រាជធានីភ្នំពេញ ៖ នៅព្រឹកថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី បានទទួលជួបពិភាក្សាការងារជាមួយឯកឧត្តម Derek Yip ឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំនៅកម្ពុជាដើម្បីពង្រឹង និង ពង្រីកកិច្ចសហប្រតិបត្តិការនយោបាយការទូត សេដ្ឋកិច្ច ពាណិជ្ជកម្ម និង ការវិនិយោគរវាងប្រទេសទាំងពីរឲ្យកាន់តែប្រសើរបន្ថែមទៀត។ ជាកិច្ចចាប់ផ្តើម ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការបានសម្តែងនូវការអបអរសាទរ និងការស្វាគមន៍ចំពោះ ឯកឧត្តមឯកអគ្គរដ្ឋទូត ដែលបានទទួលការតែងតាំងថ្មី និងបានបង្ហាញនូវស្មារតីសុទិដ្ឋិនិយមចំពោះកិច្ចសហការរវាងប្រទេសទាំងពីរ ដែលកន្លងមកតែងតែមានផ្លែផ្កាទាំងក្នុងក្របខ័ណ្ឌទេ្វភាគី និងក្របខ័ណ្ឌអាស៊ាន និងបានរួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍសង្គម សេដ្ឋកិច្ចកម្ពុជា តាមរយៈការផ្តល់ជំនួយអភិវឌ្ឍន៍ផ្លូវការ (ODA) នាពេលកន្លងមក។ ជាមួយគ្នានេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ ក៏បានថ្លែងអំណរគុណដល់ស្ថានទូតអូស្ត្រាលី និងរដ្ឋាភិបាលអូស្ត្រាលី ដែលបានជួយសម្របសម្រួលឱ្យគណៈប្រតិភូនៃទីស្តីការគណៈរដ្ឋមន្ត្រី បានចូលរួមដំណើរទស្សនកិច្ចសិក្សា នៅប្រទេសអូស្ត្រាលីស្តីពី “ការឈ្វេងយល់អំពីប្រតិបត្តិការការងាររបស់ក្រសួងសម្របសម្រួលកិច្ចការរបស់នាយករដ្ឋមន្ត្រី និង គណៈរដ្ឋមន្ត្រីអូស្រ្តាលី ដើម្បីពង្រឹងការអនុវត្តការងាររបស់ទីស្តីការគណៈរដ្ឋមន្ត្រីនៅកម្ពុជា” ក្នុងអំឡុងខែឧសភាកន្លងមកនេះ។
ឯកឧត្តមឯកអគ្គរដ្ឋទូត បានសម្តែងនូវការអបអរសាទរចំពោះសមិទ្ធផលនានារបស់រាជរដ្ឋាភិបាលនីតិកាលទី៧ និងបានរំលឹកអំពីទំនាក់ទំនងការទូតរវាងកម្ពុជា និងអូស្ត្រាលី ដែលមានរយៈកាលប្រមាណ ៧២ឆ្នាំមកហើយ ជាពិសេសបានរំលឹកអំពីការចូលរួមរបស់ប្រទេសអូស្ត្រាលី ក្នុងតួនាទីជាអ្នកថែរក្សាសន្តិភាពក្នុងក្របខណ្ឌអាជ្ញាធរបណ្តោះអាសន្ននៃអង្គការសហប្រជាជាតិប្រចាំកម្ពុជា ដែលហៅកាត់ថា UNTAC។ ក្នុងស្មារតីនេះ ឯកឧត្តមឯកអគ្គរដ្ឋទូត បានបង្ហាញនូវការប្តេជ្ញាចិត្តខ្ពស់ក្នុងការបន្តគាំទ្រដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចប្រទេសកម្ពុជា ដែលត្រូវបានចាត់ទុកជាដៃគូយ៉ាងសំខាន់របស់ប្រទេសអូស្ត្រាលី។
នៅក្នុងជំនួបនេះផងដែរ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ និងឯកឧត្តមឯកអគ្គរដ្ឋទូត បានផ្លាស់ប្តូរមតិយោបល់ទៅវិញទៅមកអំពីស្ថានភាពសេដ្ឋកិច្ច ពាណិជ្ជកម្ម ការវិនិយោគ វិស័យហិរញ្ញវត្ថុ និងធនាគារ វិស័យទេសចរណ៍ និងវិស័យផ្សេងៗទៀតនៃសង្គម-សេដ្ឋកិច្ចកម្ពុជា។ ជាពិសេស ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ និងឯកឧត្តមឯកអគ្គរដ្ឋទូត បានឯកភាពគ្នាចំពោះភាពចាំបាច់ក្នុងការលើកកម្ពស់ពាណិជ្ជកម្ម និងការវិនិយោគរវាងប្រទេសទាំងពីរ។ ក្នុងស្មារតីនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ បានសង្កត់ធ្ងន់អំពីការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ដែលបានដឹកនាំផ្ទាល់ លើការដ្ឋានការងារកែទម្រង់សំខាន់ៗ ដូចជាក្នុងវិស័យទេសចរណ៍ ក៏ដូចជានៅក្នុងការលើកកម្ពស់បរិយាកាសធុរកិច្ច, ការសម្រួលពាណិជ្ជកម្ម តាមរយៈការកាត់បន្ថយកម្រៃដឹកជញ្ជូន ចំណាយនិងបន្ទុកអនុលោមភាពមិនចាំបាច់នានា និងការលើកកម្ពស់សមត្ថភាពកម្លាំងពលកម្ម និងជាពិសេសកំពុងគិតគូរអំពីការរៀបចំក្របខ័ណ្ឌទាក់ទាញវិនិយោគិនពីក្រៅប្រទេស រួមទាំងប្រទេសអូស្ត្រាលីផងដែរ ដើម្បីលើកកម្ពស់ជីវភាពរបស់ប្រជាជន ដែលជាអាទិភាពខ្ពស់បំផុតរបស់រាជរដ្ឋាភិបាល។
សម្រាប់កិច្ចសហប្រតិបត្តិការទៅមុខ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ បានជំរុញឱ្យមានការសហការបន្ថែមលើការតាមដាន ត្រួតពិនិត្យ និងវាយតម្លៃ ការអនុវត្តយុទ្ធសាស្ត្រ និងគោលនយោបាយរបស់រាជរដ្ឋាភិបាល, គម្រោងវាយតម្លៃលើផលប៉ះពាល់នៃលិខិតបទដ្ឋានគតិយុត្ត (Regulatory Impact Assessment) ព្រមទាំងការលើកកម្ពស់ធនធានមនុស្ស សំដៅពង្រឹងអភិបាលកិច្ចក្នុងក្រសួង ស្ថាប័ន ដែលជាកត្តាចាំបាច់សម្រាប់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជាទៅថ្ងៃមុខ៕KD
ប្រភព៖ អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល