ខេត្តសៀមរាប ៖ ស្ត្រីជនជាតិ កូរ៉េខាងត្បូងម្នាក់ ដែលជាម្ដាយ ម្ចាស់ក្រុមហ៊ុនទេសចរណ៍ ANGKOREN បានស្លាប់នៅចំណុចផ្ទះលេខ ១៥ ក្នុងបុរីព្រីមែរ អង្គរ ផាលេស ស្ថិតនៅភូមិគ្រួស សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប កាលពីវេលាម៉ោង ១៦ និង ០០នាទី ថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២៤។
ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា សាកសពឈ្មោះ KIM OKSOON អាយុ ៨៦ឆ្នាំ មុខរបរ គ្មាន កាន់លិខិតឆ្លងដែនលេខ M40279297 ស្នាក់នៅបណ្ដោះអាសន្ន ទីតាំងកើតហេតុខាងលើ។
ប្រភពដដែលបានបន្តថា នៅកន្លែងកើតហេតុ ឈ្មោះ SHIM YONGHYO ភេទប្រុស អាយុ ៥៤ឆ្នាំ ជនជាតិកូរ៉េខាងត្បូង កាន់តែខិតឆ្លងដែនលេខ M27853161 ស្នាក់នៅបច្ចុប្បន្នទីតាំងកើតហេតុខាងលើ ដែលត្រូវជាកូនបង្កើតរបស់សពបានឲ្យដឹងថា “គ្រួសារខ្ញុំបានចូលមកព្រះរាជាណាចក្រកម្ពុជាកាលពីអំឡុងឆ្នាំ២០១៣ ប្រកបរបរក្រុមហ៊ុនទេសចរណ៍ឈ្មោះ ANGKOREN ស្ថិតនៅក្នុងបូរី PREMIER ANGKOR PALCE លុះដល់អំឡុងឆ្នាំ ២០២១ ម្តាយខ្ញុំបានដើរដួលនៅក្នុងបន្ទប់ទឹក ខ្ញុំក៏បានយកគាត់ទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យសង់តេ ក្នុងខេត្តសៀមរាបម្តង បន្ទាប់មកឆ្នាំ២០២៣ គាត់មិនអាចដើរបានហើយប្រើប្រាស់ថ្នាំជាប់ជាប្រចាំ។ ជាក់ស្តែងនៅវេលាម៉ោង១៦ និង ០០នាទី ថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២៤ ប្រពន្ធខ្ញុំបានឡើងទៅមើលគាត់ដូចសព្វដង ឃើញគាត់ដេកនៅលើគ្រែ និងពុំមានដកដង្ហើម ភ្លាមៗនោះប្រពន្ធខ្ញុំក៏បានដាស់អង្រួនហៅគាត់ជាច្រើនដង តែគាត់ពុំឆ្លើយ ទើបប្រពន្ធខ្ញុំបានទូរស័ព្ទប្រាប់ខ្ញុំឲ្យមកមើល បានប្រហែលជាង១ម៉ោង ខ្ញុំបាទមកដល់ និងឡើងទៅមើលគាត់ក៏បានឃើញគាត់ស្លាប់បាត់ទៅហើយ។ បន្ទាប់មកខ្ញុំបាទក៏បានរាយការណ៍ទៅសមាគមន៍កូរ៉េ និងសមត្ថកិច្ចមូលដ្ឋានឲ្យមកជួយអន្តរាគមន៍តែម្តង”។
ប្រភពបានបញ្ជាក់ថា យោងតាមការបំភ្លឺសាក្សី ការពិនិត្យសាកសព និងតាមការបញ្ជាក់របស់គ្រូពេទ្យកោសល្យវិច័យ ខេត្តសៀមរាប ស្ត្រីជនជាតិកូរ៉េខាងត្បូងខាងលើ ស្លាប់ដោយសារ គាំងបេះដូង។ សាកសពបានរក្សាទុកបណ្ដោះអាសន្ននៅទីតាំងកើតហេតុខាងលើ ដើម្បីរង់ចាំការសម្រេចរបស់ស្ថានកុងស៊ុលកូរ៉េប្រចាំខេត្តសៀមរាប៕KD