ខេត្តសៀមរាប ៖ លោកវេជ្ជបណ្ឌិត ឯកទេសវិជ្ជារោគកុមារ នៃមន្ទីរពេទ្យបង្អែកខេត្តសៀមរាបម្នាក់ ត្រូវបានក្រុមគ្រួសារ សាច់ញាតិ ប្រកាសស្វែងរក បន្ទាប់ពីបានបាត់ខ្លួនរយៈពេល២ យប់ ៣ថ្ងៃ នៅពេលដែលប្រទះឃើញគឺស្លាប់បាត់បង់ជីវិត ហើមអណ្តែតទឹក នៅចំណុចក្រោមកញ្ចុះបារាយណ៍ទឹកថ្លា ស្ថិតក្នុងភូមិជ្រៃ សង្កាត់ទឹកវិល ក្រុងសៀមរាប ខេត្តសៀមរាប នៅវេលាម៉ោង៩ និង៣០នាទីថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៤។ ប្រភពពីសមត្ថកិច្ចបានឱ្យដឹងថា ក្រោយទទួលបានសេចក្តីរាយការណ៍អំពីការប្រទះឃើញមានសពអណ្ដែតទឹកភ្លាម កម្លាំងជំនាញ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានចុះទៅដល់ទីតាំង ក៍ឃើញថាមានសពបុរសម្នាក់ ឈ្មោះ អុឹង សុភាព ភេទប្រុស អាយុ ៥២ឆ្នាំ មុខរបរ:វេជ្ជបណ្ឌិត មានទីលំនៅភូមិតាវៀន សង្កាត់សាលាកំរើក ក្រុងសៀមរាប ខេត្តសៀមរាប ស្លាប់ពិតប្រាកដមែន។
ប្រភពដដែលបានបន្តថា នៅកន្លែងកើតហេតុមានការបញ្ជាក់ របស់ក្រុមគ្រួសារសពថា គាត់ពិតជាលោកវេជ្ជបណ្ឌិត អុឹង សុភាព ដែលបានចាកចេញពីផ្ទះ កាលពីវេលាម៉ោង០៤ និង៣០នាទីព្រឹក ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៤ កន្លងទៅ ដើម្បីហាត់ប្រាណ ហើយក៏បាត់ដំណឹង មិនអាចទាក់ទងបាន រហូតមកដល់ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៤ ក៏ត្រូវបានប្រជាពលរដ្ឋប្រទះឃើញសព នៅចំណុចកើតហេតុខាងលើ ។
ដោយឡែក ឈ្មោះ ថាច ធារ៉ា ភេទស្រី អាយុ ៣៩ឆ្នាំ មុខរបរ លក់ដូរ មានទីលំនៅភូមិជ្រៃ សង្កាត់ទឹកវិល ក្រុងសៀមរាប ខេត្តសៀមរាប ក៍បានរៀបរាប់ជូនសមត្ថកិច្ចផងដែរថា៖ នៅថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៤ នៅវេលាម៉ោង៩:៣០នាទី ខណៈពេលរូបខ្លួនកំពុងតែសំអាតកញ្ចុះសម្រាប់ឱ្យភ្ញៀវអង្គុយ ស្ថិតនៅបារាយណ៍ទឹកថ្លាខាងកើតក្នុងភូមិជ្រៃ សង្កាត់ទឹកវិល ក្រុងសៀមរាប ខេត្តសៀមរាប ក៏ស្រាប់តែមានធំក្លិនស្អុយចេញពីក្រោមកញ្ចុះភ្លាមនោះរូបខ្លួនក៏បានមើល ហើយឃើញមានសាកសព មនុស្សប្រុស ពាក់អាវយឺតពណ៍ខៀវ អណ្ដែតទឹកនៅខាងក្រោមកញ្ចុះ ហើយក៏បានរាយការណ៍ជូនសមត្ថកិច្ចតែម្ដង។
សមត្ថកិច្ចបន្ថែមថា វត្ថុជាប់នឹងខ្លួនសាកសព ដែលសមត្ថកិច្ច រកឃើញមាន ទូរស័ព្ទដៃ ចំនួន ០១គ្រឿង ការបូបលុយ ចំនួន០១ សោររថយន្ត (តាមការបញ្ជាក់ពីក្រុមគ្រួសារសពគឺពុំមានការបាត់បង់អ្វីនោះទេ) ។សមត្ថកិច្ចបានបញ្ជាក់ថា តាមការបញ្ជាក់របស់គ្រូពេទ្យជំនាញ និងនគរបាលបច្ចេកទេសកោសល្យវិច្ច័យ ថាសពខាងលើគឺពិតជាបានស្លាប់ដោយសារការធ្វើអត្តឃាតលោតទឹកសម្លាប់ខ្លួនដោយខ្លួនឯងពិតប្រាកដមែន ពុំមានស្លាកស្នាម លើរូបរាងអង្គកាយ ពាក់ព័ន្ធនឹងបទល្មើសព្រហ្មទណ្ឌនោះទេ ចំណែកមូលហេតុនៃការធ្វើអត្តឃាត អាចបណ្តាលមកពី ” វិបត្តិផ្លូវចិត្ត “៕KD