Wednesday, December 11, 2024

លោកស្រីចៅសង្កាត់រងស្លក្រាម ដឹកនាំក្រុមការងារចុះជួយស្ត្រី អាណាថាម្នាក់ភ្លាមៗ ក្រោយទទួលបានដំណឹងពីប្រជាពលរដ្ឋក្នុងមួលដ្ឋាន

ខេត្តសៀមរាប ៖ កាលពីថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៤ វេលាម៉ោង ២០ និង ០០ នាទីលោកស្រី ខឹម ចាន់បូរិន ចៅសង្កាត់រង ស្លក្រាមបន្ទាប់ទទួលបានដំណឹងពីប្រជាពលរដ្ឋ ថាបានប្រទះឃើញស្ត្រីអាណាថាម្នាក់ បាននឹងកំពុងដេកដួលក្នុងស្ថានភាពខ្សោយ ហេវហត់ ហាក់កំពុងមានសភាពឈឺធ្ងន់ នៅលើចឹញ្ចឹមផ្លូវខាងជើងស្ពានបច្ចេកទេស(ស្ពានរោករ៉ាក) ស្ថិតក្នុងភូមិមណ្ឌល៣ សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប ភ្លាមៗ ក៍បានចុះទៅដល់ទីតាំង ដើម្បីពិនិត្យ និងសួរសុខទុក្ខ។ លោកស្រី ខឹម ចាន់បូរិន ចៅសង្កាត់រង ស្លក្រាម បានឱ្យដឹងថា នៅចំណុចនោះ គាត់ និងក្រុមការងារ បានប្រទះឃើញស្រ្តីម្នាក់ មានឈ្មោះ លៀម សំណាង អាយុ ៤៥ឆ្នាំ ស្នាក់នៅបណ្ដោះអាសន្នផ្ទះគេទុកចោល ដោយមានអាការះញៀនស្រា ធ្វេីអោយបាត់បង់ស្មារតី និងទ្រុតទ្រោមជាខ្លាំងមិនអាចដេីរបាននិងរស់គ្មានទីពឹង។

