Thursday, October 10, 2024

សិស្សានុសិស្សថ្នាក់ទី១០នៃវិទ្យាល័យហ៊ុនសែនប្រាសាទបាគង ធ្វើទស្សនកិច្ចសិក្សានៅសារមន្ទីរព្រះនរោត្តមសីហនុ-អង្គរ

ខេត្តសៀមរាប៖ បន្ទាប់ពីបានសិក្សានៅក្នុងថ្នាក់រៀន ស្តីពីការអប់រំបេតិកភណ្ឌ អស់រយៈពេលជាច្រើនខែមក សិស្សានុសិស្សនៃវិទ្យាល័យហ៊ុន សែន ប្រាសាទបាគង ខេត្តសៀមរាប នៅព្រឹកថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២៤នេះ បានធ្វើទស្សនកិច្ចសិក្សានៅសារមន្ទីរព្រះនរោត្តមសីហនុ-អង្គរ។ អាជ្ញាធរជាតិអប្សរា បានរៀបចំឱ្យមានដំណើរទស្សនកិច្ចរបស់សិស្សានុសិស្សនេះ ក្នុងគោលបំណង ធ្វើការតម្រង់ទិសដល់យុវជន ក្រោយពេលបញ្ចប់ការសិក្សាថ្នាក់វិទ្យាល័យ ដើម្បីកិច្ចការងារស្រាវជ្រាវអំពីប្រវត្តិសាស្ត្រមុនឈានទៅសិក្សានៅឧត្តមសិក្សា ជាពិសេសពួកគេភាគច្រើនរស់នៅក្នុងតំបន់បេតិកភណ្ឌ ត្រូវតែសិក្សាស្វែងយល់ឱ្យបានច្បាស់អំពីតម្លៃវប្បធម៌ និងបេតិកភណ្ឌជាតិ ដើម្បីជាអ្នកបន្តវេន និងថែរក្សាសម្បត្តិវប្បធម៌ទាំងនោះនាពេលអនាគត់។

នេះជាដំណើរទស្សនកិច្ចលើកទី២ហើយ បន្ទាប់ពីដំណើរទស្សនកិច្ចលើកទី១ សិស្សានុសិស្សបានទៅទស្សនកិច្ចការធ្វើកំណាយស្រាវជ្រាវនៅតំបន់ភ្នំបូក។ ជាបន្តបន្ទាប់អាជ្ញាធរជាតិអប្សរា និងបន្តរៀបចំដំណើរទស្សនកិច្ចទៅកាន់ប្រាសាទបុរាណជាច្រើនទៀតក្នុងតំបន់រមណីយដ្ឋានអង្គរ។

សូមជម្រាបថា ជារៀងរាល់ឆ្នាំអាជ្ញាធរជាតិអប្សរា សហការជាមួយអង្គការមរតកវប្បធម៌ និងអាជ្ញាធរក្នុងតំបន់មួយចំនួននៃរមណីយដ្ឋានអង្គរ បានបើកវគ្គបណ្តុះបណ្តាលស្តីពី៖ កម្មវិធីអប់រំបេតិកភណ្ឌ។ កម្មវិធីនេះមានសារៈសំខាន់ខ្លាំងណាស់ សម្រាប់អ្នកដែលរស់នៅក្នុងតំបន់បេតិកភណ្ឌ ជាពិសេសសម្រាប់យុវជនជំនាន់ក្រោយ បានយល់ដឹង អំពីតម្លៃបេតិកភណ្ឌ និងផ្តល់ឱកាសដល់យុវជន បានយល់ដឹងនូវតម្លៃមរតកវប្បធម៌ បេតិកភណ្ឌ បណ្តុះគំនិតជាមួយនឹងបេតិកភណ្ឌ ឱ្យពួកគាត់ចេះស្រឡាញ់ និងចូលរួមថែរក្សាការពារ ជាពិសេសយល់ដឹងអំពីតួនាទីភារកិច្ច នៃការការពារ អភិរក្ស និងការងារគ្រប់គ្រងរបស់អាជ្ញាធរជាតិអប្សរា និងអាចធ្វើជាគម្រូដល់សហគមន៍របស់ខ្លួនថែមទៀតផង៕KD

អត្ថបទ៖ការិយាល័យផ្សព្វផ្សាយ

រូបភាព៖លោក សឿន ប៊ុនស៊រ

ព័ត៌មានពេញនិយម