Thursday, November 21, 2024

លោកគឹមរិទ្ធី អភិបាលខេត្តព្រះវិហារ ប្រកាសមិនយកលុយ ក្នុងការតែងតាំងមន្រ្តី នៅរដ្ឋបាលខេត្តព្រះវិហារ ដើម្បីលើកទឹកចិត្តដល់មន្ត្រីដែលមានសមត្ថភាព!

ខេត្តព្រះវិហារ៖ អភិបាលខេត្តព្រះវិហារ លោក គីម រិទ្ធី បានថ្លែង ដាក់ចេញនូវបញ្ជាយ៉ាងដាច់ណាត់ ដល់មន្ទីរ ស្ថាប័ន អង្គភាពពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ទាំងអស់ ដែលស្ថិតក្រោមចំណុះរដ្ឋបាលខេត្ត ត្រូវបញ្ឈប់នូវវប្បធម៌អន្តរាគមន៍ និងប្រកាសមិនយកលុយ ក្នុងការតែងតាំងមន្រ្តី នៅរដ្ឋបាលខេត្តព្រះវិហារ ដើម្បីលើកទឹកចិត្តដល់មន្ត្រីដែលមានសមត្ថភាព នៅក្នុងការតែងតាំងមុខតំណែងមន្ត្រីរាជការសាធារណៈ ដែលមានស្នាដៃក្នុងការស្ថាបនាជាតិ ។

ការដាក់ចេញនូវបទបញ្ជារបស់ អភិបាលខេត្តព្រះវិហារ លោក គីម រិទ្ធី បានថ្លែង ក្នុងកិច្ចប្រជុំប្រចាំខែកញ្ញា ឆ្នាំ២០២២ របស់រដ្ឋបាលខេត្តព្រះវិហារ ដែលបានធ្វើឡើង កាលពីរសៀលថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២២ នៅសាលាខេត្តព្រះវិហារ ។
អភិបាលខេត្តព្រះវិហារ លោក គីម រិទ្ធី បានថ្លែង លើកទឹកចិត្តដល់មន្ត្រីរាជការទាំងអស់ក្នុងខេត្ត ថាខេត្តព្រះវិហារ ក្នុងពេលដែលលោកធ្វើជា អភិបាល នៃគណៈអភិបាលខេត្ត នឹងត្រូវលុបបំបាត់ទាំងស្រុង នូវវប្បធម៌អន្តរាគមន៍ ក្នុងពេលតែងតាំងមុខតំណែងមន្ត្រីរាជការ ដោយមិនអនុញ្ញាតឲ្យមានការឃុបឃិតគ្នា ក្នុងការសូកប៉ាន់លុយកាក់ ដើម្បីទទួលបានមុខតំណែងថ្មីជាដាច់ខាត។
លោកអភិបាលខេត្ត បានថ្លែង ជំរុញដល់ថ្នាក់ដឹកនាំមន្ទីរ ស្ថាប័ន អង្គភាពពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ទាំងអស់ ត្រូវលើកទឹកចិត្តដល់មន្ត្រីណាដែលមានស្នាដៃល្អ ក្នុងការកសាងជាតិ តាមរយៈការផ្តល់លិខិតសរសើរ ឬ ត្រូវផ្តល់មុខតំណែងថ្មី ក្នុងស្មារតីទទួលខុសត្រូវខ្ពស់ ប្រកបដោយតម្លាភាព សុក្រឹត្យភាព និងមិនប្រព្រឹត្តអំពើពុករលួយ នៅក្នុងក្របខណ្ឌមន្ត្រីរាជការ ។
អភិបាលខេត្តព្រះវិហារ លោក គីម រិទ្ធី បានថ្លែង កោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ ក្នុងជួរមន្ត្រីរាជការទាំងអស់ ក្នុងការបំពេញការងារនាពេលកន្លងមក បានយ៉ាងល្អប្រសើរ។ ហើយមន្ត្រីទាំងអស់ ក៏ត្រូវរួមគ្នាអនុវត្តការងារ និងត្រូវខិតខំរួមគ្នាដោះស្រាយបញ្ហា ដែលនៅសេសសល់ឲ្យបានចប់សព្វគ្រប់ ត្រូវបន្តចុះផ្សព្វផ្សាយការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដូសទី ៣ ទី៤ និង ដូសទី៥ ជូនប្រជាពលរដ្ឋឲ្យបានឆាប់ និងត្រូវចុះពិនិត្យស្ថានភាពរស់នៅ ដើម្បីបានដឹងពីភាពសុខទុក្ខរបស់ប្រជាពលរដ្ឋ នៅតាមមូលដ្ឋាន ឲ្យបានជាប្រចាំ ។
គួរបញ្ជាក់ថា នៅក្នុងកិច្ចប្រជុំនោះ រដ្ឋបាលខេត្ត បានលើកយកបញ្ហាជាច្រើនមកពិភាក្សា ដើម្បីបន្តអនុវត្ត និងដោះស្រាយនៅចំពោះមុខ រួមមាន៖ ពិភាក្សា អំពីវេទិការសាធារណៈ ,ផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្ត អាណត្តិទី៣ ឆ្នាំ២០២២ ,បូកសរុបលទ្ធផលការងារឆមាសទី១ឆ្នាំ២០២២ នៃការអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ អត្តសញ្ញាណកម្មជនពិការភាព និងគម្រោងគាំទ្រ ការចាក់វ៉ាក់សាំងកូវីដ១៩ ,ពិភាក្សាទៅលើផលប៉ះពាល់ ដោយសារជំនន់ទឹកភ្លៀង ព្រមទាំងការងារបង្កបង្កើនផលស្រូវវស្សា និងដំណាំផ្សេងៗ ក្នុងឆ្នាំ២០២២ ,ការងារគ្រប់គ្រងសុវត្ថិភាពចរាចរណ៍ផ្លូវគោក ,ការងារអភិរក្សធនធានធម្មជាតិ ,ការងារគ្រប់គ្រងដីសម្បទានសេដ្ឋកិច្ច ដីសម្បទានសង្គមកិច្ច ដីសម្បទានធនធានរ៉ែ ,ការស្នើសុំដីសម្បទានសង្គមកិច្ចរបស់អង្គភាពយោធា ,ការងារចុះបញ្ជីដីរដ្ឋ ,ការងារចុះបញ្ជីដីជាលក្ខណៈប្រព័ន្ធ ,ការដោះស្រាយបញ្ហាជម្លោះដីធ្លីក្នុងភូមិសាស្ត្រខេត្តព្រះវិហារ ,ការរៀបចំប្លង់គោលអភិវឌ្ឍន៍ក្រុង ,របាយការណ៍ អំពី ការរៀបចំភូមិធម្មជាតិ សម្តេចតេជោហ៊ុន សែន នៅស្រុកជាំក្សាន្ត ,ការរៀបចំផ្ទះអតីតយុទ្ធជន ,ការត្រៀមប្រឡងមធ្យមសិក្សាទុតិយភូមិ ឆ្នាំ២០២២ និងបញ្ហាផ្សេងៗ ជាច្រើនទៀត ផងដែរ ៕

ព័ត៌មានពេញនិយម