ខេត្តសៀមរាប៖ពិធីបុណ្យប្រពៃណីកាន់បិណ្ឌនិងភ្ជុំបិណ្ឌ តាមបែបព្រះពុទ្ធសាសនា ឆ្នាំនេះចាប់ពីថ្ងៃទី ១១ ខែកញ្ញា ដល់ថ្ងៃទី ២៥ ខែកញ្ញា គឺមានរយៈពេល ១៥ ថ្ងៃ។ខេត្តសៀមរាបទទួលបានចំនួន ភ្ញៀវទេសចរជាតិនិងអន្តរជាតិកើនឡើងគួរឲ្យគាត់សម្គាល់ បើប្រៀបធៀបជាមួយនឹងឆ្នាំចាស់។ ដោយឡែកបញ្ហាចរាចរណ៍នៅក្នុង ខេត្តភាគឧត្តរនៃប្រទេសមួយនេះ ក៍កើតមាននូវគ្រោះថ្នាក់ចំនួន ០៥លើក កើនឡើងចំនួន ០៣លើក ស្មើនឹង ១៥០% បើប្រៀបធៀបជាមួយនឹងរយៈពេលដូចគ្នា នៅក្នុងឆ្នាំ ២០២១ផងដែរ។ នេះបើយោងតាមរបាយការណ៍របស់ការិយាល័យនគបាលចរាចរណ៍ផ្លូវគោកនៃស្នងការរដ្ឋាននគរបាលខេត្តសៀមរាប ដែលបានផ្ដល់ជូន នៅរសៀលថ្ងៃទី ២៨ ខែកញ្ញា ឆ្នាំ ២០២២នេះ។
របាយការណ៍បានបន្តថា ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ទាំង ០៥លើខាងលើបានបណ្ដាលឲ្យ៖
•មនុស្សរងគ្រោះថ្នាក់ ចំនួន ០៩ នាក់ កើនឡើង០៣នាក់ ស្មើនឹង ៥០% បើប្រៀបធៀបទៅនឹងឆ្នាំ ២០២១ ក្នុងនោះស្លាប់បាត់បង់ជីវិតចំនួន ០៣នាក់, រងរបួសធ្ងន់ចំនួន ០៣នាក់, រងរបួសស្រាលចំនួន ០៣ នាក់។
•រងការខូចខាតមធ្យោបាយធ្វើដំណើរ ចំនួន ០៩ គ្រឿង កើនឡើង ០៦គ្រឿង ស្មើនឹង ២០០% បើប្រៀបធៀបជាមួយនឹងឆ្នាំ ២០២១ ក្នុងនោះ ម៉ូតូចំនួន ០៥គ្រឿង(ធ្ងន់០៤គ្រឿង), ម៉ូតូសណ្ដោងរុឺម៉ក ០១គ្រឿង, រថយន្តចំនួន ០២គ្រឿង(ធ្ងន់ ០១គ្រឿង), និងគោយន្តកន្ត្រៃចំនួន ០១គ្រឿងធ្ងន់។
របាយការណ៍បានបញ្ជាក់ថា មូលហេតុដែលបណ្ដាលឲ្យមានគ្រោះថ្នាក់ចរាចរណ៍ទាំងនេះកើតឡើង គឺបណ្ដាលមកពី៖ មិនគោរពសិទ្ធិអាទិភាព ០១ករណី, មិនប្រកាន់ស្ដាំ ០១ករណី និង បើកបរក្នុងល្បឿនលឿន ០៣ករណី ក្នុងនោះទីតាំងដែលមានករណីគ្រោះថ្នាក់ចរាចរណ៍ទាំងនោះ មានដូចជា ស្រុកពួក ០១ករណី, ស្រុកសូត្រនិគម ០១ករណី, ស្រុកជីក្រែង ០២ករណី និងស្រុកបន្ទាយស្រីចំនួន ០១ករណីផងដែរ៕នាគស