រាជធានីភ្នំពេញ ៖ លោក រ៉េន រតនៈ អ្នកនាំពាក្យឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានបង្ហោះសារឆ្លើយតបទៅនិងគណនីហ្វេសប៊ុកឈ្មោះ Evelyn Khun ដែលបានស្នើសុំកិច្ចអន្តរាគមន៍ ពីប្រមុខថ្នាក់ដឹកនាំក្រសួងមហាផៃ្ទ ជុំវិញករណីគ្រោះថ្នាក់ចរាចរណ៍មួយដែលបានកើតឡើង កាលពីយប់ថ្ងៃទី ៩ ខែកញ្ញា ឆ្នាំ២០២៤ បណ្តាលឱ្យកុមារី២នាក់ស្លាប់ នៅនឹងកន្លែង។ លោក រ៉េន រតនៈ ក្នុងនាមអ្នកនាំពាក្យ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ លោកថា «ខ្ញុំសូមជម្រាបជូនម្ចាស់គណនីឈ្មោះ Evelyn Khun ជ្រាបថា ពេលនេះ សមត្ថកិច្ចនគរបាលចរាចរណ៍ បាននិងកំពុងស្រាវជ្រាវលើករណីនេះប្រកបដោយស្មារតីយកចិត្តទុកដាក់បំផុត ដោយក្នុងនោះ កម្លាំងជំនាញបានរកឃើញរថយន្តបង្កគ្រោះថ្នាក់ចរាចរណ៍នេះហើយ។ ជានីតិវិធីបន្ត សមត្ថកិច្ចនឹងឈានទៅកោះហៅម្ចាស់រថយន្តមកចូលខ្លួនដោះ ស្រាយទៅតាមនីតិវិធី»៕KD