ខេត្តបន្ទាយមានជ័យ៖ កាលពីទាបភ្លឺថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៤ មនុស្ស៨នាក់ត្រូវកម្លាំងនគរបាលជំនាញ ចាប់ខ្លួនពាក់ព័ន្ធករណីគ្រឿងញៀនក្នុងក្លឹបកម្សាន្តយីហោ ហូលីវូដ នៅចំណុចភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខណៈទីតាំងខាងលើ ត្រូវបានអាជ្ញាធរទម្លាយថា ធ្លាប់បង្រ្កាបច្រើនលើករួចមកហើយ។ ប្រតិបត្តិការនេះធ្វើឡើង ដោយអនុវត្តតាមបញ្ជាពីលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ និងមានការការសម្របសម្រួលនីតិវិធីពីលោក សំរិទ្ធ សុខុន ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តបន្ទាយមានជ័យ កម្លាំងសមត្ថកិច្ចបានចុះបង្រ្កាប ត្រួតពិនិត្យឃើញមានការប្រើប្រាស់គ្រឿងញៀនខុសច្បាប់មួយបន្ទប់យីហោ (DIOR) ឃាត់ខ្លួនបានមនុស្សចំនួន៨នាក់ ក្នុងនោះមានស្រី៤នាក់ ព្រមទាំងសម្ភារប្រើប្រាស់ថ្នាំញៀនមួយចំនួនផងដែរ។
ទោះបីជាយ៉ាងណា កម្លាំងជំនាញបានបន្តធ្វើតេស្តទឹកនោមស្វែងរកសារធាតុញៀនជាលទ្ធផលវិជ្ជមាន៤នាក់ រីឯ៤នាក់ទៀតមិនមានសារធាតុញៀនឡើយ ខណៈបច្ចុប្បន្ន សមត្ថកិច្ចបានឃាត់ខ្លួនមនុស្ស នឹងវត្ថុតាងពាកព័ន្ធមកកាន់អធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត ដើម្បីសួរនាំ និងចាត់ការតាមនីតិវិធីច្បាប់។
សូមជម្រាបថា កន្លងមកទីតាំងខាងលើ ត្រូវសមត្ថកិច្ចបង្រ្កាបជារឿយៗពាក់ព័ន្ធបទល្មើសគ្រឿងញៀននេះ និងការបើកល្បែងសុីសងខុសច្បាប់ មិនត្រឹមតែបង្រ្កាបរួចទេ ម្ចាស់ទីតាំងខាងលើគ្រាន់តែប្តូរឈ្មោះគឺជាការស្រេច ពោលគឺពីដើមឡើយមានឈ្មោះថា KTV ថាចដោន កែមកឈ្មោះ KTV ចាស់ស្មិន ក្រោយមកកែឈ្មោះ KTV ប៊ី៩ (B9) និងចុងក្រោយនេះឈ្មោះ KTV និង Club HollyWood។
ពលរដ្ឋបានធ្វើការគោរពស្នើសុំ អាជ្ញាធរមូលដ្ឋាន ក៍ដូចជាលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្ត ឯកឧត្តម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្ត និងជាគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តបន្ទាយមានជ័យ និងជាពិសេស សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ប្រមុខរាជរដ្ឋាភិបាលកម្ពុជា មេត្តាបញ្ជូនក្រុមអធិការកិច្ចចុះធ្វើការស៊ើបអង្កេត និងចាត់វិធានការតាមផ្លូវច្បាប់ចំពោះម្ចាស់ទីតាំងខាងលើផង ដើម្បីបង្កើនប្រសិទ្ធភាពយុទ្ធនាការ”សំអាតផ្ទះយើង” និងលុបបំបាត់ឱ្យខានតែបាននូវការសេព និងចរាចរគ្រឿងញៀននៅក្នុងក្របខណ្ឌទូទាំងប្រទេស៕KD