ខេត្តសៀមរាប ៖ ករណីជនជាតិកូរ៉េខាងត្បូងម្នាក់ ដែលស្នាក់នៅក្នុង អាផាតមេន SOPHIE ANGKOR RESIDENCE ស្ថិតនៅភូមិទក្សិណខាងត្បូង សង្កាត់គោកចក ក្រុងសៀមរាប ខេត្តសៀមរាប ប៉ល់ក្បាលខាងឆ្វេង មានឈាមហូរចេញ ដឹកទៅព្យាបាលចំនួន ៣មន្ទីរពេទ្យ ចុងក្រោយសមត្ថកិច្ចថា បានស្លាប់ដោយសារ គាំងបេះដូង នៅវេលាម៉ោង ១២ និង ០០ នាទី ថ្ងៃទី ២៣ ខែតុលា ឆ្នាំ២០២៤។ ប្រភពពីសមត្ថកិច្ចបានឱ្យដឹងថា នៅក្នុងមន្ទីរពេទ្យបង្អែកខេត្តសៀមរាប ដែលស្ថិតនៅភូមិមណ្ឌល១ សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប មានករណី ឈ្មោះ LIM JONG HAN ភេទប្រុស អាយុ ៦០ឆ្នាំកំណើត ជនជាតិ កូរ៉េខាងត្បូង មុខរបរ គ្មាន កាន់លិខិតឆ្លងដែនលេខ M448G0302 ស្នាក់នៅបណ្ដោះអាសន្ន អាផាតមេន SOPHIE ANGKOR RESIDENCE ស្ថិតនៅភូមិទក្សិណខាងត្បូង សង្កាត់គោកចក ក្រុងសៀមរាប ខេត្តសៀមរាបបានស្លាប់។
ប្រភពដដែលបានបន្តថា តាមការបំភ្លឺពីឈ្មោះ JANG GEUN SOON ភេទប្រុស អាយុ 56 ឆ្នាំ ជនជាតិកូរ៉េ ខាងត្បូង ស្នាក់នៅបណ្ដោះអាសន្ន អាផាតមេន SOPHIE ANGKOR RESIDENCE ស្ថិតនៅភូមិទក្សិណខាងត្បូង សង្កាត់គោកចក ក្រុងសៀមរាប ខេត្តសៀមរាប ដែលត្រូវជាមិត្តភក្តិរបស់សព បានឲ្យដឹងថា ៖ «ខ្ញុំបាទបានចូលមកព្រះរាជាណាចក្រកម្ពុជាកាលពីអំឡុងឆ្នាំ២០២០។ ខ្ញុំបាទបានស្គាល់គាត់(សព) និងរាប់អានគ្នាជាមិត្តភ័ក្រ្ត អស់រយៈពេល២០ឆ្នាំមកហើយ។ លុះដល់ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៤ គាត់បានចូលមកដើរកំសាន្តនៅក្នុងប្រទេសកម្ពុជា ខ្ញុំបាទក៏បានណែនាំគាត់មកស្នាក់នៅក្នុង SOPHIE ANGKOR RESIDENCE ដោយគាត់នៅបន្ទប់លេខ ៤០២ ទល់មុខនឹងបន្ទប់ខ្ញុំ ក្នុងអំឡុងពេលស្នាក់នៅ គាត់ជាមនុស្សចូលចិត្តពិសារស្រា និងជក់បារីជាប្រចាំ តែខ្ញុំបាទពុំបានដឹងថាគាត់មានជំងឺអ្វីនោះទេ។ លុះដល់វេលាម៉ោងប្រហែល ១០:០០នាទីថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៤ ខ្ញុំបាទកំពុងសំរាកនៅក្នុងបន្ទប់ ស្រាប់តែគាត់ បានទូរស័ព្ទមកខ្ញុំឲ្យទៅជួយគាត់នៅក្នុងបន្ទប់ ភ្លាមៗនោះ ខ្ញុំបានចេញទៅមើលគាត់ និងបានបើកទ្វារបន្ទប់ចូលទៅឃើញគាត់កំពុងអង្គុយលើសាឡុងយកដៃទប់ក្បាលផ្នែកខាងឆ្វេងដែលឈាមកំពុងហូរចេញ ក្នុងស្ថានភាពស្រវឹងស្រា និងមានឈាមប្រឡាក់ពេញឥដ្ឋការ៉ូក្នុងបន្ទប់ផងដែរ ក្រោយមក ខ្ញុំបាទក៏បាននាំគាត់ទៅព្យាបាលរបួសនៅមន្ទីរសម្រាកព្យាបាល រួមពេទ្យ ស្ថិតនៅភូមិ គ្រួស សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប រួចក៏បាននាំគាត់ត្រលប់មកសម្រាកនៅបន្ទប់វិញ។ លុះដល់វេលាម៉ោងមិនចាំថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៤ គាត់មានអាការៈមិនស្រួលខ្លួន ខ្ញុំបាទក៏នាំគាត់ទៅពិនិត្យព្យាបាលនៅគ្លីនីក សុខភាព និងនាំគាត់ត្រលប់មកបន្ទប់វិញ រហូតដល់វេលាម៉ោង១១:១៥នាទីថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៤ គាត់មានអាការៈឈឺក្បាល ហត់ដង្ហក់ខ្លាំង ខ្ញុំបាទក៏ទូរស័ព្ទហៅមិត្តភ័ក្រ្តខ្ញុំមា្នក់ទៀតឲ្យជួយដឹកគាត់តាម រថយន្តរបស់មិត្តភក្តិយកទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យខេត្តសៀមរាប ពេលមកដល់មន្ទីរពេទ្យ ក្រុមគ្រូពេទ្យបានធ្វើការពិនិត្យ និងបញ្ជាក់ថាជនរងគ្រោះបានផុតដង្ហើមស្លាប់បាត់ទៅហើយ បន្ទាប់មកខ្ញុំបាទក៏បានរាយការណ៍ទៅសមាគមន៍កូរ៉េ និងសមត្ថកិច្ចមូលដ្ឋានឲ្យមកជួយអន្តរាគមន៍តែម្តង»។
ប្រភពដដែលបានបញ្ជាក់ថា ការពិនិត្យសាកសព
-ផ្នែកក្បាល ចំហៀងខាងឆ្វេង មានស្នាមប៉ល់ និងជាំខៀវ(របួសចាស់)ដោយសារដួល។
-ផ្នែកអវយវ: ដៃខាងស្ដាំ មានស្នាមជាខៀវ(របួសចាស់)ដោយសារដួល។
-ក្រៅពីនោះពុំពិនិត្យឃើញមានស្លាកស្នាមអ្វីគួរឲ្យគាត់សម្គាល់ទេ។ ដូច្នេះសមត្ថកិច្ចក៍បានបញ្ជាក់ថា តាមការបំភ្លឺសាក្សី ការពិនិត្យសាកសព និងតាមការបញ្ជាក់របស់គ្រូពេទ្យកោសល្យវិច័យ ខេត្តសៀមរាប បុរសជនជាតិកូរ៉េខាងត្បូងខាងលើ បានស្លាប់ដោយសារ គាំងបេះដូង។បច្ចុប្បន្នសាកសពបានរក្សាទុកបណ្ដោះអាសន្ននៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាបដើម្បីរង់ចាំការសម្រេចរបស់ស្ថានកុងស៊ុលកូរ៉េប្រចាំខេត្តសៀមរាប៕KD