ខេត្តសៀមរាប៖សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានបន្តជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋ ២,៧៥១គ្រួសារផ្សេងទៀត ដែលបានស្ម័គ្រចិត្តរើលំនៅឋាន និងសំណង់ផ្សេងៗចេញពីតំបន់រមណីយដ្ឋានអង្គរ និងតំបន់ ស្ថិតក្រោមការគ្រប់គ្រងរបស់អាជ្ញាធរជាតិអប្សរា។ កិច្ចសំណេះសំណាលនេះ បានធ្វើឡើងនៅភូមិធម្មជាតិរុនតាឯក ស្ថិតក្នុងស្រុកបន្ទាយស្រី ជាទីតាំងដែលរាជរដ្ឋាភិបាលផ្តល់ដីជូនពលរដ្ឋ ជាថ្នូរការរុះរើសំណង់នោះ នៅព្រឹកថ្ងៃទី១ ខែតុលា ឆ្នាំ២០២២។សម្តេចតេជោ ហ៊ុន សែន ពិតជារីករាយដែលបានជួបសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋក្រុមផ្សេងទៀត ដែលបានស្ម័គ្រចិត្តរុសរើសសំណង់នៅតំបន់រមណីយដ្ឋានអង្គរមកកាន់តំបន់អភិវឌ្ឍន៍រុនតាឯកនេះ បន្ទាប់ពីបានជួបសំណេះសំណាលកាលពីថ្ងៃទី១៣ ខែកញ្ញាកន្លងទៅ ប្រមាណជាង១ពាន់នាក់។
សម្ដេចបានអរគុណដល់ប្រជាពលរដ្ឋទាំងអស់ដែលបានស្ម័គ្រចិត្តតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលដើម្បីធ្វើយ៉ាងណាថែរក្សាកេរ្ត៍មរតកដូនតា នៃប្រាងប្រាសាទអង្គរវត្ត។ សម្តេចតេជោបានមានប្រសាសន៍ថា ដូនតាខ្មែរបានសាងសង់ប្រាសាទបុរាណច្រើនណាស់នៅលើទឹកដីអង្គរយើង ដូច្នេះយើងត្រូវរួមគ្នាថែរក្សាមរតកទាំងនេះ អោយបានគង់វង្ស។
សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា ប្រជាពលរដ្ឋ ៥៩៤គ្រួសារ ដែលស្ម័គ្រចិត្តរើចេញពីចំណីផ្លូវ និងស្ទឹងក្នុងក្រុងសៀមរាបក៏ទទួលបានគោលនយោបាយដូចគ្នានឹងពលរដ្ឋរើចេញពីតំបន់អង្គរដែរ។
សម្តេចក៍បានណែនាំអាជ្ញាធរអប្សរាធ្វើការនេះឱ្យម៉ត់ចត់ និងច្បាស់លាស់បំផុតចំពោះការគ្រប់គ្រងដីតំបន់អភិរក្សនៅរមនីយដ្ឋានអង្គរនេះ។
សម្តេចតេជោបានបញ្ជាក់ថា កម្ពុជាកំពុងស្នើដាក់ប្រាសាទកោះកេរចូលទៅក្នុងបញ្ជីសម្បត្តិបេតិកភណ្ឌពិភពលោកជាបន្តទៀតផងដែរ។ សម្តេចតេជោបានថ្លែងថា ការដោះស្រាយតំបន់ប្រាសាទអង្គរទាមទារឱ្យសម្តេចត្រូវផ្សារភ្ជាប់ខ្លួននៅនឹងទីនេះ ជាមួយនឹងសេនាធិការរបស់សម្តេច ដើម្បីពន្លឿនការងារនេះអោយបានឆាប់។
បន្ថែមនៅថ្ងៃនេះ សម្តេចតេជោ ហ៊ុន សែន បានណែនាំដល់គណៈរដ្ឋមន្ត្រីឱ្យចេញ ស.ជ.ណ តែម្តងពាក់ព័ន្ធការអភិវឌ្ឍនៅតំបន់រុនតាឯកខេត្តសៀមរាបនេះ ហើយយោធភូមិភាគទី៤ និងកងពលធំទី២ ជាអ្នកដឹកជញ្ជូនសម្ភារៈរបស់ប្រជាពលរដ្ឋពេលរើលំនៅឋានមកកាន់តំបន់នេះ។ នៅថ្ងៃនេះ សម្តេចតេជោក៏បានណែនាំមិនឱ្យមានការលុបស្រះបុរាណនៅតំបន់រុនតាឯកនោះឡើយ ផ្ទុយទៅវិញត្រូវតែត្រូវជីកបន្ថែម ហើយយកដីចាក់នៅភូមិឋានរបស់ប្រជាពលរដ្ឋតែម្តង។
គួរបញ្ជាក់ថាសម្តេចតេជោ លោកសម្រេចប្រគល់បណ្ណក្រីក្រប្រភេទ១ ជូនដល់គ្រប់ពលរដ្ឋដែលមករស់នៅភូមិរុនតាឯកទាំងអស់គ្រប់គ្រួសារតែម្តង បន្ថែមលើការឧបត្ថម្ភដំណាក់កាលដំបូងសម្រាប់ពលរដ្ឋមករស់នៅរុនតាឯក រួមមាន៖ មីមួយកេសធំ ត្រីខមួយកេសធំ មាន ១០០កំប៉ុង អង្ករ ៥០គីឡូក្រាម ស័ង្កសី ៣០សន្លឹក តង់ ៤ម៉ែត្រ គុណ ៦ម៉ែត្រ ចំនួន១ ឃីតមួយកញ្ចប់ (មុង ខ្នើយ ភួយ សារុង កន្ទេល) និងថវិកា ១លាន ៤សែន សម្រាប់មួយគ្រួសារ។ សម្តេចតេជោក៏បានប្រកាសឧបត្ថម្ភដល់ពលរដ្ឋ ១,៧១១គ្រួសារមុន ទទួលបន្ថែមនូវឃីតមួយ និងតង់១ ផងដែរ។
សម្តេចថា គណបក្សប្រជាជនកម្ពុជា មិនសន្យាចោលទេ តែបច្ចុប្បន្នរាជរដ្ឋាភិបាលដែលដឹកនាំដោយគណបក្សប្រជាជនកំពុងតែអនុវត្តន៍តែម្តងនូវគោលនយោបាយឧបត្ថម្ភសាច់ប្រាក់ជូនពលរដ្ឋជិត ៣លាននាក់។
ជាចុងក្រោយ សម្ដេចតេជោ ក៍មិនភ្លេចបញ្ជាក់សម្តេចសន្យាថានឹងអញ្ជើញមកកាន់តំបន់អភិវឌ្ឍន៍រុនតាឯកនេះជាច្រើនដងបន្ថែមទៀតនៅពេលខាងមុខ ដើម្បីបានមកមើល និងដឹងពីជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋដែលមករស់នៅតំបន់អភិវឌ្ឍន៍ថ្មីនេះ៕នាគស