Wednesday, December 11, 2024

អាជ្ញាធរជាតិអប្សរា និងក្រុមហ៊ុន X Capital Investment ចុះអនុស្សរណៈយោគយល់គ្នា ដើម្បីជំរុញការផ្សព្វផ្សាយរមណីយដ្ឋានអង្គរទៅកាន់ទីផ្សារប្រទេសចិន

ខេត្តសៀមរាប ៖ នារសៀលថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៤ អាជ្ញាធរជាតិអប្សរា និងក្រុមហ៊ុន X Capital បានចុះអនុស្សរណៈយោគយល់គ្នា ដើម្បីជំរុញការផ្សព្វផ្សាយគោលដៅរមណីយដ្ឋានអង្គរ ទៅកាន់ទីផ្សារប្រទេសចិនឱ្យបានកាន់តែទូលំទូលាយ។ ពិធីចុះអនុស្សរណៈយោគយល់នេះធ្វើឡើង ក្រោមវត្តមានឯកឧត្តមបណ្ឌិត ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា និងលោកស្រី អៀ សុភា អភិបាលក្រុមហ៊ុន X Capital Investment ដោយមានតំណាងស្ថាប័នពាក់ព័ន្ធជាច្រើនរូបទៀត​ចូលរួមផងដែរ។ ឯកឧត្តមបណ្ឌិត ហង់ ពៅ បានសម្ដែងនូវក្តីសោមន្សរីករាយ និងថាអាជ្ញាធរជាតិអប្សរា បានត្រៀមក្នុងកិច្ចសហការនានាជាមួយក្រុមហ៊ុន X Capital ដើម្បីជំរុញការផ្សព្វផ្សាយរមណីយដ្ឋានអង្គរ ទៅភ្ញៀវទេសចរចិន ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល។ ឯកឧត្តមក៏បានលើកឡើង​ពីកិច្ចខិតខំប្រឹងប្រែង​នាពេលកន្លងមក ដែលអាជ្ញាធរជាតិអប្សរាបានធ្វើទាំងលើការងារអភិរក្ស និងអភិវឌ្ឍន៍ ក៏ដូចជាការផ្សព្វផ្សាយរមណីយដ្ឋានអង្គរ​ឱ្យមាននិរន្តរភាព និងគង់វង្សតទៅ​អ្នកជំនាន់ក្រោយ។

លោកស្រី អៀ សុភា អភិបាលក្រុមហ៊ុន X Capital បានលើកឡើងពីការប្ដេជ្ញាចិត្តរបស់ក្រុមហ៊ុន​និងប្រឹងប្រែងលើការជំរុញការផ្សព្វផ្សាយនេះឱ្យបានល្អ ក្នុងនោះមានការ ផលិតវីដេអូឯកសារ រួមនឹងការតាំងពិព័រណ៍ផ្សេងៗ ក្នុងន័យទាក់ទាញទេសចរចិនមកកាន់តំបន់រមណីយដ្ឋានអង្គរ ក៏ដូចជាប្រទេសកម្ពុជា ឱ្យបានកាន់តែច្រើន។ បន្ថែមពីនេះ លោកស្រីអភិបាលក្រុមហ៊ុន ក៏នឹងបន្តកិច្ចសហការយ៉ាងជិតស្និទ្ធ ជាមួយអ្នកជំនាញរបស់អាជ្ញាធរជាតិអប្សរា មុននឹងផលិតវីដេអូ ឬការផ្សព្វផ្សាយនានា ដើម្បីឱ្យការផលិត ស្របតាមគោលនយោបាយផ្សព្វផ្សាយពីតំបន់បេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្គូ៕KD

អត្ថបទ៖ នាង សំណាង
រូបភាព៖ ភោគ ជា

ព័ត៌មានពេញនិយម