Friday, October 11, 2024

មន្រ្តី-បុគ្គលិកសណ្ដាប់ធ្នាប់ និងទេសចរណ៍៨០រូបចូលរួមវគ្គសិក្ខាសាលាស្តីពី ការពង្រឹងសមត្ថភាពផ្នែកបដិសណ្ឋារកិច្ច

ខេត្តសៀមរាប៖ នាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍ និងវប្បធម៌ បានរៀបចំសិក្ខាសាលាស្ដីពី ការពង្រឹងសមត្ថភាពបដិសណ្ឋារកិច្ចភ្ញៀវទេសចររបស់ ភ្នាក់ងារទេសចរ ក្រោយសម័យកូវីដ-១៩។ វគ្គសិក្សានេះអ្នកចូលរួមសរុប៨០រូប ដែលជាមន្រ្តី-បុគ្គលិក ជាភ្នាក់ងារសណ្ដាប់ធ្នាប់ និងភ្នាក់ងារទេសចរ ដែលប្រចាំការនៅតាមប្រាសាទនានាក្នុងរមណីយដ្ឋានអង្គរ។ លោក សេង សុធារ៉ា ប្រធាននាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍ និងវប្បធម៌ បានលើកឡើងថា សិក្ខាសាលានេះមានសារសំខាន់ណាស់ ដើម្បីឱ្យមន្រ្តី-បុគ្គលិកនៅតាមគោលដៅទាំងអស់ ពង្រឹងចំណេះដឹងទាក់ទងនឹងផ្នែកបដិសណ្ឋារកិច្ចភ្ញៀវទេសចរ។ ជាធម្មតា ភ្នាក់ងារទេសចរ និងសណ្ដាប់ធ្នាប់ ជាអ្នកដែលប្រាស្រ័យផ្ទាល់ជាមួយភ្ញៀវទេសចរ ដូច្នេះការមានចំណេះដឹងគ្រប់គ្រាន់ លើផ្នែកបដិសណ្ឋារកិច្ច ការទទួលស្វាគមន៍ រាក់ទាក់ និងណែនាំភ្ញៀវ កំឡុងពេលពួកគេចូលទស្សនា នៅតាមប្រាសាទ។

ដ្បិតថា សិក្ខាសាលាមានរយៈពេលខ្លីក៏ពិតមែន ប៉ុន្តែលោក សេង សុធារ៉ា មានសុទិដ្ឋិនិយមថា សិក្ខាកាមទាំងអស់ នឹងតោងចាប់បាននូវចំណេះដឹងថ្មីៗដែលបង្រៀនដោយវាគ្មិន ក៏ដូចជាចែករំលែកចំណេះដឹងកន្លងមក និងសួរនាំនូវចំណុចនានាដែលមានចម្ងល់ ដើម្បីឱ្យទទួលបាន ចំណេះដឹងគ្រប់ជ្រុងជ្រោយ។
គួរបញ្ជាក់ថា សិក្ខាសាលានេះមានរយៈពេល២ថ្ងៃ គឺថ្ងៃទី៥-៦ ខែកញ្ញា ដែលធ្វើឡើងនៅនាយកដ្ឋានសណ្ដាប់ធ្នាប់៕KD
អត្ថបទ៖ នាង សំណាង
រូបភាព៖ ហាប់ គឹមអាន

ព័ត៌មានពេញនិយម