លោកស្រី ខឹម ចាន់បូរិន ចៅសង្កាត់រង ស្លក្រាម បានបន្តថា ដោយឃើញសភាពបែបនោះ លោកស្រី ក៍បានផ្ដល់ថវិកាផ្ទាល់ខ្លួនចំនួន 30000រៀល ដើម្បីឲ្យអ្នកភូមិជួយទិញម្ហូបអាហារបណ្ដោះអាសន្ន រងចាំពិគ្រោះយោបល់ជាមួយខាង សង្គមកិច្ចនៅថ្ងៃបន្ទាប់សិន។
លោកស្រី ខឹម ចាន់បូរិន ចៅសង្កាត់រង ស្លក្រាម បានបញ្ជាក់ សាវតារស្ត្រីអាណាថានេះ កាលពីមុនគាត់ធ្លាប់រស់នៅក្នុងឃុំគោកដូងហើយក្រោយមកគាត់បែកបាក់ពីគ្រួសារបានផ្លាស់មករស់នៅក្នុងសង្កាត់ស្លក្រាមគាត់មានកូនប្រុសចំនួនពីរនាក់កូនទី ១ ឈ្មោះប៉ោង ភេទប្រុស អាយុប្រហែល ១៨ ឆ្នាំ បាត់ដំណឹង
កូនទី ២ ឈ្មោះរ័ត្ន ភេទប្រុស អាយុប្រហែល ១៣ ឆ្នាំ ឮដំណឹងថាដើរសុំទាននៅម្ដុំផ្សារចាស់មិនមានទំនាក់ទំនងជាមួយម្ដាយទេមូលហេតុខឹងនឹងម្ដាយចូលចិត្តផឹកស្រា។
នៅថ្ងៃទី ២៥ ខែកញ្ញា ឆ្នាំ២០២៤ នេះ លោកស្រី ខឹម ចាន់បូរិន ចៅសង្កាត់រង ស្លក្រាម បានឱ្យដឹងបន្ថែមថា ក្រុមការងារមជ្ឈមណ្ឌលសំចតសង្គមកិច្ចបានសហការជាមួយរដ្ឋបាលសង្កាត់ស្លក្រាម គ.ក.ន.ក.រ សង្កាត់ស្លក្រាម ដឹកដោយ លោកស្រី ម៉ៃ កញ្ញា និងសមាជិកភូមិមណ្ឌល៣ បានចុះទៅជួបករណីជនរងគ្រោះ ឈ្មោះ លៀម សំណាង ភេទស្រីអាយុ ៤៥ឆ្នាំ ដែលមានអាសយដ្ឋានបច្ចុប្បន្ន នៅភូមិមណ្ឌល៣ សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាបនោះសាជាថ្មី។
លោកស្រីចៅសង្កាត់រងថា តាមការសន្និដ្ឋាន របស់ក្រុមការងារ ករណីដែលចុះទៅជួបជនរងគ្រោះផ្ទាល់ ដោយមានការសួរនាំព័ត៌មានជាមួយអ្នកជិតខាង និងរូបគាត់ផ្ទាល់ឃើញថា ជនរងគ្រោះជាប្រភេទ(ករណីញៀនសុរា) ហើយក្នុងនោះដែរក្រោមប្រសាសន៍ដឹកនាំរបស់លោកប្រធានមន្ទីរ ស.អ.យ បានឱ្យមជ្ឈមណ្ឌលសំចត ធ្វើការស្រាវជ្រាវស្វែងរកគ្រួសារ និងសាច់ញាតិនៅភូមិគោកស្នួល ឃុំគោកដូង ស្រុកអង្គរជុំ មកមើលថែ និងសុំគោលការណ៍ដើម្បីបញ្ជូនទៅធ្វើការព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្ត។ ក្រោយការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ របស់ក្រុមការងារមន្ទីរ ស.អ.យ ដែលដឹកដោយ លោក ចាន់ សុវណ្ណ ប្រធានស្ដីទីមជ្ឈមណ្ឌលសំចតសង្គមកិច្ចខេត្តសៀមរាប បន្ទាប់ពីទទួលបានការសម្រេច ចង្អុលបង្ហាញពី ឯកឧត្តមប្រធានក្រុមការងារមជ្ឈមណ្ឌលសំចតសង្គមកិច្ច ឱ្យសហការជាមួយរដ្ឋបាលសង្កាត់ស្លក្រាម គ.ក.ន.ក.រ សង្កាត់ស្លក្រាម និងសមាជិកភូមិមណ្ឌល៣ កម្លាំងប្រជាការពារភូមិមណ្ឌល៣ និងមានការសម្របសម្រួលពីរដ្ឋបាលស្រុកអង្គរជុំ មន្ទីរពេទ្យបង្អែកស្រុកអង្គរជុំ ក្នុងនោះដែរមន្ទីរ ស អ យ បានបញ្ចូនជនរងគ្រោះ ឈ្មោះ លៀម សំណាង ទៅសម្រាកព្យាបាលជម្ងឺនៅមន្ទីរពេទ្យបង្អែកស្រុកអង្គរជុំ មូលហេតុស្រុកអង្គរជុំជាស្រុកកំណើតរបស់គាត់ជនរងគ្រោះ និងមានម្ដាយមើលថែរពេលសម្រាប់ព្យាបាលជម្ងឺនៅមន្ទីរពេទ្យបង្អែកស្រុក។

មហាជនបានសម្ដែងការកោតសរសើរ យ៉ាងខ្លាំងក្លា ចំពោះលោកស្រី ខឹម ចាន់បូរិន ចៅសង្កាត់រង ស្លក្រាម ដែលបានស្វែងរកកិច្ចសហការជាមួយ មន្ទីរ និងជំនាញពាក់ព័ន្ធ ហើយបានចាត់ទុក លោកស្រី ជាវិរៈនារី សង្កាត់ និងជាស្ត្រីដែលសកម្មក្នុងការងារ បំរើ និងយល់សុខទុក្ខ របស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន មិនរើសពេលវេលា ថ្ងៃឬយប់ ហើយដោះស្រាយបានទាន់ពេលវេលា ដោយមិនទុកឱ្យប្រជាពលរដ្ឋមូលដ្ឋានណាម្នាក់ឯកោនោះឡើយ បើទោះបីជាមនុស្សអាណាថា គ្មានសាច់ញាតិក៍ដោយ ហើយលោកស្រីគួរតែជាទីមោទនៈ និងលើកតម្កើង ដោយថ្នាក់ដឹកនាំ។

សូមជម្រាបជូនផងដែរថា ចំពោះករណីស្ត្រីអាណាថាខាងលើ ក៍មានការខ្នះខ្នែង យកចិត្តទុកដាក់ពីសំណាក់ លោក នួន ពុទ្ធារ៉ា អភិបាល នៃគណអភិបាលក្រុងសៀមរាប និង ជាពិសេស ការយកចិត្តទុកដាក់ពីសំណាក់លោក លី វណ្ណៈ នាយករដ្ឋបាលសាលាខេត្ត ដែលជាតំណាង ឯកឧត្តម ប្រាក់ សោភ័ណ អភិបាល នៃគណៈអភិបាលខេត្តសៀមរាបផងដែរ៕KD

ព័ត៌មានពេញនិយម