Thursday, November 21, 2024

សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតី ដ៍ខ្ពង់ខ្ពស់ ពិធី Gumball 3000 ប្រគល់ថវិកា៤៥ម៉ឺនដុល្លារបរិច្ចាគទៅមន្ទីរពេទ្យកុមារអង្គរ តាមរយ:ក្រុមហ៊ុនជីបម៉ុងគ្រុប

រាជធានីភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតីដ៍ខ្ពង់ខ្ពស់ ក្នុងពិធីប្រគល់-ទទួល ថវិកាសប្បុរសជនដែលបរិច្ចាគចំនួន ៤៥ម៉ឺនដុល្លារ តាមរយ:ក្រុមហ៊ុនជីបម៉ុងគ្រុប ដើម្បីផ្ដល់ជូនមន្ទីរពេទ្យកុមារអង្គរ ដោយទទួលបានពីការចូលរួមនៃព្រឹត្តិការណ៍ Gumball 3000 នៅវិមានសន្តិភាព នាព្រឹកថ្ងៃ ទី៣០ កញ្ញា ២០២៤នេះ។

នាឱកាសនោះ លោកអ្នកឧកញ៉ា លាង ឃុន សហស្ថាបនិក និងជាប្រធានក្រុមប្រឹក្សាភិបាល ក្រុមហ៊ុន ជីប ម៉ុង គ្រុប បានគោរពជម្រាបជូនសម្ដេចធិបតីអំពីជោគជ័យនៃការរៀបចំព្រឹត្តិការណ៍ Gumball 3000 នៅកម្ពុជា ដែលព្រឹត្តិការណ៍នេះទទួលបានការកោតសរសើរពីគណៈប្រតិភូ Gumball 3000 ផ្ទាល់ និងបានបញ្ជាក់ថា “កម្ពុជាជាម្ចាស់ផ្ទះរៀបចំព្រឹត្តិការណ៍Gumball 3000 ល្អបំផុតក្នុងរយ:ពេល ២៥ ឆ្នាំនៃការរៀបចំ ព្រឹត្តិការណ៍នេះ” ។ ជាមួយគ្នានេះ ព្រឹត្តិការណ៍ Gumball 3000 ត្រូវបានផ្សព្វផ្សាយយ៉ាងទូលំទូលាយនៅលើបណ្ដាញសារព័ត៌មាន និងបណ្ដាញសង្គមនានា ដោយមានអ្នកចូលរួមទស្សនាសរុបប្រមាណជាង ១០០០ លាននាក់ ហើយនឹងបន្តកើនឡើងថែមទៀត។ លោកអ្នកឧកញ៉ាបានគោរពថ្លែងអំណរគុណចំពោះការគាំទ្ររបស់រាជរដ្ឋាភិបាល, ក្រសួងទេសចរណ៍, ក្រសួង-ស្ថាប័ន និងអាជ្ញាធរដែនដីពាក់ព័ន្ធដែលបានផ្តល់នូវកិច្ចសហការរៀបចំព្រឹត្តិការណ៍នេះឱ្យទទួលបានជោគជ័យគួរជាទីមោទនៈ និងបានគោរពជម្រាបជូនសម្ដេចធិបតីបន្ថែមទៀតថា ព្រឹត្តិការណ៍នេះក៏បានរួមចំណែកដល់ការងារមនុស្សធម៌ តាមរយៈការកៀរគរថវិកាសប្បុរសធម៌ដើម្បីបរិច្ចាគជូនមន្ទីរពេទ្យកុមារអង្គរខេត្តសៀមរាប ដោយបានទទួលថវិកាសរុបចំនួន ៤៥ម៉ឺនដុល្លារអាម៉េរិក។

សម្ដេចធិបតីនាយករដ្ឋមន្ត្រី បានសម្ដែងនូវការអបអរសាទរ និងវាយតម្លៃខ្ពស់ចំពោះជោគជ័យ និងកិច្ចសហការល្អប្រសើរនៃរៀបចំព្រឹត្តិការណ៍ Gumball 3000 នេះ ព្រមទាំងបានថ្លែងអំណរគុណដល់គ្រប់ភាគីពាក់ព័ន្ធដែលបានរួមចំណែកក្នុងការរៀបចំព្រឹត្តិការណ៍នេះដោយរលូន និងជោគជ័យ។ សម្ដេចធិបតីក៏បានថ្លែងអំណរគុណចំពោះ ក្រុមហ៊ុនជីប ម៉ុងគ្រុប, ដៃគូសហការ និងអ្នកចូលរួមទាំងអស់ដែលបានចូលរួមដោយស្ម័គ្រចិត្ត និងបានបរិច្ចាគធនធានផ្ទាល់ខ្លួនដើម្បីរួមចំណែកទ្រទ្រង់សកម្មភាពរបស់មន្ទីរពេទ្យកុមារអង្គរខេត្តសៀមរាប និងបានថ្លែងអំណរគុណចំពោះក្រុមគ្រូពេទ្យនៃមន្ទីរពេទ្យកុមារអង្គរខេត្តសៀមរាបដែលបានខិតខំព្យាបាល និងថែទាំសុខភាព ព្រមទាំងបានជួយសង្គ្រោះអាយុជីវិតដល់កុមារកម្ពុជា នាពេលកន្លងមករហូតមកដល់បច្ចុប្បន្ន។

សម្ដេចធិបតីបានបន្តថា ជោគជ័យ នៃការរៀបចំព្រឹត្តិការណ៍ Gumball 3000 ផ្ដល់អត្ថប្រយោជន៍សំខាន់ ៣សម្រាប់កម្ពុជា៖ (១) ចូលរួមផ្សព្វផ្សាយពីអត្តសញ្ញាណជាតិខ្មែរ, ផ្សព្វផ្សាយពីវប្បធម៌សម្បូណ៌បែបរបស់កម្ពុជាទៅកាន់ពិភពលោក, (២)ទាក់ទាញភ្ញៀវទេសចរណ៍អន្តរជាតិកាន់តែច្រើនមកទស្សនាកម្ពុជា ជាពិសេសតំបន់រមណីយដ្ឋានអង្គរ ខេត្តសៀមរាប និង (៣) បង្ហាញដល់ពិភពលោកថា កម្ពុជាមានសមត្ថភាពខ្ពស់រៀបចំព្រឹត្តិការណ៍លំដាប់អន្តរជាតិប្រកបដោយសុវត្ថិភាព, ជោគជ័យ, តាមរយៈការធានាបានូវសុខសុវត្ថិភាព និងសមត្ថភាពនៃការទទួលបដិសណ្ឋារកិច្ចដ៏ល្អចំពោះភ្ញៀវអន្តរជាតិ ជាមួយការអភិវឌ្ឍដ៏ឆាប់រហ័សរបស់កម្ពុជា។

សម្ដេចធិបតី ក៏បានបញ្ជាក់ថារាជរដ្ឋាភិបាលនឹងបន្តគាំទ្រចំពោះការរៀបចំព្រឹត្តិការណ៍អន្តរជាតិនានា និងលើកទឹកចិត្តដល់ក្រុមហ៊ុន ជីប ម៉ុង គ្រុប បន្តសហការជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធរបស់រាជរដ្ឋាភិបាលដើម្បីរៀបចំព្រឹត្តិការណ៍ថ្មីៗបន្ថែមទៀតនាថ្ងៃអនាគត៕KD

ព័ត៌មានពេញនិយម