រាជធានីភ្នំពេញ៖ តបតាមការអញ្ជើញដ៍ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ធ្វើឡើងអំឡុងពេលដែល សម្តេច បំពេញទស្សនកិច្ចផ្លូវការជាលើកទី២ នៅក្នុងប្រទេសគុយបានោះ ពេលនេះ ឯកឧត្តម ឯកឧត្តម ម៉ានូអែល ម៉ារ៉េរ៉ូ គ្រុស (Manuel Marrero Cruz) នាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋគុយបា ដឹកនាំគណៈប្រតិភូជាន់ខ្ពស់ បានមកដល់ទឹកដីនៃព្រះរាជាណាចក្រកម្ពុជាហើយ កាលពីរសៀល ថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២២។
ទស្សនកិច្ចផ្លូវការរបស់នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋគុយបា នាពេលនេះគឺមានរយៈពេល៣ថ្ងៃ ដើម្បីពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងប្រទេសទាំងពីរ។
ក្នុងពេលនៃទស្សនកិច្ចនៅកម្ពុជា ឯកឧត្តម ម៉ានូអែល ម៉ារ៉េរ៉ូ គ្រុស នឹងចូលក្រាបបង្គំគាល់ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា នៅព្រះបរមរាជវាំង។ ឯកឧត្តមនាយករដ្ឋមន្ត្រីក៏នឹងចូលជួបសម្តែងការគួរសមជាមួយ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា និងសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា ផងដែរ។
ឯកឧត្តម នឹងជួបពិភាក្សាពិសេសទ្វេភាគីជាមួយ សម្តេចតេជោ ហ៊ុន សែន ហើយនាយករដ្ឋមន្ត្រីទាំងពីរ នឹងអញ្ជើញធ្វើជាអធិបតីក្នុងពិធីចុះហត្ថលេខាលើឯកសារមួយចំនួន ដែលនឹងបង្កើនកិច្ចសហប្រតិបត្តិការទ្វេភាគីបន្ថែមទៀត ក្នុងវិស័យ កីឡា អប់រំ និងវប្បធម៌ ក៏ដូចជាវិស័យផ្សេងៗទៀតផងដែរ៕នាគស