ប្រទេសជប៉ុន៖សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជួបទទួលទានអាហារពេលព្រឹកជាមួយ ឯកឧត្តម ង្វៀន សួនហ្វុក ប្រធានរដ្ឋ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ខណៈដែលមេដឹកនាំទាំងពីរ អញ្ជើញចូលរួមក្នុងពិធីបុណ្យសពថ្នាក់ជាតិ របស់ឯកឧត្តម អាបេ ស៊ិនហ្សូ អតីតនាយករដ្ឋមន្រ្តីជប៉ុន នៅព្រឹកថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២២។
នៅក្នុងពិធីទទួលទានអាហារពេលព្រឹកការងារនោះ មេដឹកនាំនៃប្រទេសទាំងពីរកម្ពុជា-វៀតណាម បានសំដែងនូវការវាយតម្លៃខ្ពស់ និងកោតសរសើរចំពោះភាពរីកចំរើន នៃទំនាក់ទំនងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ នៃប្រទេសទាំងពីរ ។
ឯកឧត្តម ង្វៀន សួនហ្វុក ប្រធានរដ្ឋវៀតណាម មានប្រសាសន៍សំដែងនូវការរីករាយដោយបានជួបសម្តេចតេជោសាជាថ្មីម្តងទៀត នៅលើទឹកដីនៃប្រទេសជប៉ុន។ ឯកឧត្តម បានសំដែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះបញ្ញាញាណ នៃការដឹកនាំរបស់ សម្តេចតេជោ ដែលបានស្តារនិងអភិវឌ្ឍន៍ប្រទេសកម្ពុជាមានការរីកចំរើនលើគ្រប់វិស័យ។ ឯកឧត្តមប្រធានរដ្ឋ ក៏បានវាយតម្លៃខ្ពស់ ចំពោះប្រមុខដឹកនាំរដ្ឋាភិបាលនៃប្រទេសទាំងពីរ ដែលបានរួមគ្នាដោះស្រាយលើការងារធំៗជាច្រើន ដែលបម្រើឧត្តមប្រយោជន៍នៃប្រទេសនិងប្រជាជនទាំងពីរកម្ពុជា-វៀតណាម ពិសេសកំណើនពាណិជ្ជកម្មនៃប្រទេសទាំងពីរមានការកើនឡើងខ្ពស់ បើទោះបីជាជួបវិបត្តិជំងឺកូវីដ១៩ក្តី។
សម្តេចតេជោមានប្រសាសន៍ អំពីវត្តមានរបស់ សម្តេចអញ្ជើញចូលរួមកិច្ចពិភាក្សាទូទៅ នៃមហាសន្និបាតអង្គការសហប្រជាជាតិលើកទី៧៧ និងដំណើរបំពេញទស្សនកិច្ចផ្លូវការ នៅរដ្ឋធានីហាវ៉ាណា សាធារណរដ្ឋគុយបា។ ជាមួយគ្នានេះ សម្តេចបានលើកឡើង ពីលទ្ធផលផ្លែផ្កានៃការធ្វើកិច្ចការជាច្រើន ជាមួយឯកឧត្តមនាយករដ្ឋមន្រ្តីវៀតណាមថ្មី លើការពង្រឹងនិងពង្រីកទំនាក់ទំនងទ្វេភាគី ពហុភាគី តំបន់ និងអន្តរជាតិ ដែលមានការយកចិត្តទុកដាក់ដូចគ្នា។
ឯកឧត្តមប្រធានរដ្ឋ ក៍បានបង្ហាញនូវអនុស្សាវរីយ៍ជាច្រើនដែលធ្លាប់បានធ្វើការជាមួយសម្តេច ក្នុងពេលដែលឯកឧត្តមធ្វើជា នាយករដ្ឋមន្រ្តីវៀតណាម។ ឯកឧត្តមប្រធានរដ្ឋ និងសម្តេចតេជោនាយករដ្ឋមន្រ្តី ក៏បានធ្វើការពិភាក្សាគ្នាលើបញ្ហាទំនាក់ទំនងទ្វេភាគី បញ្ហាតំបន់ និងអន្តរជាតិ ដែលមានការយកចិត្តទុកដាក់ដូចគ្នា។
បន្ទាប់មកមេដឹកនាំទាំងពីរក៏បាន ឯកភាពគ្នាក្នុងការបន្តដោះស្រាយការងារមួយចំនួនដែលនៅសេសសល់ ពិសេសលើបញ្ហាបោះបង្គោលព្រំដែន នៃប្រទេសទាំងពីរឲ្យកាន់ឆាប់រហ័ស។ ឯកឧត្តមប្រធានរដ្ឋវៀតណាម បានជូនពរសម្តេចតេជោនាយករដ្ឋមន្រ្តី ទទួលបានជោគជ័យខ្ពង់ខ្ពស់ថែមទៀត ក្នុងការធ្វើជាប្រធានអាស៊ាន ដើម្បីបម្រើផលប្រយោជន៍តំបន់របស់យើង៕នាគស