Thursday, November 21, 2024

លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្ត អញ្ជើញដឹកនាំកិច្ចប្រជុំ Hotline Group Meeting លើកទី១៦

ខេត្តសៀមរាប ៖ នៅព្រឹកថ្ងៃទី ២៥ ខែតុលា ឆ្នាំ២០២៤ នៅសាលប្រជុំសណ្ឋាគារសុខាអង្គរសៀមរាប មានរៀបចំកិច្ចប្រជុំ Hotline Group Meeting លើកទី១៦ រៀបចំឡើងដោយស្ថានកុងស៊ុលចិនប្រចាំខេត្តសៀមរាប ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការ នៃស្នងការនគរបាលខេត្តសៀមរាប ដែលមានការអញ្ជើញចូលរួមដោយ លោក-លោកស្រី ស្នងការរង លោកនាយ-នាយរង ការិយាល័យ ដែលពាក់ព័ន្ធ លោកអធិការនគរបាលក្រុងសៀមរាប លោកប្រធានអង្គភាពនគរបាលទេសចរណ៍ អង្គភាពនគរបាលការពារបេតិកភណ្ឌ និងលោក-លោកស្រី ប្រធានកុងស៊ុលប្រចាំខេត្តសៀមរាប ផងដែរ ។

បន្ទាប់ពីទទួលបានការលើកឡើងរបស់ លោកប្រធានកុងស៊ុលចិន និងសំណូមពរ របស់ លោក-លោកស្រី ប្រធានកុងស៊ុលទាំងអស់ប្រចាំខេត្តសៀមរាបរួចមក លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប ក៍បានឆ្លើយតបភ្លាមៗ និងធ្វើការថ្លែងអំណរគុណ ដល់ស្ថានកុងស៊ុលប្រចាំខេត្តសៀមរាប ដែលបានបង្ក ភាពងាយស្រួល ផ្ដល់កិច្ចសហការល្អជាមួយកងកម្លាំងជំនាញកន្លងមក ហើយថា ការជួបជុំលើកនេះជាការបង្កើនទំនាក់ទំនង និង សហប្រតិបត្តិការឱ្យកាន់តែល្អបន្ថែមទៀត។

លោកឧត្តមសេនីយ៍ទោ ស្នងការ មានប្រសាសន៍ដោយសុទិដ្ឋិ បន្តថា នៅក្នុងខេត្តទេសចរណ៍មួយនេះ នាពេលកន្លងមក និងក្នុងត្រីមាសចុងក្រោយនេះ មានបទល្មើស និងឧបទវហេតុ ក៍ដូចជាផលប៉ះពាល់ផ្សេងៗក្នុងចំនួនដ៍តិចតួចបំផុត ហើយកិច្ចអន្តរាគមន៍ របស់កម្លាំងជំនាញ នៃស្នងការដ្ឋាននគរបាលខេត្ត សហការជាមួយស្ថានកុងស៊ុល បានទាន់ពេលវេលា ទើបមានការដោះស្រាយបានយ៉ាងល្អប្រសើរ។

លោកឧត្តមសេនីយ៍ទោ ស្នងការ បានមានប្រសាសន៍បញ្ជាក់ថា កិច្ចការប្រឈមនឹងកង្វល់ធំបំផុតនៅក្នុងខេត្តសៀមរាប គឺបញ្ហាចរាចរណ៍ ដែលកន្លងមក បើទោះបីជា ស្នងការដ្ឋាន តែងតែយកចិត្តទុកដាក់ខ្ពស់ ក្នុងការរឹតបន្តឹង ណែនាំ និងបង្រៀនជាប្រចាំ ក៍នៅតែត្រូវការការចូលរួមបន្ថែម និង ស្នើដល់ លោក-លោកស្រី ប្រធានកុងស៊ុល ជួយផ្ដល់ព័ត៌មានជាក់លាក់បន្ថែមអំពីការរក្សាសុវត្ថិភាព ក្នុងការរស់នៅ ធ្វើដំណើរ និងកំសាន្ត របស់ប្រជាពលរដ្ឋខ្លួន ជាពិសេសចូលរួមគោរពច្បាប់ដែលមានជាធរមាន របស់ព្រះរាជាណាចក្រកម្ពុជា៕KD

ព័ត៌មានពេញនិយម