ខេត្តសៀមរាប៖ នៅរសៀលថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ ២០២៤នេះ ស្នងការដ្ឋាននគរបាលខេត្តសៀមរាប ចេញសេចក្តីបំភ្លឺព័ត៌មានមួយទាក់ទងទៅនឹងបណ្ដាញសង្គមមួយចំនួន បានផ្សព្វផ្សាយថា ប្រជាពលរដ្ឋ ម្ចាស់រ៉ឺម៉ក ចោទសមត្ថកិច្ចចរាចរណ៍ ថាមិនចេះយកយល់ មិនព្រមឱ្យគាត់យករ៉ឺម៉កចេញ បញ្ចប់រឿង ព្រោះភាគីម៉ូតូស្រវឹង ជិះមកបុករ៉ឺម៉ករបស់ពួកគាត់ពីក្រោយ។ ស្នងការដ្ឋានខេត្តសៀមរាបបានឱ្យដឹងថា នៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ ២០២៤ វេលាម៉ោង១២ និង ០០នាទី នៅត្រង់ចំណុចជាប់របងខាងជើងសាលា បឋមសិក្សាធ្លកអណ្ដូង ស្ថិតនៅភូមិធ្លកអណ្តូង សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប លើផ្លូវបេតុងខាងជើងសាលាបឋមសិក្សាធ្លកអណ្តូង មានហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយ ដែលបង្ករឡើងរវាងម៉ូតូសណ្តោងរ៉ឺម៉ក និងម៉ូតូ។
ស្នងការដ្ឋានខេត្តបានបន្តថា តាមហេតុការណ៍ គឺម៉ូតូម៉ាក HONDA DREAM ពណ៌ខ្មៅ ផ្លាកលេខបន្ទាយមានជ័យ 1D.1416 អ្នកបេីកបរឈ្មោះ បឹង កាសិត ភេទប្រុស អាយុ ៣៨ឆ្នាំ រស់នៅភូមិអន្លង់កេីត ឃុំរលួស ស្រុកប្រាសាទបាគង ខេត្តសៀមរាប បើកបរពីលិចទៅកើត បុកម៉ូតូសណ្តោងរ៉ឺម៉កមួយគ្រឿងម៉ាក BAJAJ BOXER ពណ៌ក្រហម ផ្លាកលេខសៀមរាប 1AM. 6690 អ្នកបើកបរឈ្មោះ រិន ស្រីយ៉ា ភេទស្រី អាយុ៣២ឆ្នាំ បច្ចុប្បន្នស្នាក់នៅបន្ទាប់ជួលក្នុងភូមិខ្នារ សង្កាត់ជ្រាវ ក្រុង សៀមរាប ខេត្តសៀមរាប និងមានអ្នករួមដំណើរឈ្មោះ ពេជ្រ សុខវ័ន្ត ភេទប្រុស អាយុ៣៧ឆ្នាំ ត្រូវជាប្តី បើកបរពីលិច ទៅកើត។
គ្រោះថ្នាក់នេះ បណ្តាលឱ្យរបួសមនុស្សមធ្យម១នាក់ ឈ្មោះ បឹង កាសិត អ្នកបើកបរម៉ូតូ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប។ ចំណែកឯ ម៉ូតូ និងម៉ូតូសណ្តោងរ៉ឺម៉ក ខូចខាត។
ដើម្បីកុំឱ្យមានការភ័ន្តច្រឡំ ស្នងការដ្ឋាននគរបាលខេត្តសៀមរាប សូមបញ្ជាក់ថា ការឃាត់មធ្យោបាយក្នុងហេតុការណ៍ ដោយយោងលើទី១ ភាគីទាំងពីរ មិនទាន់បានព្រមព្រៀងគ្នានៅឡើយទេ។ ទី២ ស្ថានភាពរបស់ភាគីម៉ូតូស្ថិតក្នុងមន្ទីរពេទ្យតាមដានពិនិត្យជាចាំបាច់។ ដូច្នេះតម្រូវសមត្ថកិច្ចជំនាញចាំបាច់ត្រូវអនុវត្តតាមនីតិវិធី ដើម្បីស្វែងរកអ្នកទទួលខុសត្រូវពិតប្រាកដតាមច្បាប់។ អាស្រ័យហេតុនេះ ក៍សូមបងប្អូនប្រើប្រាស់បណ្ដាញសង្គម មេត្ដាជ្រាប ចៀសវាងបកស្រាយផ្សេងធ្វើឱ្យប៉ះពាល់កិត្តិយស និងការអនុវត្តច្បាប់របស់សមត្ថកិច្ច៕KD