០នាទី នៅចំណុចភ្លើង ស្តុបសួនព្រះរាជដំណាក់លើផ្លូវរុក្ខវិថីព្រះសីហនុ ស្ថិតនៅភូមិមណ្ឌល១ សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្ត សៀមរាប បង្កឡើងដោយរថយន្តម៉ាក LEXUS RX300 ពណ៌ស ពាក់ផ្លាកលេខ សៀមរាប 2B-3400 បើកបរ ដោយជនល្មើសឈ្មោះ មឿន បញ្ញា ភេទ ប្រុស អាយុ ២២ឆ្នាំ បើកបរក្នុងទិសដៅពីជើងទៅត្បូង ក្នុងល្បឿន លឿន ដោយមិនគោរពភ្លើងសញ្ញា(ភ្លើងស្តុបពណ៌ក្រហម) ទៅបុករះម៉ូតូចំនួន០៣គ្រឿង និងបណ្តាលឲ្យ ជនរងគ្រោះរងរបួសចំនួន៣នាក់ ក្នុងនោះរងរបួសមធ្យម ១នាក់ រងរបួសស្រាល ២នាក់ និងបានស្លាប់ចំនួន ២នាក់។ នេះបើយោងតាមការបញ្ជាក់របស់ អ្នកនាំពាក្យអយ្យការអមសាលាដំបូងខេត្តសៀមរាប ដែលពីភ្នាក់ងារសារព័ត៌មានគូលែនដេលី ទទួលបាននូវរសៀលថ្ងៃទី 3 ខែវិច្ឆិកាឆ្នាំ 2024 ។ អ្នកនាំពាក្យអយ្យការអមសាលាដំបូងខេត្តសៀមរាបបានបន្តថា ក្រោយពេលកើតហេតុ សមត្ថកិច្ចបានធ្វើការឃាត់ខ្លួនជនល្មើសនៅនឹងកន្លែងកើតហេតុ។ អ្នកនាំពាក្យអយ្យការអមសាលាដំបូងខេត្តសៀមរាបបានបញ្ជាក់ថា ក្រោយពីបានស្តាប់ចម្លើយ និងពិនិត្យលើភស្តុតាងនានាដែលមាននៅក្នុងសំណុំរឿង តំណាងអយ្យការបានសម្រេចធ្វើការចោទប្រកាន់លើជនល្មើសឈ្មោះមឿន បញ្ញា ពីបទ បើកបរធ្វេសប្រហែស ឬមិនគោរព កាតព្វកិច្ចប្រុងប្រយ័ត្នបណ្តាលឲ្យរបួស និងស្លាប់អ្នកដទៃ (របួស និងស្លាប់ច្រើននាក់) ប្រព្រឹត្តនៅចំណុច ភ្លើងស្តុបសួនព្រះរាជដំណាក់លើផ្លូវរុក្ខវិថីព្រះសីហនុ ស្ថិតនៅភូមិមណ្ឌល១ សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប កាលពីថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៤ បទល្មើសព្រហ្មទណ្ឌដែលមានចែងឲ្យផ្តន្ទាទោសតាម បញ្ញត្តិមាត្រា ៨៣ កថាខណ្ឌទី២ ចំណុច គ និងមាត្រា ៨៥ កថាខណ្ឌទី២ ចំណុច គ នៃច្បាប់ស្តីពីចរាចរណ៍ ផ្លូវគោក តាមដីកាសន្និដ្ឋានបញ្ជូនរឿងឲ្យស៊ើបសួរលេខ ២១៩២ អយញ ចុះថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២៤ បញ្ជូនទៅចៅក្រមស៊ើបសួរ នៃសាលាដំបូងខេត្តសៀមរាប ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់៕KD

ព័ត៌មានពេញនិយម